អន្តរក្រសួងពិនិត្យលើគម្រោងបង្កើតអគារស្នាក់នៅរួម (SKY TREE) រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងនារសៀលថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងបង្កើតអគារស្នាក់នៅរួម (SKY TREE)។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា គម្រោងបង្កើតអគារស្នាក់នៅរួម (SKY TREE)នៅលើទំហំផ្ទៃដី ៨.០០០ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុន J & L Property Development Co., Ltd និងមានការសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា Prey Kdouch Development Co., Ltd.។

បន្ទាប់ពីកិច្ចពិភាក្សា និងការចូលរួមត្រួតពិនិត្យ និងផ្តល់យោបល់រួចមក កិច្ចប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម៖ ១. គាំទ្រលើគម្រោងវិនិយោគនេះ ពីព្រោះគម្រោងចូលរួមចំណែកអភិវឌ្ឍន៍ទីក្រុង និងសេដ្ឋកិច្ច ប្រទេសជាតិ។ ២. ក្រុមហ៊ុនត្រូវពិនិត្យបច្ចេក ទេសអាងប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់គម្រោងនេះឡើងវិញ ដោយក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់រួមមួយមុននឹងបង្ហូរចូលទៅប្រព័ន្ធលូសាធារណៈ និងត្រូវធានាថា អាងប្រព្រឹត្តិកម្មនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្តុក និងសម្អាតសំណល់ទឹកកខ្វក់ចេញពីគម្រោងទាំងអស់ ។ ៣.ការគ្រប់គ្រងសំណល់រឹង ក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនប្រមូលសំរាមដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ព្រមទាំងទុកដាក់សំរាម និងសំណល់សំណង់គ្រប់ប្រភេទនៅក្នុងទីតាំងគម្រោង ចៀសវាងទុកដាក់តាមចិញ្ចើមផ្លូវ ឬទីសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ និងសោភណភាពទីក្រុង។ ៤. ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធលូឱ្យដាច់ដោយឡែកពីគ្នារវាងលូទឹកស្អុយ និងទឹកភ្លៀង ដោយកំណត់ពីទំហំមុខកាត់លូទៅតាមតម្រូវការ នៅពេលអនាគតចៀសវាងការគាស់ដាក់ថ្មីឡើងវិញ។ ៥. ក្រុមហ៊ុនត្រូវពិនិត្យ និងកែសម្រួលរបាយការណ៍ IESIA នេះទៅតាមមតិយោបល់របស់មន្ត្រីជំនាញជាសមាជិកអង្គប្រជុំទាំងអស់។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា ៕

ដោយ ពេជ្រ ណារិទ្ធ