អ្នកស្រុកកោះសូទិននិងស្រុកស្រីសន្ធរ សាទរចំពោះគម្រោងសាងសង់ផ្លូវកៅស៊ូDBSTដែលតភ្ជាប់រវាងស្រុកទំាង២

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម


អ្នកស្រុកកោះសូទិននិងស្រុកស្រីសន្ធរនៃខេត្តកំពង់ចាមបានសាទរចំពោះអាជ្ញាធរខេត្តដែលសាងសង់ផ្លូវកៅស៊ូDBSTដែលតភ្ជាប់រវាងស្រុកទំាង២ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលប្រកបដោយភាពរហ័សទាន់ចិត្ត។


អាជ្ញាធរខេត្តកំពង់ចាមបានប្រែក្លាយពីផ្លូវដីទៅជាផ្លូវកៅស៊ូDBST ចាប់ពីឃុំមហាខ្ញូង ទៅឃុំព្រែកតានង់ ស្រុកកោះសូទិន ភ្ជាប់ឆ្ពោះទៅស្រុកស្រីសន្ធរ ដើម្បីសម្រួលរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរងាយស្រួល និងបង្កើនជីវភាពក្រុមគ្រួសារ។ គម្រោងសាងសង់ នេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយបានដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា ខណៈដែលផ្លូវនេះបច្ចុប្បន្នពិបាកធ្វើដំណើរ រអិលនៅពេលភ្លៀង ងាយ ប្រឈមបញ្ហាគ្រោះថ្នាក់ចរាចរណ៍។


ក្នុងឱកាស ចុះពិនិត្យមើលស្ថានភាពផ្លូវកៅស៊ូដែលក្រុមការងារកំពុងស្ថាបនា នៅថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម សង្ឃឹមថា បន្ទាប់ពីសមិទ្ធផលផ្លូវកៅស៊ូនេះ ចេញជារូបរាងនឹងធ្វើឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋ បានល្អប្រសើរទ្បើងថែមមួយកម្រិតទៀត តាមរយៈការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក ប្រកបដោយសុខសុវត្ថិភាព ហើយដឹកកសិផលទៅកាន់ទីផ្សារបានលឿនរហ័ស ថែមទៀតផង។
ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់លើជីវភាពបងប្អូនប្រជាពលរដ្ឋជាខ្លាំង តាមរយៈការអភិវឌ្ឍប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ភ្លើង ទឹកជាដើម ហើយគម្រោងរបស់ថ្នាក់ខេត្តគឺនឹងប្រឹងប្រែងកសាងផ្លូវឲ្យកាន់តែល្អប្រសើរ តាមលទ្ធភាពថវិកាដែលមានក្នុងមួយឆ្នាំៗ៕