កូរ៉េ បន្តជួយកម្ពុជាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធសេវាការងារសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ — ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ លើការដាក់ឱ្យដំណើរការអនុវត្តគម្រោង «ការអភិវឌ្ឍប្រព័ន្ធ​ផ្តល់សេវាការងារសាធារណៈ ឬហៅថា PES System» ក្រោមគម្រោង Korea-Cambodia WorkNet ដំណាក់កាលទី២ (២០១៩-២០២០)។ កិច្ចព្រមព្រៀងនេះត្រូវបានចុះ​ហត្ថលេខា​ដោយឯកឧត្តម ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ជាមួយលោក យ៉ាង ស៊ុងជុន (Yang Seung-jun) ប្រធាននាយកដ្ឋានសហប្រតិបត្តិ ការអភិវឌ្ឍន៍ នៃ​ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន​មាន​ប្រសាសន៍ថា កន្លងមក កម្ពុជា-កូរ៉េមានទំនាក់ទំនងល្អជាមួយគ្នា និងជាដៃគូកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធ ដោយភាគីកូរ៉េបានទទួលពលករកម្ពុជាទៅធ្វើការនៅទីនោះជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្នចំនួនពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសសាធារណរដ្ឋកូរ៉េ បានកើនដល់ប្រមាណជិត៦ម៉ឺននាក់។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា តាមរយៈការធ្វើដំណើរ​ទៅសួរ​សុខទុក្ខរបស់ពលករកម្ពុជានៅប្រទេសកូរ៉េកន្លងមក សង្កេតឃើញថា ពលករកម្ពុជា​នៅទី​នោះ​ពិតជាបានរស់នៅយ៉ាងសុខសប្បាយ មានការគិតគូរយ៉ាងត្រឹមត្រូវ និងទទួលបាន​ប្រាក់ឈ្នួលខ្ពស់ថែមទៀត ដែលជួយជំរុញជីវភាពរស់នៅ​របស់​ពួកគេ និងគ្រួសារកាន់តែល្អ ប្រសើរឡើង។ ពាក់ព័ន្ធនឹងគម្រោងការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារសាធារណៈ ឬហៅថា PES System នេះដែរ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹង និង បានស្នើឱ្យក្រុមការងារបច្ចេកទេសទាំងពីរភាគី ខិតខំធ្វើការងារឱ្យបានជិតស្និទ្ធ ដើម្បីសម្រេច​បានជោគជ័យសម្រាប់ប្រទេសជាតិទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ។

លោក យ៉ាង ស៊ុងជុន ប្រធាននាយកដ្ឋានសហប្រតិបត្តិ ការអភិវឌ្ឍន៍ នៃ​ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ បានកោតសរសើរសមត្ថភាពការងាររបស់ពលករកម្ពុជា ដែលតែងតែមានភាពឧស្សាហ៍ព្យាយាម ចេះអត់ធ្មត់នឹងការងារ ព្រមទាំងមានអត្តចរិតល្អ​ចំពោះ​អ្នករួមការងារថែមទៀត។ លោកបានបន្ដថា នេះជាមូលហេតុដែលកូរ៉េនៅតែបន្តទទួល​ពលករ​កម្ពុជាឱ្យទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។

ចំពោះគម្រោងការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារសាធារណៈនេះដែរ លោកបាន បង្ហាញក្ដីរំពឹងទុកថា វានឹងទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ជាទ្រព្យសម្បត្តិរបស់ប្រជា​ជាតិទាំងពីរ។ លោកប្រធាននាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍ នៃក្រសួងការងារកូរ៉េ ក៏ បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយ កម្ពុជាបន្តទៀត ពិសេសគឺការបន្តគម្រោង«ការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារសាធារណៈ ឬហៅថា PES System» នេះឱ្យកាន់តែល្អប្រសើរ។

ក្រោយបញ្ចប់ការចុះហត្ថលេខារវាងភាគីកម្ពុជា និងកូរ៉េរួចមក ឯកឧត្តម ហៃ ហ៊ុនឡេង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ពេលបច្ចុប្បន្ននេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ មានគេហទំព័រផ្ទាល់ខ្លួនរួចទៅហើយ សម្រាប់ផ្ដល់សេវាការងារសាធារណៈ គឺធ្វើ​ឡើងតាមរយៈបណ្ដាញ Internet ប៉ុន្តែសមត្ថភាពនៃការបញ្ជូនព័ត៌មានទៅកាន់អ្នកស្វែងរក​ការងារធ្វើនៅមានកម្រិតនៅឡើយ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ បានសហការជួយផ្ដល់នូវការអភិវឌ្ឍគេហទំព័រដល់ NEA ដែលមាន ស្រាប់នេះ ឱ្យកាន់តែទូលំទូលាយ និងល្អប្រសើរជាងមុន។ ក្នុងន័យនេះ គឺក្រុមការងារបច្ចេក ទេសព័ត៌មានវិទ្យា (IT) នឹងរៀបចំអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យ (Data Base) ដើម្បីប្រមូល ព័ត៌មានរបស់អ្នកស្វែងរកការងារធ្វើព័ត៌មានរបស់និយោជក រោងចក្រ សហគ្រាស និងគ្រប់ ប្រភពព័ត៌មានការងារ ផ្ទុកនៅក្នុងកន្លែងមួយដែលមានភាពប្រទាក់ក្រឡាគ្នា ហើយងាយ ស្រួលក្នុងការស្វែងរកព័ត៌មាន។ ឯកឧត្តមបន្ថែមទៀតថា អ្នកដែលចង់ស្វែងរកការងារធ្វើ គ្រាន់តែចូលទៅកាន់គេហទំព័ររបស់ NEA តាមរយៈអាសយដ្ឋាន www.nea.gov.kh ហើយ អាចចូលទៅស្វែងរកព័ត៌មានណាមួយដែលខ្លួនត្រូវការ ដោយមិនចាំបាច់មកដល់​មជ្ឈមណ្ឌល ការងាររបស់ NEA ផ្ទាល់ក៏បាន៕

ដោយ ប៊ុនរិទ្ធ