ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៧គ្រួសារនៅខេត្តកំពង់ចាម ទទួលបានអំណោយសង្គ្រោះពីកាកបាទក្រហមកម្ពុជា

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម
កំពង់ចាម៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៧គ្រួសារ នៅឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទទួលបានអំណោយសង្គ្រោះកាកបាទក្រហមកម្ពុជា ដើម្បី ដោះស្រាយជីវភាព ដែលកំពុងខ្វះខាត។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូ នាំអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ២៧គ្រួសារ នៅភូមិខ្នុរដូង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ឯកឧត្ដម គួច ចំរើន បានឲ្យដឹងថា ការផ្តល់ជូនជំនួយមនុស្សធម៌ដល់ជនរងគ្រោះនាពេល នេះ គឺដើម្បីចែករំលែកនូវទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង ២៧គ្រួសារ ដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ។ ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលចាំបាច់ណាស់ត្រូវតែជួយដោះស្រាយបញ្ហាលំបាកនេះជូនបងប្អូន ដែលរងគ្រោះដោយសារតែគ្រោះធម្មជាតិ ព្រោះបានគម្រាមកំហែងដល់សេចក្ដីសុខនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋហើយគ្រោះមហន្តរាយធម្មជាតិនេះបានធ្វើឲ្យបងប្អូនមិនអាចចេញទៅប្រកបមុខរបរ នៅខាងក្រៅបានភ្លាមៗនោះទេ ពីព្រោះថា បងប្អូនត្រូវការពេលវេលា និងថវិកា ដើម្បីជួសជុលលំនៅដ្ឋានស្នាក់អាស្រ័យឡើងវិញ ។
ឯកឧត្ដមមានប្រសាសន៍ថា នេះគឺជាការឆ្លើយតបបានទាន់ពេលវេលារបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយនូវទុក្ខលំបាកនេះ កន្លងមក ក៏ដូចជាបច្ចុប្បន្ន សម្ដេចគតិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់និងពិនិត្យមើលស្ថានភាពរបស់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនដែលបានជួបគ្រោះថ្នាក់ ដោយធម្មជាតិ ដើម្បីរួមចំណែកស្ដារអ្វីដែលបានប៉ះពាល់ និងស្តារសារជាថ្មីឡើងវិញ ទោះបីមិនគ្រប់ជ្រុងជ្រោយក្ដី វាក៏ជាផ្នែកមួយ បានចូលរួមចំណែកជួយដល់ការដោះទីទ័ល លំបាករបស់បងប្អូនបានមួយគ្រានិងទាន់ពេលវេលា។ ឯកឧត្តមអៈអាងថា អាជ្ញាធរមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ ឲ្យរងគ្រោះថ្នាក់ដល់ស្លាប់ ដោយសារអត់បាយ តែមិនបានដឹងលឺនោះឡើយ ។
សូមបញ្ជាក់ថា ជំនួយមនុស្សធម៌ដែលបានចែកជូនប្រជាពលរដ្ឋទាំង ២៧គ្រួសារ ក្នុងនោះ ១គ្រួសារៗទទួលបានអង្គរ២៥គីឡូក្រាមឃីត១កញ្ចប់មី១កេសទឹកស៊ីអ៊ីវ៦ដបទឹកត្រី ៦ដបត្រីខ១០កំប៉ុងនិងថវិកា១០ម៉ឺនរៀល។ ចំណែកឯ គ្រួសាររងគ្រោះរលំ និងប៉ើងតំបូលផ្ទះទាំងស្រុងចំនួន២គ្រួសារទទួលបានថវិកា១លានរៀលនិងបន្ថែមនូវសម្ភារៈផ្ទះបាយ ដែលអំណោយដែលបានមកពីការចូលរួមចំណែក ពីព្រះសង្ឃ ផងដែរ ៕