ឯកឧត្តម​ ប៉ាល់ ចន្ទតារា​ អនុញ្ញាត​ឱ្យ​ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ចូលជួប​សម្តែង​ការគួរសម

AKP ភ្នំពេញ ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹង​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបាន​អនុញ្ញាត​ឱ្យ​ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសនូវែលសេឡង់ ចូលជួប​សម្តែង​ការ​គួរសម​ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្រសួងផងដែរ។

ប្រភពដដែល​បាន​គូសបញ្ជាក់ថា​ ជំនួបសម្ដែងការគួរសមនេះធ្វើឡើងក្នុង​គោល​បំណង​ដើម្បីទទួលបាននូវអនុសាសន៍ ចំណេះដឹង និងបទពិសោធន៍ល្អៗទាក់ទងនឹងវិស័យផ្សេងៗ ជាពិសេសវិស័យសាធារណការ និងដឹកជញ្ជូន ដែលជាទុនក៏ដូចជាទស្សនទានដ៏មានតម្លៃសម្រាប់ការសិក្សានៅប្រទេសនូវែលសេឡង់។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលសម្រេចបានសំខាន់ៗក្រោមនយោបាយឈ្នះឈ្នះ និងការដឹកនាំរបស់សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​នាំ​ឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាពពេញលេញ និង​មាន​ការអភិវឌ្ឍលើគ្រប់​វិស័យ។

ទន្ទឹមនឹងនេះ​ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ពាំនាំការសាកសួរសុខទុក្ខ និងការកោតសរសើរ ពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ ដែលបានប្រឡងជាប់អាហារូបករណ៍នេះ និងបានស្នើឱ្យពួកគេរក្សាអាកប្បកិរិយាវិជ្ជមាននៅពេលទៅសិក្សានៅប្រទេសគេ ហើយបានរំឭកឱ្យពួកគេឱ្យធ្វើខ្លួនជាឯកអគ្គរាជទូតសុច្ឆន្ទៈសម្រាប់​ប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា​ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទាំងនេះមានចំនួន១០រូប ជា  មន្ត្រីរាជការស្ថាប័នរដ្ឋ និងបុគ្គលិក នៃអង្គការក្រៅរដ្ឋាភិបាល បានប្រឡងជាប់ថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់សិក្សារយៈពេលពីរឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២០ និងឆ្នាំ២០២១ ដែលនឹងត្រូវចេញដំណើរទៅសិក្សានៅប្រទេសនូវែលសេឡង់នៅក្នុងពេល ឆាប់ៗខាងមុខនេះ៕

ដោយ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​