នៅសល់៣ថ្ងៃទៀត កម្ពុជាទទួលធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ លើកទី៤៣ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ជាមួយនឹង១០៥វិញ្ញាសា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ — នៅសល់តែរយៈពេល៣ថ្ងៃទៀតប៉ុណ្ណោះ ដែលព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំជាម្ចាស់ ផ្ទះព្រឹត្តិការណ៍ប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ (43rd South East Asia Age Group Swimming Championship 2019 ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា នៅអាងហែលទឹកតាមបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ពិភពលោកនៃពហុកីឡដ្ឋានជាតិមរតកតេជោជាមួយនឹងវិញ្ញាសាដ៏ច្រើនរហូតដល់១០៥ វិញ្ញាសា។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោក​ ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរ កីឡាហែលទឹកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍យុវជននៅកម្ពុជានេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ៤០៦នាក់ ក្នុងនោះមានអត្តពលិកសរុប ២៩០នាក់ ដោយត្រូវប្រជែងមេដាយមាសលើវិញ្ញាសាសរុបចំនួន១០៥វិញ្ញាសា រយៈពេល៣ ថ្ងៃ។ ក្នុងថ្ងៃទី១ ដែលជាថ្ងៃបើកឆាក មាន៣៩វិញ្ញាសា ថ្ងៃទី២ និងថ្ងៃទី៣ មាន៣៣វិញ្ញាសា ដូចៗគ្នា ដោយផ្តោតសំខាន់លើអត្តពលិកថ្នាលចន្លោះអាយុ១៣ឆ្នាំ ដល់១៨ឆ្នាំ ខណៈសហ ព័ន្ធខ្មែរកីឡាហែលទឹកបានត្រៀមកីឡាករ កីឡាការិនីថ្នាលរបស់ខ្លួនចំនួន២០នាក់ និងគ្រូ​បង្វឹក ប្រតិភូចំនួន៥នាក់។

លោក ហែម គីរី អះអាងថា មូលហេតុដែលកម្ពុជារៀបចំម្ចាស់ផ្ទះនេះ គឺឈរលើ គោលដៅដ៏ចម្បងមួយ នៃដំណើរការអភិវឌ្ឍតម្រង់ទិសបាញ់ឆ្ពោះទៅរកទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ បើទោះបីជាពេលនេះប្រភេទកីឡាហែល ទឹក មិនទាន់ជាប្រភេទកីឡាសក្តានុពលខ្លាំងក្លាក៏ដោយ ក៏សហព័ន្ធខ្មែរ កីឡាហែលទឹក ក្រោមការ ដឹកនាំរបស់ឯកឧត្តទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ចង់ បង្ហាញឱ្យបណ្តាប្រទេសក្នុងអាស៊ានទាំងមូលមើលឃើញអំពីតថភាពរបស់កម្ពុជាថា មានសុខ សន្តិភាព ពេញលេញ មានការអភិវឌ្ឍវិស័យកីឡានានា ជាពិសេសយើងមានហេដ្ឋារចនា​សម្ព័ន្ធកីឡាតាមកម្រិតស្តង់ដារអន្តរជាតិ។ ក្រៅពីនេះ គឺហែលទឹកកម្ពុជាចង់ពង្រឹងគុណភាព នៃការទទួលធ្វើម្ចាស់ផ្ទះពីររៀបរៀបចំទទួលប្រតិភូ អត្តពលិកការស្នាក់នៅ អាហាររបស់ក្រុម ភ្ញៀវត្រូវបានរៀបចំឱ្យស្នាក់នៅ និងអាហារ ក្នុងកម្រិតផ្កាយ៥ នៅសណ្ឋាគារសុខាភ្នំពេញ ដែលនេះជាការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះកម្ពុជា លើបញ្ហាសុខភាពរបស់ពួកគាត់ ដោយ​កម្ពុជាឈរលើគោលការណ៍ និងឆន្ទៈប្រកួតប្រជែងមេដាយដោយស្មើភាពគ្នា ឈ្នះដោយ​សមត្ថភាពពិតប្រាកដ ឈ្នះដោយកិត្តិយស ដែលយើងមិនចង់ឈ្នះមេដាយដោយការកេង បន្លំជាដាច់ខាត ហើយយើងចង់ឱ្យបណ្តាប្រទេសនានាបានសប្បាយរីករាយ បន្សល់ទុក​អនុស្សាវរីយ៍ល្អៗ និងចាត់ទុកកម្ពុជាគឺជាមិត្តល្អជានិច្ច៕

ដោយ ហេង ណាលីន