ក្រសួងបរិស្ថានផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រងទឹកកខ្វក់ទីប្រជុំជន នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ — ក្រសួងបរិស្ថាន បានរៀបចំការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង ទឹកកខ្វក់ទី​ប្រជុំជន នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយមានការ ចូល​​រួមពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន និងអាជីវករ ដើម្បីចូលរួមចែករំលែក​ចំណេះ​ដឹង និងបទពិសោធន៍ល្អៗ ក្នុងការផ្តល់ជាធាតុចូល សំដៅលើកកម្ពស់ប្រសិទ្ធភាព​នៃការ​គ្រប់​គ្រងទឹកកខ្វក់ទីប្រជុំជននៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានកាន់តែប្រសើរឡើង។ សិក្ខា សាលានេះ ធ្វើឡើងនៅថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ នេះបើយោងតាមការចេញផ្សាយ​របស់ក្រសួងបរិស្ថាន។ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ដើម្បីរួម​ចំណែកធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងបំណងប្រាថ្នារបស់ប្រជាជន​កម្ពុជា ក្រសួងបរិស្ថានបាននិងកំពុងខិតខំបំពេញភារកិច្ចទាំងឡាយក្នុងដែន​សមត្ថកិច្ចរបស់​ខ្លួន ក្នុងការចូលរួមអនុវត្តន៍គោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានារបស់​រាជរដ្ឋាភិ​បាល ជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ តាមរយៈកំណែទម្រង់ស៊ីជម្រៅ សំដៅ ពង្រឹងការអនុវត្ត និងលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងបរិស្ថាន និងការប្រើប្រាស់ធន ធានធម្មជាតិឱ្យបានសមស្របដោយនិរន្តរភាព។ ឯកឧត្ដមបានបញ្ជាក់ថា នេះគឺជាឧត្តម​ប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ ដែលបានកំណត់អាទិភាព គោលនយោបាយរបស់​ខ្លួន ឈរលើសរសរស្ដម្ភ៤គឺ ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារ​បរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព។

ឯកឧត្តមបានបន្តថា រាជ​រដ្ឋា​ភិ​បាលបានរៀបចំលិខិតបទដ្ឋានគតិយុត្តិ ដែលគាំទ្រដល់កិច្ចគាំពារ បរិស្ថានដែលមាន​ដូចជាអនុក្រឹត្យលេខ២៧អនក្រ.បក ស្តីពីការគ្រប់គ្រងការបំពុលទឹក អនុក្រឹត្យលេខ ១១៣អន​ក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងថ្មីៗនេះគឺអនុក្រឹត្យលេខ ២៣៥​អនក្រ.បក ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលជាមានគោល​បំណង​ធ្វើវិមជ្ឈការការគ្រប់គ្រងទឹកកខ្វក់ ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីឱ្យ​មានប្រសិទ្ធភាពខ្ពស់ចៀសវាងការបំពុលបរិស្ថាន ស្របតាមគោលនយោបាយវិមជ្ឈការរបស់ រាជរដ្ឋាភិបាល និងផែនទីចង្អុលផ្លូវរបស់ក្រសួងបរិស្ថាន។ បន្ថែមពីនេះទៀត រាជរដ្ឋាភិបាល​ក៏បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីដឹកនាំ និងសម្របសម្រួល​គម្រោងវិនិយោគ ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹក​កខ្វក់។ ឯកឧត្តមរដ្ឋលេខាធិការបានចាត់ទុកថា សិក្ខាសាលា រួមចំណែកដោះស្រាយ​បញ្ហា​ការបញ្ចេញទឹកកខ្វក់ចូលតំបន់ទឹកធម្មជាតិ តាមរយៈបង្កើតឱកាសជួបគ្នា និងឈ្វេងយល់ពីគ្នា​រវាងស្ថាប័នអនុវត្តន៍ច្បាប់ វិស័យឯកជន ដើម្បីជំរុញ និងផ្តល់ជម្រើសបច្ចេកវិទ្យា ប្រព្រឹត្តិ កម្មទឹក​កខ្វក់ សមស្របសម្រាប់បំពាក់ នៅតាមទីតាំងអគារអាជីវកម្ម សេវាកម្ម និងផលិត​កម្មរបស់​ខ្លួន។ ជាមួយគ្នានេះដែរ សិក្ខាសាលាក៏នឹងបង្កើតឱកាសឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន យល់ដឹងពីមុខងារ ការទទួលខុសរបស់ខ្លួន ក្នុងការគ្រប់គ្រង និងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីធ្វើឱ្យកិច្ចការនេះកាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផល។

គួរបញ្ជាក់ថា  រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ច សំខាន់ទាំង៣របស់ប្រទេសកម្ពុជា ដែលមានសក្តានុពលខាងវិស័យសេដ្ឋកិច្ច វប្បធម៌​ ទេស​ចរណ៍ខ្ពស់ផងដែរ។ ទន្ទឹមនេះ កិច្ចគាំពារបរិស្ថានដែលជាកត្តាគន្លឹះជំរុញការអភិវឌ្ឍន៍​ប្រកប ដោយចីរភាព ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងមានការចូលរួមទទួលខុស​ត្រូវពី គ្រប់ភាគីពាក់ព័ន្ធរដ្ឋាបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសការចូលរួមអនុវត្តន៍​កាតព្វកិច្ច ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពរបស់អ្នកវិនិយោគផ្នែកសេវាកម្មសណ្ឋាគារ បុរីលំនៅ ឋាន ទីក្រុងរណប ការស៊ីណូ ភោជនីយដ្ឋាន មណ្ឌលកម្សាន្ត និងរមណីយដ្ឋាននៅ​ក្នុងភូមិ សាស្រ្តរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕

ដោយ អ៊ុន រិទ្ធី