ឯកឧត្តម អ៊ុយ សំអាត នាំអំណោយរបស់រាជរដ្ឋាភិបាលទៅផ្តល់ជូនគ្រួសារសពប្តីប្រពន្ធ ដែលទទួលរងគ្រោះដោយរលំបាក់អាគារ៧ជាន់នៅខេត្តព្រះសីហនុ

AKP ក្រចេះ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ –ឯកឧត្ដម អ៊ុយ សំអាត ប្រធាននាយកដ្នានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហម កម្ពុជា អមដំណើរដោយឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ នៅព្រឹកថ្ងៃ ចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា  ឆ្នាំ២០១៩ បានអញ្ជើញនាំយកអំណោយរបស់រាជរដ្ឋាភិបាល និងអំណោយកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនដល់គ្រួសារសពប្តីប្រពន្ធរងគ្រោះដោយសារការរលំបាក់អាគារ៧ជាន់ នៅខេត្ត ព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ។

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកទៅផ្តល់ជូនគ្រួសារសពប្តី ប្រពន្ធទាំងពីរនាក់នោះគឺមានថវិកាចំនួន២២.០០០ដុល្លារអាម៉េរិក ថវិការបស់កាកបាទក្រហម កម្ពុជាជាបច្ច័យចូលបុណ្យសព ដោយក្នុងសពម្នាក់ទទួលបានថវិកាចំនួន ៥លានរៀល អង្ករ ២០០ គីឡូក្រាម  មី ៥ កេស ត្រីខ ៥យួរ ទឹកក្រូច ៥ កេស និងអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះមាន អង្ករ ៥០ គីឡូក្រាម សារុង២ ក្រមា២ មុង២ ភួយ២ មី២ កេស ត្រីខ ២យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ស្ករស ៦គីឡូក្រាម និង ថវិកា៤០ម៉ឺនរៀល។

សពប្តីប្រពន្ធដែលបានស្លាប់ក្នុងឧបទ្ទវហេតុបាក់អាគារ៧ជាន់ នៅខេត្តព្រះសីហនុកាល​ពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីនេះ មានទីលំនៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ គឺប្តី ឈ្មោះ ទេព ណី អាយុ ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ព្រុំ ដែន អាយុ ៤៦ ដែលប្តីប្រពន្ធទាំងពីរនានេះបានចាកចេញពីស្រុកទៅធ្វើការជាកម្មករ សំណង់នៅខេត្តព្រះសីហនុ ក្នុងរយៈពេលជាង ៦ខែមកហើយ។        

មានប្រសាសន៍សំណេះសំណាល និងការចូលរួមរម្លែកទុក្ខជាមួយឪពុកម្តាយ បងប្អូននិងក្រុមគ្រួសារនៃសពប្តីប្រពន្ធទាំងពីរនាក់នាពេលនោះ ឯកឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរម្លែកទុក្ខ ដោយក្តីក្រៀមក្រំបំផុតនូវការបាត់បង់កូន ប្អូន ឪពុកម្តាយនិងសាច់ញាតិនៅក្នុងឧបទ្ទវហេតុ គ្រោះមហន្ត រាយបាក់រលំអាគារកម្ពស់៧ជាន់កាលពីថ្ងៃទី២២ ខែមិថុនា នៅខេត្តព្រះសីហនុ ដែលបានឆក់យកជីវិតមនុស្សជាកម្មករកម្មការិនីប្រមាណ ២៥នាក់ និងរងរបួសជាច្រើន នាក់ទៀតគិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ៕

ដោយ ជួន សុជាតិ