គ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រវាយប្រហារប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩​ — យោងតាមភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់អាម៉េរិក (USGS) បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមិថុនា មានគ្រោះរញ្ជួយដីមួយកម្រិត ៧,៥រ៉ិចទ័រ បានវាយប្រហារកោះ Banda Sea របស់ប្រទេសឥណ្ឌូណេស៊ី ដែលមានចំងាយ ២៨៦គីឡូម៉ែត្រភាគខាងលិចឆៀងពាយព្យនៃភូមិ Saumlaki។

ការរញ្ជួយដីបានបុកនៅជម្រៅ ២២០គីឡូម៉ែត្រ។ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមីប៉ាស៊ីហ្វិកដែលមានមូលដ្ឋាននៅអាម៉េរិកបាននិយាយថា វានឹងមិនបង្កជារលកយក្សស៊ូណាមីទេ ហើយក៏មិនទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាតធំៗ ឬការស្លាប់ និងរបួសផងដែរ។

គ្រោះរញ្ជួយដីនេះបានកើតឡើង បន្ទាប់ពីរយៈពេលប៉ុន្មានម៉ោងនៃគ្រោះរញ្ជួយដីមួយទៀតដែលមានកម្រិត ៦,១រិចទ័រ ដែលបានវាយប្រហារខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃជាមួយគ្នានោះ។

USGS បាននិយាយថា ចំណុចកណ្តាលរបស់វាមានជម្រៅ ២១គីឡូម៉ែត្រ និង ២៤០គីឡូម៉ែត្រ នៅភាគខាងលិចទីក្រុង Abepura នៃខេត្ត Papua ។ មិនមានរបាយការណ៍ស្តីពីការស្លាប់ និងរបួសបន្ទាប់ពីការរញ្ជួយដីនោះទេ ហើយក៏គ្មានការព្រមានអំពីរលកយក្សស៊ូណាមីនោះដែរ។

ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសមួយដែលងាយរងគ្រោះពីមហន្តរាយធម្មជាតិបំផុតនៅលើផែនដីនេះ ដោយសារវាស្ថិតនៅតំបន់ប៉ាស៊ីហ្វិក «ចិញ្ចៀនភ្លើង» ដែលនៅតំបន់នោះផ្ទាំងកញ្ចក់បានបុកគ្នា ហើយមួយផ្នែកធំនៃការផ្ទុះភ្នំភ្លើង និងការរញ្ជួយដីនៅលើពិភពលោកកើតឡើងនៅតំបន់នោះ។

កាលពីឆ្នាំមុន មានការរញ្ជួយដីកម្រិត ៧,៥រិចទ័រ និងរលកយក្សស៊ូណាមីនៅទីក្រុង Palu នៅលើកោះ Sulawesi ដែលបានសម្លាប់មនុស្សជាង ២.២០០នាក់ ហើយមនុស្សជាងមួយពាន់នាក់ទៀតបានបាត់ ខ្លួន។ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០០៤ គ្រោះរញ្ជួយដីមួយកម្រិត ៩,១រិចទ័រ បានវាយប្រហារខេត្ត Aceh ដែលបណ្តាលឱ្យមានរលកយក្សស៊ូណាមី និងសម្លាប់មនុស្សជាង ១៧០.០០០នាក់។

ក្នុងអំឡុងឆ្នាំ ២០១៨ មានគ្រោះរញ្ជួយដីសរុបចំនួន ១១,៥៧៧ដង បានវាយប្រហារប្រទេស ឥណ្ឌូណេស៊ី ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)