ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះហត្ថលេខាជាមួយក្រុមហ៊ុនកូរ៉េ លើកិច្ចសន្យា​សាងសង់ និងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩  — គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ២ និងលេខ២២ ដែលជាគម្រោងក្រោម​ឥណទានពីធនាគារនីហរ័ណ-អាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិ​សហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) ដែលមានទឹកប្រាក់សរុប ៥៦.១លានដុល្លារ អាម៉េរិក ត្រូវបានចុះហត្ថលេខាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Hanshin Engineering and Constraction Co.,Ltd តំណាងដោយលោក រ៉ូ តេយ៉ុប (Roh Tae Youp) លើកិច្ចសន្យាសាងសង់ធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ លើទំហំទឹកប្រាក់​សរុប ៤៥.៧៥លានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង​សាធារណការ និងដឹកជញ្ជូន។

គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២នេះ ត្រូវឆ្លងកាត់រាជធានី ខេត្ត​ចំនួន​បី រួមមាន ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ មានប្រវែងសរុប ៧២.១៧ គីឡូម៉ែត្រ ដែលផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលអូរចំបក់ ក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង់ តាសោម ។ គម្រោងខាងលើនេះនឹងធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC (Asphalt Concrete) សាងសង់ស្ពានថ្មីចំនួន ១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់​ទទឹងថ្នល់ ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧កន្លែង ដោយប្រើរយៈពេល ៣០ខែ ។ សម្រាប់គម្រោងនេះដែរ បែងចែកជាបីកំណាត់ផ្លូវធំៗ រួមមាន៖ កំណាត់ទី១ ចាប់ផ្តើមចេញ​ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្រ្តីបីកួរស្រូវ ដែលមានប្រវែង៨.៧៥គីឡូម៉ែត្រ ដោយពង្រីក​២គន្លង ទៅ ៤គន្លង ដែលនៅតំបន់ទីប្រជុំជន ប្រវែង ៤.៣៣២គីឡូម៉ែត្រ មានទទឹងផ្លូវ ១៥ម៉ែត្រ ដោយមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋច្រើន និងតំបន់ក្រៅទីប្រជុំជន​មាន​ទទឹងផ្លូវ ២០.៥ម៉ែត្រ ដែលកំណាត់ផ្លូវនេះ ក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់​១២សង់ ទីម៉ែត្រ។ កំណាត់ទី២ ចាប់ចេញពីរង្វង់មូលស្តី្របីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមាន ប្រវែង ៥៣.៨១៩គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ ហើយកំណាត់ផ្លូវនេះមាន ២គន្លង និងទទឹង ១៣ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) ដែលមានកម្រាស់១០សង់ទីម៉ែត្រ។ ចំណែកកំណាត់ទី៣ ចាប់ពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង់តាសោម (ផ្លូវជាតិលេខ២២) ដែលមានប្រវែង ៩,៦១១​គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ ហើយកំណាត់ផ្លូវនេះ មានទទឹងផ្លូវសរុប ១៣ម៉ែត្រ ក្រាល​បេតុងកៅស៊ូ (AC) មានកម្រាស់១០សង់ទីម៉ែត្រ៕

ដោយ ហ៊ុន យុទ្ធគុណ