គណៈកម្មាធិការបក្សទីក្រុងនីងប៉នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម ជាមួយអភិបាលរងខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ -នារសៀលថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ គណ:ប្រតិភូទីក្រុងនីងប៉ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក យ៉ាង ស្យូប៉ៅ (Yang Xubiao) ប្រធានគណៈកម្មាធិការបក្ស នយោបាយទីក្រុងនីងប៉ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ។

លោក ម៉ាង ស៊ីណេត បានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានវិស័យសេដ្ឋ កិច្ចដ៏សំខាន់ៗ រួមមាន៖ វិស័យកសិកម្ម មានដំណាំដូងប្រេង កៅស៊ូ ក្នុងការនាំចេញ ។ វិស័យឧស្សាហកម្ម មានរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ ។  វិស័យពាណិជ្ជកម្ម មានកំពង់ផែសមុទ្រទឹកជ្រៅ ជាគោលដៅក្នុងការធ្វើការអភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់រាជ    រដ្ឋាភិបាល ក្នុងការភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ជាលក្ខណៈជាតិ អន្តរជាតិ ដែលទំនិញកុងតឺន័រចេញ-ចូល ប្រមាណ ៧៣ភាគរយ នៃបរិមាណទំនិញនាំចេញ-ចូលទូទាំងប្រទេស ។ វិស័យទេសចរណ៍នាឆ្នាំ២០១៨កន្លងមក ខេត្តទទួលបានភ្ញៀវទេសចរសរុប ២.០៤៧.៧៧៤នាក់ កើន ២,៦៣ភាគរយ ។ ខេត្តព្រះសីហនុ មានកិច្ចសហប្រតិបត្តិការជាមួយទីក្រុងនីងប៉នៅឆ្នាំ២០១៧ ក៏ប៉ុន្តែយើងនៅរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាល ក្នុងការចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាទីក្រុងបងប្អូន ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការចុះហត្ថលេខាចងសម្ពន័ភាពទីក្រុងបងប្អូន អាចនឹងត្រូវបានចុះហត្ថលេខានៅចុងឆ្នាំ២០១៩នេះ  ម្យ៉ាងទៀតទីក្រុងនីងប៉ បានជួយបណ្តុះបណ្តាលមន្ត្រីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។ កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ហើយកម្ពុជាគាំទ្រគោលនយោបាយ ផ្លូវមួយ ខ្សែក្រវាត់មួយ រួមទាំងប្រព័ន្ធ ៥G របស់ក្រុមហ៊ុនចិន  និងបានសំណូមពរឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីសក្តានុពលរវិនិយោគ និងទេសចរណ៍របស់ខេត្តព្រះសីហនុ ។

លោក យ៉ាង ស្យូប៉ៅ (Yang Xubiao) ប្រធានគណៈកម្មាធិការបក្ស នយោបាយទីក្រុងនីងប៉ នៃសាធារណរដ្ឋប្រជាមានិតចិន សម្ដែងនូវការសោយស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ក្នុងឧប្បត្តិហេតុដួលរលំបាក់អគារកម្ពស់ ៧ជាន់នៅខេត្តព្រះសីហនុ ដែលបណ្តាលឱ្យមានមនុស្សស្លាប់រហូតដល់ ២៨នាក់ និងរងរបួស ២៦នាក់ ។

លោក យ៉ាង ស្យូប៉ៅ បានកោតសរសើរខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនលឿន ដែលមានអ្នកវិនិយោគចិន និងភ្ញៀវទេសចរចិន មកបណ្ដាក់ទុនវិនិយោគ និងធ្វើទេសចរណ៍នៅខេត្តព្រះសីហនុ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងក្រុងនីងប៉ និងខេត្តព្រះសីហនុ នាំមកនូវឧស្សាហកម្ម នៅខេត្តព្រះសីហនុរីកចម្រើន ។  លោក ក៏បានសន្យាថានឹងជួយផ្សព្វផ្សាយពីសក្តានុពល និងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ និងជួយជំរុញអ្នកវិនិយោគ និងភ្ញៀវទេសចរមកចិនកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន៕

ដោយ ងូ សុមុនី