ព្រឹទ្ធសភាអនុម័តជាឯកច្ឆ័ន្ទ ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ — ទីបំផុតសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង់ប្រេងកាត និងការគ្រប់គ្រងប្រេងកាត ដែលមាន​ចំនួន៩ជំពូក និង៧២មាត្រា ត្រូវបានព្រឹទ្ធសភាអនុម័តជាឯកច្ឆ័ន្ទដោយសំឡេង ៥៣ នៃចំនួន​សមាជិករដ្ឋសភាទាំងមូល។

ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់ក្រុមអ្នកសារ​ព័ត៌មាន​ក្រោយពីសម័យប្រជុំលើកទី៣ នីតិកាលទី៤ ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងជំរុញដល់ដំណើរការគ្រប់គ្រង ធ្វើ អាជីវកម្មប្រេងកាតជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលដ៏ខ្លី ខាងមុខនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ច្បាប់នេះក៏ធ្វើឱ្យមានការគ្រប់គ្រងវិស័យប្រេង កាត​ត្រូវផ្អែកលើគោលការណ៍តម្លាភាព គណនេយ្យភាព សមធម៌ក្នុងវឌ្ឍនភាពសង្គម និង សុខុមាលភាពសាធារណៈ សន្តិសុខ និងសុវត្តិភាព និងការទទួលខុសត្រូវលើបរិស្ថាន។ ឯកឧត្ដមបន្តថា ដើម្បីអនុវត្តន៍គោលការណ៍នេះ ឱ្យមានប្រសិទ្ធភាព ការគ្រប់គ្រងវិស័យ​ប្រេង កាត ត្រូវធានាឱ្យបាននូវផលប្រយោជន៍ជាតិជាអតិបរមា ឧត្តមនវានុវត្តន៍ក្នុងសកម្ម​ភាព​ផ្នែក អាប់ស្រ្ទីម និងដោនស្រ្ទីម, ការផ្គត់ផ្គង់ផលិតផលប្រេងកាត ប្រកបដោយគុណភាព បរិមាណ និងថ្លៃដែលរួមចំណែកពង្រឹងសន្តិសុខថាមពលជាតិ, ការទទួលខុសត្រូវខ្ពស់ផ្នែក​បរិស្ថាន កាត់បន្ថយការបំពុលបរិស្ថាន និងការស្តារបរិស្ថានឡើងវិញ, ស័ក្តិសិទ្ធិភាព នៃការ ត្រួតពិនិត្យលើការអនុវត្តវិធានការគ្រប់គ្រងលើសុវត្តិភាព និងលក្ខខណ្ឌសុខភាពការងារ ការកសាង ជំរុញ និងលើកតម្កើងសមត្ថភាពជាតិទាំងផ្នែកបច្ចេកទេស និងធុរកិច្ចក្នុងវិស័យ ប្រេងកាត, ការបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ និងសេវាកម្មក្នុងស្រុក ការបង្កើន ចំណូលថវិកាជាតិ រួមចំណែកក្នុងការជំរុញពិពិធកម្ម ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ជាតិ និងការបង្កើតផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន និង ការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ប្រតិបត្តិការប្រេងកាត។ ឯកឧត្តមបន្ថែមថា សេចក្តីព្រាងច្បាប់់ប្រេងកាតនេះក៏ជាឧបករណ៍គតិយុត្តិ ក្នុងការគ្រប់គ្រង​ធនធាន និងការអភិវឌ្ឍប្រេងកាតឱ្យមានប្រសិទ្ធភាព តម្លាភាព  និងគណនេត្យភាពទាក់ទាញ ដល់អ្នកវិនិយោគ និងចូលរួមការរីកចម្រើនអភិវឌ្ឍន៍ប្រទេស ទាំងបរិស្ថាន និងផល ប្រយោជន៍​ប្រទេសជាតិដ៏យូរអង្វែងស្របពេលដែលការុករកធនធានប្រេងកាតទាំងដែនគោក ផែនសមុទ្រកំពុងដំណើរទៅមុន។

ជាមួយគ្នានេះដែរ នៅពេលនេះ ដំណើរការរុករកប្រេងកាត នៅប្លុកមួយ បានកំពុង​ដំណើរ ការរុករកធនធានប្រេងកាតលើកទី១ នៅក្នុងប្រវត្តិសាស្ត្រនៅកម្ពុជានាពេល ខាងមុខ នេះ គឺនៅ​ឆ្នាំ២០២០ កម្ពុជានឹងមានផលិតផលប្រេងកាតប្រើប្រាស់ ក្នុងនោះក៏មានរោងចក្រ ប្រេង​កាត​រួចជាស្រេចហើយផងដែរ។

ឯកឧត្ដម ម៉ម ប៊ុននាង ក៏បានបញ្ជាក់ទៀតថា នៅក្នុងដែនសមុទ្រកម្ពុជាមាន​ច្រើន​កន្លែង ហើយមានប្លុកច្រើន រហូតដល់៦កន្លែង  និងមាននៅដែនគោក ដូចជានៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ផងដែរ។ ឯកឧត្ដមបានបន្ថែមទៀតថា “នៅផ្ទៃសមុទ្រក៏យើងមាន នៅដែនគោកក៏យើងមាន ដូច្នេះហើយ យើងនឹងមានធនធានប្រេងកាត ហើយប្រជាជនយើង ទាំងមូលក៏សប្បាយនូវសមិទ្ធផលថ្មីដែលយើងទទួលបាន ដើម្បីកំណើនសេដ្ឋកិច្ចជាតិយើង ដែរ”។ ឯកឧត្ដមក៏បានលើកឡើងផងដែរថា ច្បាប់នេះក៏បានជាការបើកឱកាសដល់អ្នករកស៊ី ឬអ្នកវិនិយោគទុន ក៏ដូចជាការការពារដើម្បីឱ្យដល់អ្នកវិនិយោគទន់ទុកចិត្ត ហើយកាន់តែ​មករកស៊ី នៅកម្ពុជា ដោយមានច្បាប់ការពារ។

ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងដែរថា សេចក្តីព្រាង​ច្បាប់នេះក៏នឹងធានាឱ្យមានការប្រើប្រាស់ចំណូលដល់ជាតិឱ្យមានការរីកច្រើនផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ដើម្បីឱ្យច្បាប់មានប្រសិទ្ធភាព តម្លាភាព ក្រសួងនឹងចេញ អនុក្រឹត្យ រហូតដល់ចំនួន១៨អនុក្រឹត្យ ហើយអនុក្រឹត្យធំមានចំនួន២ គឺអនុក្រឹត្យដោនស្ទ្រីម និងអាប់ស្ទ្រីម។

សូមរម្លឹកថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានចំនួន៩ជំពូក និង៧២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន១០៨សំឡេង នៃចំនួន​សមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភា​លើក​ទី២ នីតិកាលទី៦កន្លងមក៕

ដោយ ប៊ុនរិទ្ធ