អង្គការសហប្រជាជាតិអំពាវនាវឱ្យមានការចរចា បញ្ចប់ភាពតានតឹងនៅក្នុងឈូងសមុទ្រពែក្ស

វិទ្យុជាតិកម្ពុជា៖ដោយ លោក ភួង ឈុនលាង៖


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការចរចានិងវិធានការដើម្បីបញ្ចប់ភាពតានតឹងនៅក្នុងឈូងសមុទ្រពែក្ស ប៉ុន្តែ ប្រទេសអ៊ីរ៉ង់បានបដិសេធជុំវិញការចរចាជាមួយសហរដ្ឋអាម៉េរិកបន្ទាប់ពីប្រធានាធិបតីអាមេរិកបានដាក់ទណ្ឌកម្មសាជាថ្មី។ លោក Mansour Al-Otaibi ប្រធានក្រុមប្រឹក្សាសន្តិសុខនៅមជ្ឈឹមបូព៌ាបានមានប្រសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានព្រមព្រៀងលើសេចក្តីថ្លែងការណ៍មួយ ដោយសមា ជិកក្រុមប្រឹក្សាជំរុញឱ្យ ភាគីពាក់ព័ន្ធនិងបណ្តាប្រទេសក្នុងតំបន់ ត្រូវមានការអត់ធ្មត់ជាអតិបរមា ព្រមទាំងចាត់វិធានការនិងធ្វើសកម្មភាពដើម្បីកាត់បន្ថយ និងបញ្ចប់ភាពតានតឹង។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការវាយប្រហារទៅលើនាវាដឹកប្រេង ដែលបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការធ្វើនាវាចរណ៍តាមសមុទ្រ និងការផ្គត់ផ្គង់ថាមពលដែលរំលោភលើច្បាប់អន្តរជាតិ លើសេរីភាពនាវាចរណ៍ និងការដឹកជញ្ជូនតាមសមុទ្រ ក៏ដូចជាការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។
ជំហររួមរបស់ក្រុមប្រទេសមហាអំណាចពិភពលោក បានកើតឡើងតែប៉ុន្មានម៉ោងក្រោយពីលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ដោយផ្ដោតលើមេដឹកនាំកំពូល លោកAyatollah Ali Khamenei និងមេបញ្ជាការអ៊ីរ៉ង់៨នាក់ផ្សេងទៀត។
ប្រភព៖(ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ)