ឯកឧត្ដម ឃួង ស្រេង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព  នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ — កាលពីព្រឹកថ្ងៃអង្គារ៍ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខា កាកបាទក្រហមរាជធានីភ្នំពេញ បានដឹកនាំមន្ត្រី និងអាជ្ញាធរក្រោមឱវាទបានចុះដល់គេហ ដ្ឋាននៃសពឈ្មោះ វិជ្ជា បញ្ញា ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗកន្លងទៅនេះ  និងបានចុះសួរសុខទុក្ខអ្នករងរបួសកំពុង សម្រាកនៅមន្ទីរពេទ្យ។

ក្នុងឱកាសនោះឯកឧត្ដម ឃួង  ស្រេង ក៏បានចូលរួមរំលែកទុក្ខ និងសម្តែងក្តីរន្ធត់ ជាមួយនឹងភាពសោកស្តាយ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារ នៃសព ព្រមទាំងបានប្រគល់អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហមកម្ពុជា ថវិកាចំនួន៥លានរៀល។ ដោយឡែក អំណោយសាខាកាកបាទ ក្រហមរាជ ធានីមានថវិកាចំនួន២លានរៀល អង្ករចំនួន ២០០គីឡូក្រាម មី៥កេស ទឹកក្រូច៥ កេស ត្រីខ៥យួរ  និងទឹកសុទ្ធ ១០កេស។

បន្ទាប់ពីចុះសាកសួររំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសពរួច ឯកឧត្ដម ឃួង ស្រេង ក៏បានបន្ដនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសាកសួរ សុខទុក្ខជនរងគ្រោះឈ្មោះ ក្រៀល អឿន ភេទស្រីអាយុ២៨ឆ្នាំ មានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះសង្ឃ និងបានផ្តល់អំណោយ សាខាកាកបាទក្រហមរាជធានីជូនផងដែរ ដោយក្នុងនោះបានប្រគល់ជូននូវ ថវិកា២លាន រៀល មី២កេស ទឹកក្រូច២កេស ត្រីខ២យួរ  និងទឹកសុទ្ធ ២កេស។

ឯកឧត្ដម ឃួង ស្រេង  អភិបារាជធានីភ្នំពេញក៏បានសំណេះសំណាល និងសួរសុខ ទុក្ខ ជាមួយប្រជាពលរដ្ឋជាអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅបន្ទប់ជាមួយគ្នា និងនៅក្បែរៗ នោះចំនួន៤៥នាក់ទៀត ដោយក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕

ដោយ សួស សំរិត