សម្ដេតេជោ ហ៊ុន សែន អរគុណសប្បុសជនទាំងអស់ដែលបានជួយ​ជាថវិកា សម្រាប់ជនរង គ្រោះក្នុងឧបទ្ទវហេតុបាក់អគារ នៅខេត្តព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែ​ង​នូវ​​ការ​អរគុណចំពោះសប្បុសជនទាំងអស់ ដែលបានជួយ​ជាថវិកាសម្រាប់ជនរងគ្រោះទាំង​អ្នក​ស្លាប់ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ ក្នុងឧបទ្ទវហេតុបាក់អគារកម្ពស់​៧​ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ កា​​ល​ពីវេលាទាបភ្លឺព្រឹ​ក ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមកនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​បានសរសេរថា ក្នុ​ងហេតុការណ៍បាក់អគារកម្ពស់៧ជាន់​នៅខេត្តព្រះសីហនុ ​ដែ​ល​ធ្វើ​ឱ្យ​ប្រ​ជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់ របួស២៦នាក់។  ក្រៅពីព្រះ​រាជអំណោ​យ ​រប​ស់​​ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិ​បា​ល កាកបាទក្រហមកម្ពជា។ សម្ដេចតេជោបានបន្ដថា “ខ្លួនខ្ញុំបានអំពាវនាវសុំ សប្បុរសជនជួយឧប​ត្ថម្ភបន្ថែម​ដែ​ល​មក​ដល់​ម៉ោង១២ថ្ងៃ ទី២៥ ខែមិថុនានេះ ទទួលទឹក​ប្រាក់​គិតជាដុល្លារចំនួន២.១៩៨.៤០០ដុល្លាអាម៉េរិក។ ថ​វិ​​កានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុង ម្នាក់១ម៉ឺនដុល្លា​រ សម្រាប់២៤នាក់​ ឯ២នាក់ទៀត​ដែល​ស្ថិ​ត​​ក្រោមគំនរបាក់បែកប្រមាណជិត ៦០ម៉ោង ដែលនៅរស់រានមានជីវិតដោយ​សារការជួយស​ង្រ្គោះ​ត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន ៣ម៉ឺនដុល្លារអាម៉េរិក។” សម្ដេចតេជោបានលើកឡើងថា សរុបអ្នករបួសចំណាយអ​ស់​​៣០​ម៉ឺ​ន​​ដុល្លារ ហើយថវិកានៅសល់១.៨៩៨.៤០០ដុល្លារ ត្រូវបែងចែកស្មើៗគ្នាសម្រា​​ប់អ្នកស្លាប់ចំនួ​ន​២៨​នា​ក់​ ដែលក្នុងមួយនាក់ទទួលចំនួន៦៧.៨០០ដុល្លារ។ នេះមិនគិតពីថវិការាជរដ្ឋាភិបា​ល​១ម៉ឺនដុល្លារ​ដែ​លជូនដល់គ្រួសារអ្នកស្លាប់មួយចំនួន ក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផង​ទេ។ សម្ដេចតេ​ជោ​បា​ន​​បន្តទៀតថា  លោក សេង ទៀង នាយករងខុទ្ទកាល័យរបស់សម្ដេច នឹង រៀបចំជូនក្រុមគ្រួសារសព​តាមរ​យៈ​ធនាគារដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព។ សម្ដេចតេជោក៏សូមអរគុណចំពោះសប្បុសជន​ទាំ​ងអស់ដែលបានជួយ​ជាថវិកា សម្រាប់ជន រងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួស​ដោយមិនគិ​ត​​ពី​និន្នាការនយោបាយ។ ជាថ្មីម្តងទៀត សម្ដេចតេជោក៏សូមអរគុណ និងកោតសរសើរចំពោះកម្លាំង​ដែលបាន​ចូ​ល​រួមជួយរុករក និងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិ​ត​ស្រ​​​ឡាញ់ ចំពោះ ជនរងគ្រោះក្នុងឋានៈជាជនរួមឈាមដូចគ្នា។ ជាមួយគ្នានេះ សម្ដេចតេជោក៏​សូមអរគុណ​ផងដែរដល់​កម្ម​ក​រ ​និង​អ្នក បច្ចេកទេសចិន ដែលបានចូលរួមក្នុងកិច្ចការនេះ តាំងពីការចាប់ ផ្តើមរហូតដល់​ការងារ​ត្រូ​​វបានបញ្ចប់។(ស្រ​ឡា​ញ់​គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕

ដោយ ជឹម ណារី