ប្រតិបត្តិការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃអគាររលំ បិទបញ្ចប់ជាស្ថាពរ

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី៖

រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅយប់ថ្ងៃទី២៤ ខែមិថុនានេះថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃអគាររលំ រយៈពេល ២ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង ១៩:៣០នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ។


តុល្យការជនរងគ្រោះដែលក្រុមការងារបានជួយសង្គ្រោះយកចេញពីគំនរអគារបាក់បែកមានចំនួនសរុប ៥៤នាក់ ក្នុងនោះស្លាប់ចំនួន ២៨នាក់
ស្រី៤នាក់ និងរងរបួសចំនួន ២៦នាក់ ស្រី២នាក់។ ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីចំនួន ២៧ សព ដោយឡែកសពដែលនៅសល់មួយទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយអាជ្ញាធរអំពាវនាវដល់ក្រុមគ្រួសារទាក់ទងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ដោយការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់នៅទីតាំងកើតហេតុរយៈពេល ២ថ្ងៃនេះ និងឧបត្ថម្ភជាថវិកាផងនោះ ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករជាជនរងគ្រោះ និងក្រុមគ្រួសារ ហើយក៏ជាការលើកទឹកចិត្តដ៏ធំធេងដល់បងប្អូនក្រុមការងារ ដែលចូលរួមក្នុងបេសកកម្មរុករកជនរងគ្រោះដោយសារឧបទ្ទវហេតុដ៏អាក្រក់នេះ។
ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តក៏ថ្លែងអំណរគុណចំពោះក្រុមការងារជួយសង្គ្រោះទាំងអស់ដែលបានចំណាយពេលវេលា ប្រើអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការជួយសង្គ្រោះជនរងគ្រោះចេញពីគំនរបាក់បែកនៃអគារដួលរលំនេះ៕