ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ផ្ញើព្រះរាជសាររំលែកទុក្ខដល់បងប្អូន កូនចៅ ដែលរងគ្រោះដោយការបាក់រលំអគារ នៅខេត្តព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ — ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះ​រាជា​ណា​ចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានផ្ញើព្រះរាជសាររំលែកទុក្ខ ជូន​បង​ប្អូន កូនចៅ និងជនរួមជាតិរបស់ព្រះអង្គ ដែលបានទទួលរង​គ្រោះដោយសារឧបទ្ទវហេតុ​បាក់​រលំអគារ​កម្ព​ស់​៧​ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ កា​​ល​ពីវេលាទាបភ្លឺព្រឹ​កថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងព្រះរាជសារចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ របស់ព្រះអង្គទាំងទ្វេ​បានគូសប​ញ្ជា​​ក់​​ថា​ “ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្ដីរន្ធត់ឥតឧបមា ដោយបានទទួល ដំណឹង​អំ​ពី​បងប្អូន កូនចៅ ដែលបានទទួលរងគ្រោះដោយការបាក់រលំអគារ នៅក្រុងព្រះ សីហនុខេ​ត្ត​​​ព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្ដាលឱ្យមានអ្នកស្លាប់ និង​របួសជា​ច្រើ​ន​​នាក់”។ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ មានសេចក្ដីសោកស្ដាយជាទីបំផុត និងសូមចូល​រួម​រំ​​លែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ ជីវិត និងសូមឱ្យវិញ្ញា​ណ​ក្ខន្ធជនរងគ្រោះទាំងអស់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត ឡើយ និងសូមជូនពរដល់​ប​ងប្អូន កូនចៅ ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទាំងអស់ សូមឱ្យបានឆាប់​ជា​សះស្បើយ។

គួរបញ្ជាក់ដែរថា រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងអំពី​ប្រតិបត្តិកា​រ  រុ​ក​រ​កជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បាន​បិទ​បញ្ច​ប់​ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិ​បត្តិការ​រុក​រក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ​តុល្យការជនរងគ្រោះដែលក្រុមការងារ បាន​ជួយ​ស​ង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់​ចំនួន​២៨​នា​ក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់៕

ដោយ ជឹម ណារី