ប្រទេសថៃមានបំណងក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផ្គត់ផ្គង់អគ្គិសនីនៃអាស៊ាន

ថៃ៖ ប្រទេសថៃកាលពីថ្ងៃចន្ទបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមានគោលបំណងក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់អាស៊ាន។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់លើកទី ៣៧ ស្តីពីថាមពល (SOME)ដែលរៀបចំឡើងនៅទីក្រុងបាងកកលោកលេខាធិការអចិន្ត្រៃយ៍នៃក្រសួងថាមពលថៃបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាប្រទេសថៃមានផែនការអភិវឌ្ឍខ្សែភ្លើងបញ្ជូនថាមពលអគ្គិសនីរបស់ខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់ដែលនាំយកប្រភពថាមពលអគ្គិសនីពីឡាវហើយលក់បន្តទៅកាន់ប្រទេសម៉ាឡេស៊ី, កម្ពុជានិងភូមា។

កិច្ចប្រជុំ (SOME) លើកទី ៣៧ដែលបានប្រារព្ធធ្វើក្រោមប្រធានបទការជំរុញការផ្លាស់ប្តូរថាមពលតាមរយៈភាពជាដៃគូនិងការច្នៃប្រឌិតបានចូលរួមពីប្រតិភូតំណាងមកពីបណ្តាប្រទេសអាស៊ានចំនួន ១០ព្រមទាំងអង្គការអន្តរជាតិនានាដូចជាភ្នាក់ងារថាមពលអន្តរជាតិនិងភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងការធ្វើចរាចរថាមពលអគ្គិសនីនៅក្នុងតំបន់អាស៊ាន។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៥.០៦.១៩)