ក្រសួងបរិស្ថាន​បើក​សិក្ខាសាលា​ ការដាក់ឱ្យអនុវត្តន៍ និងពិគ្រោះ​យោបល់​គម្រោងការវាយតម្លៃ​ប្រព័ន្ធ​អេកូឡូស៊ី​ថ្នាក់​ជាតិ​

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (ក.ជ.អ.ច.) បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា ​ដាក់ឱ្យ​ដំណើរការ​អនុវត្តន៍​ និង​ពិគ្រោះ​យោបល់​គម្រោង ការវាយតម្លៃ​ប្រព័ន្ធ​អេកូឡូស៊ី​ថ្នាក់​ជាតិ ​សម្រាប់​វេទិកា​វិទ្យាសាស្រ្ត​-នយោបាយ​ជីវៈចម្រុះ​ និង​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី (IPBES) កាលពី​រសៀល​ថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៩។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា វេទិកានេះប្រព្រឹត្តទៅដោមានការចូលរួមពី ឯកឧត្ដម សុខ វណ្ណនី សាកលវិទ្យាធិកា​រង នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ តំណាង​ក្រសួង ស្ថាប័ន សាកលវិទ្យាល័យ វិទ្យាស្ថាន និស្សិត ​និង​អង្គការ​ពាក់ព័ន្ធ​ជាច្រើននាក់។

ឯកឧត្ដម ទិន ពន្លក បានមានប្រសាសន៍ថា ប្រព័ន្ធ​អេកូឡូស៊ី​បាន​ និង​កំពុង​ផ្តល់​ឱ្យ​រួមមាន ​៖ ១. សេវា​ផ្គត់ផ្គង់ (អាហារ ថ្នាំពេទ្យ ឈើ ប្រេង ត្រី វត្ថុធាតុដើម) ។ ២. សេវា​គាំទ្រ (ការ​ធ្វើ​វដ្ត​ជីវជាតិ ការ​បង្គុំ​ដី​ ការ​ផ្តល់​ទី​ជម្រក​ប្រភេទ​សត្វ រុក្ខជាតិ) ។ ៣. សេវា​វប្បធម៌ (ទេសចរណ៍​ជា​ប្រពៃ​ណី ធម្មជាតិ ការ​អប់រំ កម្សាន្ត) ​។ ៤. សេវា​និយ័តកម្ម (ការ​គ្រប់គ្រង​អាកាសធាតុ ការ​ញែក​កាបូន និង​ការ​ស្តុក​ ការ​ផ្តល់​ជី​ជាតិ​ដល់​ដី ចម្រោះ​ទឹក និង​និយ័តកម្ម​លំហូរ​ទឹក​ ជា​ដើម)។

ឯកឧត្ដម បានបន្ត​ទៀត​ថា ដោយ​សារ​កត្តា​កំណើន​ប្រជាពលរដ្ឋ​នៅ​លើ​ភព​ផែនដី​ និង​កត្តា​ធម្មជាតិ​ផង​នោះ ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ​​​កំពុង​រង​នូវ​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​ទាំង​ក្នុង​ប្រទេស កម្រិត​តំបន់ ​និង​ពិភពលោក។ បរិស្ថាន​ដី​គោក​ចំនួន​ ៣ ភាគ ៤ និង​បរិស្ថាន​

សមុទ្រ​ប្រមាណ​ជា​ ៦០ភាគរយ ត្រូវ​បាន​កែប្រែ​យ៉ាង​ខ្លាំង​ដោយ​សារ​សកម្មភាព​មនុស្ស។ និន្នាការ​ទាំង​នេះ​មិន​សូវ​មាន​ភាព​ធ្ងន់ធ្ងរ ​ឬ​ត្រូវ​បាន​បញ្ចៀស​នៅ​តំបន់​ដែល​ទទួល​ខុសត្រូវ ​ឬ​គ្រប់គ្រងដោយ​ជនជាតិ​ដើម​ភាគតិច និង​សហគមន៍​មូលដ្ឋាន។

ប្រភពដដែលបន្តថា ក្នុងវេទិការនេះ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការ​រង​នៃ​ ក.ជ.អ.ច. បានធ្វើបទបង្ហាញលើ​ប្រធានបទ​សំខាន់​ៗ​រួមមាន ៖ ១. គម្រោង​វាយតម្លៃ​ប្រព័ន្ធ​អេកូឡូស៊ី​សកល ។ ២. គម្រោង​វាយតម្លៃ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ប្រទេស​កម្ពុជា ។ ៣. ផែនការ​សកម្មភាព​របស់​គម្រោង IPBES។

សូមបញ្ជាក់ថា គម្រោង​ IPBES នេះ អនុវត្តន៍​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ក្រោម​កិច្ច​សហការ​ជា​មួយ​នាយកដ្ឋាន​ជីវៈចម្រុះ​នៃ​ ក.ជ.អ.ច.មាន​គោលបំណង​សិក្សា​វាយ​តម្លៃ​ពី​សក្តានុពល​ និង​មុខងារ​របស់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​បាន​ និង​កំពុង​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​-សង្គម និង​សុខុមាលភាព​របស់​​មនុស្ស​នៅ​លើ​ផែន​ដី ​ដើម្បី​រៀបចំ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ដោយ​ចីរភាព ​សម្រាប់​វេទិកា​វិទ្យាសាស្រ្ត-នយោបាយ​អន្តររដ្ឋាភិបាល ​ស្តីពី​ជីវៈចម្រុះ និង​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី។ លទ្ធផល​ពី​​ការ​សិក្សា​ឈ្វេង​យល់​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​​វេទិកា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ក្នុង​ចំណោម​តួអង្គ​សំខាន់​ៗ និង​សម្រាប់​ប្រើ​ជា​មូលដ្ឋាន​ដើម្បី​រៀបចំ​យុទ្ធសាស្រ្ត ​គោលនយោបាយ​ និង​ផែនការ​សកម្មភាព ដែល​ជា​ចុងក្រោយ​​ចូលរួម​ចំណែក​ដល់​ការ​គ្រប់គ្រង​ អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី និង​ការ​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព​ ៕

ដោយ ពេជ្រ ណារិទ្ធ