មន្ត្រីរាជកា៣៣រូបត្រូវបានប្រកាសចូលកាន់មុខតំណែងក្នុងរចនាសម្ព័ន្ធសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត

AKP កំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ -នាព្រឹកថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំមានការរៀបចំពិធីប្រកាសចូលកាន់មុខតំណែងនិងផ្លាស់ប្ដូរភារកិច្ចថ្មីក្នុងរចនាសម្ព័ន្ធសាលាខេត្តចំនួន២៣រូប មន្ទីរអប់រំយុវជននិងកីឡាខេត្ត៣រូប មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត៦រូប និងមន្ទីរមុខងារសាធារណៈខេត្តចំនួន១រូប ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជឹញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រមាណ ៣០០នាក់។

ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើដល់មន្ត្រីដែលទើបទទួលការតែងតាំងថ្មីទាំងអស់ ត្រូវខិតខំបន្តធ្វើការងាររបស់ខ្លួនឱ្យបានល្អ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា សាមគ្គីភាព ឯកភាព មិនមែនកើតឡើងតែពីប្រធានមន្ទីរអង្គភាពម្នាក់ឯងនោះទេ ហើយរាល់ការបែកបាក់នៅក្នុងមន្ទីរអង្គភាពមួយ ក៏មិនមែនបណ្ដាលមកតែពីប្រធានមន្ទីរអង្គភាពតែម្នាក់ឯងនោះដែរ គឺត្រូវមានអង្គពីរ មន្រ្តី និងថ្នាក់ដឹកនាំ។ បើអង្គទាំងពីរនេះ ចេះធ្វើការ​ជាមួយគ្នា ចេះសហការគ្នា ចូលរួមទទួលខុសត្រូវទាំងអស់គ្នា នោះអង្គភាពនឹងមានការរីក​ចម្រើន។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្ថែមថា រាល់ការតែងតាំងប្រសិនបើគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបានត្រឹមត្រូវនោះ វានឹងមិនមានបញ្ហាអ្វីនោះទេ ហើយរាល់តំណែងទាំងអស់នេះ ក៏មិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់នោះដែរ។ ដូច្នេះនៅពេលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំប្រគល់ភារកិច្ចឱ្យត្រូវខិតខំបំពេញការងាររបស់ខ្លួនឱ្យបានល្អ អនុវត្តន៍ការងារតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមគោលនយោបាយរបស់​រាជ រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនេះដែរ ឯកឧត្តម ឈុន ឈន់ បានធ្វើការផ្ដាំផ្ញើដល់មន្ត្រីដែលទើបទទួលការតែងតាំងថ្មីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានល្អ ហើយត្រូវខិតខំសិក្សាឈ្វេងយល់ពីតួនាទី និងភារកិច្ចរបស់ខ្លួន និងត្រូវឈ្វេងយល់ពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាឱ្យបានច្បាស់លាស់ ព្រោះការដឹកនាំការគ្រប់គ្រងរដ្ឋបាលសាធារណៈមិនមែនធ្វើតាមការនឹកឃើញនោះទេ ៕

ដោយ ស៊ុម វណ្ណា