រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំក្រុមប្រឹក្សាអាណត្តិទី៣ ដើម្បីដាក់ទិសដៅការងាររយៈពេល៣ខែបន្ត 

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ — ក្រុមប្រឹក្សាអាណត្តិទី២ របស់រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីស្នាដៃជាច្រើនលើ ការងារអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង ការបម្រើសេវាជូនប្រជាពលរដ្ឋនាពេល កន្លងមក និងការងារទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីធ្វើឱ្យភូមិសង្កាត់មានសុវត្ថិភាពជាមួយ នឹងការដាក់ទិសដៅការងាររយៈពេល៣ខែបន្ត ក្នុងអាណត្តិទី៣ផងដែរ។ នេះបើតាម ការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។   

ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ ក្រោមវត្តមាន ឯកឧត្ដម ប៉ា  សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងសមាជិកសមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញក្នុងការដឹកនាំរបស់ ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ បានបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទសរុប ចំនួន២៨ ករណីក្នុងនោះស្នើសុំផាកពិន័យ៣ករណី បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញចំនួន០២ករណី ដុតបំផ្លាញចោលឧបករណ៍នេសាទចំនួន២៣ករណី។  បង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទសរុបចំនួន៣៨ករណី ក្នុងនោះពិន័យអន្តរការណ៍ ២០ករណីនិងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ១៨ករណី។ ស្តារប្រឡាយនៅតាម បណ្តាសង្កាត់នានាក្នុងរាជធានីភ្នំពេញ បានប្រវែងសរុបចំនួន២៨,៨៤៤ម៉ែត្រ។ ឧស្សហ៍កម្មធុនតូច មធ្យម និងសិប្បកម្មមានមូលដ្ឋានផលិតកម្មសរុបចំនួន៤០៣០មូលដ្ឋាន ពលករសរុបចំនួន៧៥,៤២៥នាក់ ក្នុងនោះមានច្បាប់អនុញ្ញាតពីក្រសួង៧២១មូលដ្ឋាន និងមន្ទីរ ៣.២៥៧មូលដ្ឋាន។

ឯកឧត្ដមបន្ដថា  រដ្ឋបាលរាជធានីភ្នំពេញបានតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុង ខណ្ឌចំនួន១២ បានចំនួន ១០៥.២១៧គោលដៅ។ បានចេញលិខិតអនុញ្ញាតប្រកប អាជីវកម្ម និងសេវាកម្មចំនួនសរុប៤.៣៩៣ទីតាំង ក្នុងនោះទីតាំងថ្មីចំនួន ១.១៧៥ទីតាំង និងទីតាំងបន្ត ចំនួន៣.២២៣ទីតាំង។ បង្ក្រាបទល្មើសព្រហ្មទណ្ឌបាន ៣,៧៧៧ករណី ស្មើនឹង៨៣ភាគ រយនៃបទល្មើសរួម ឃាត់ខ្លួនជនល្មើសបាន៥.៤២៨នាក់។ បង្ក្រាបបទល្មើសគ្រឿង ញៀនបាន៥.៧៩៧ករណី ឃាត់ខ្លួន១២.៩៤០នាក់ ស្រី៩៨៥នាក់ ដកហូតគ្រឿងញៀន និង ឧបករណ៍ប្រើប្រាស់ផ្សេងៗ។ បង្កាទប់ស្តាត់ និងបង្ក្រាបក្មេងទំនើងបានចំនួន១.៨៨៥ករណី ឃាត់ខ្លួនចំនួន៣.០២០នាក់ ស្រី៦១៣។ បង្ក្រាបករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បានចំនួន១១៩ករណី។ បង្ក្រាបល្បែង ស៊ីសងខុសច្បាប់ចំនួន៦៣៥ករណី ឃាត់ខ្លួន ២.០៦២នាក់ ស្រី៦១៣នាក់ និងដកហូតសម្ភារពាក់ព័ន្ធមួយចំនួនធំ។ បង្ក្រាបបទល្មើស សេដ្ឋកិច្ចបានចំនួន ៣៦ករណី ឃាត់ខ្លួន១២នាក់ កសាងសំណុំ រឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ និងសហការបង្ក្រាបបទល្មើសជាមួយស្ថាប័ន ពាក់ព័ន្ធបានចំនួន៣២ករណី។

ឯកឧត្តមបន្តទៀតថា ចំពោះទិសដៅការងាររយៈពេល៣ខែត្រីមាសទី២ ឆ្នាំ២០១៩ ដែលត្រូវអនុវត្តន៍បន្ត រដ្ឋបាលរាជធានី និងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃរួមទាំងបន្ត ចុះបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ។ ត្រៀមអនុវត្តន៍គម្រោង ថែទាំផ្លូវជាលក្ខណៈប្រចាំចំនួន៤៩ខ្សែប្រវែ៤,៧៥០ម៉ែត្រនៅក្នុង មូលដ្ឋានខណ្ឌដង្កោ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។

ជាមួយគ្នានេះដែរ ត្រូវពង្រឹងគុណភាព នៃការផ្តល់សេវាសុខាភិបាលនៅតាមបណ្តារ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក និងបន្តចាត់វិធានការរដ្ឋបាលនិងវិធានការច្បាប់ ដើម្បីលុបបំបាត់ទីតាំងបើកសេវាសុខាភិបាលឯកជន ឱសថដ្ឋាន និងឱសថស្ថានរងខុស ច្បាប់។ បន្តការងារចុះបញ្ជីដីធ្លីជា លក្ខណៈប្រព័ន្ធ និងផ្តល់សេវាសាធារណៈតាមការិយាល័យ ច្រកចេញចូលតែមួយលើការងារសាងសង់ និងប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ បន្តចុះណែនាំប្រជាពលរដ្ឋនៅតាមគេហដ្ឋានឱ្យយល់ពីបញ្ហាបរិស្ថាន។ បន្តជំរុញភូមិ សង្កាត់មានសុវត្ថិភាពឱ្យបានល្អព្រមៗគ្នាជំរុញគ្រប់ភូមិសង្កាត់ចូលរួមក្នុងចលនា សន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងសកម្ម។         

ឯកឧត្ដម ប៉ា  សុជាតិវង្ស បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ចំនួន៤ រួមមាន៖ ទី១. ផ្សព្វផ្សាយសេចក្តីណែនាំលេខ០១៥សណន របស់ក្រសួងមហាផ្ទៃស្ដីពី ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ ទី២. ផ្ដួចផ្ដើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី ៣ សម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៩-២០២០ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។ ទី៣. របាយការណ៍លទ្ធផលនៃការអនុវត្តការងាររបស់គណៈអភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ និងការងារសេសសល់ទិសដៅការងាររយៈពេលបីខែដែល បានអនុម័តដោយក្រុមប្រឹក្សាអាណត្តិទី២ នឹងត្រូវអនុវត្តន៍បន្ត និងទី៤.បញ្ហាផ្សេងៗ៕

ដោយ សួស សំរិត