យុវជនក្រសួងបរិស្ថានឈ្វេងយល់ពីការគ្រប់គ្រង តំបន់ការពារធម្មជាតិនៅក្នុងខេត្តរតនគិរី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្ដម សូ ខនប្ញទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញជាអធិបតី បើកសិក្ខាសាលា ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់យុវជនក្រសួងបរិស្ថាន ស្ដីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងចុះទស្សនកិច្ចសិក្សានៅខេត្តរតនគិរី កាលពីថ្ងៃចន្ទ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់មន្ត្រីរាជការជាយុវជនចំនួន៦៥នាក់ ធ្វើការសិក្សាឈ្វេងយល់បន្ថែមពីតួនាទី ភារកិច្ច ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយ របស់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន គណៈកម្មការសហគមន៍ ក្នុងគ្រប់គ្រងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តរតនគិរី។

លោកស្រី ឯម ចាន់លីតា អនុប្រធាននាយកដ្ឋានក្រសួងបរិស្ថាន និងជាប្រធានដឹកនាំសម្របសម្រួលសិក្ខាសាលាបានឱ្យដឹងថា ក្នុងក្របខ័ណ្ឌសកល ធនធានមនុស្សត្រូវបានចាត់ទុកជាកត្តាលីករជំរុញកិច្ចកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះដើម្បីរួមចំណែកកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា យុវជនក្រសួងបរិស្ថាន ត្រូវតែតស៊ូ លះបង់ក្នុងការរួមចំណែកចូលរួមយ៉ាងសកម្ម និងប្រតិបត្តិឱ្យបានតាមរយៈគោលបំណងនៃនយោបាយរបស់ក្រសួង គឺកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធន ធានធម្មជាតិឱ្យមាននិរន្តរភាព ឱ្យទទួលបានជោគជ័យ ជាពិសេសគឺត្រូវតែកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើដោយខ្លួនឯងជាបន្តបន្ទាប់ឥតឈប់ឈរ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការលើកកម្ពស់សមត្ថភាពដល់មន្ត្រីរាជការជាយុវជន និងជាអ្នកបន្តវេនជំនាន់ក្រោយរបស់ក្រសួងឱ្យកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការដោះស្រាយកិច្ចការចំពោះមុខឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្រុមប្រឹក្សាដើម្បីអភិវឌ្ឍន៍យុវជនក្រសួងបរិស្ថានបានជ្រើសរើសយកប្រធានបទស្ដីពី ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជ្រើសរើសទីតាំងភូមិសាស្ត្រខេត្តរតនគិរី ដើម្បីដឹកនាំសិក្ខាកាមចុះទស្សនកិច្ចសិក្សា ជួបផ្ទាល់ជាមួយមន្ត្រីជំនាញ អាជ្ញាធរដែនដី គណៈកម្មការសហគមន៍ ដើម្បីឈ្វេងយល់ពីតួនាទី ភារកិច្ច ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដំណោះស្រាយ យុទ្ធសាស្ត្រ និងយុទ្ធវិធីផ្សេងៗ ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តរតនគិរី ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិសាមុទ្រលើ និងសាមុទ្រក្រោម និងសហគមន៍តំបន់ការពារទេស ភាពបឹងលំកុដ។

ក្នុងឱកាសនោះ ឯកឧត្ដម សូ ខនប្ញទ្ធីគុណ បានចែករំលែកប្រវត្តិការសិក្សា និងជីវិតការងារជាមន្ត្រីរាជការ រយៈពេល២៥ឆ្នាំរបស់ឯកឧត្ដម ក្នុងការបម្រើការងារជូនស្ថាប័ន និងប្រទេសជាតិ និងជាការបណ្ដុះស្មារតីដល់យុវជន ក្នុងការសម្រេចចិត្តនានា។ ឯកឧត្ដមក៏បានសង្កត់ធ្ងន់ថា យុវជនជាទំពាំងស្នងឫស្សី តែទំពាំងនេះត្រូវតែក្លាយឫស្សីដ៏រឹងមាំ។ ឯកឧត្ដមក៏បានសបញ្ជាក់ថា ស្ថានភាព ពេលវេលា ឱកាស និងជីវិតគ្រួសាររបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាទេ ដូច្នេះត្រូវតែចេះទទួលយកនូវអ្វីដែលយើងមាន សូម្បីតែម្រាមដៃក៏មិនស្មើគ្នា ហើយបើមានទទួលបានឱកាស និងតួនាទីខ្ពង់ខ្ពស់គឺមិនត្រូវភ្លេចខ្លួន និងប្រែធាតុឡើយ ទើបទទួលបានជោគជ័យ ក្នុងជីវិតការងារ ។

ឯកឧត្ដមបានលើកឡើងដែរថា សិក្ខាសាលានេះ រួមចំណែកពង្រឹងសមត្ថភាពក្នុងការឆ្លើយតប និងដោះស្រាយនូវកិច្ចការ ចំពោះមុខឱ្យទទួលបានលទ្ធផលជាផ្លែផ្កា ជាពិសេសសិក្ខាកាមត្រូវផ្សាភ្ជាប់ទំនាក់ទំនងគ្នាឱ្យបានល្អ មានសាមគ្គីភាព មានភាពស្និទ្ធ ស្នាល ចេះស្រឡាញ់គ្នា និងបន្តចូលរួមរាល់សកម្មភាពរបស់ក្រសួងបរិស្ថាន និងប្រទេសជាតិកាន់តែសកម្មថែមទៀត ៕

ដោយ ពេជ្រ ណារិទ្ធ