បណ្ឌិត្យសភានគរបាលកម្ពុជាប្រកាសដាក់ឲ្យអនុវត្តន៍សៀវភៅស្តីពីនីតិវិធីនគរបាលយុត្តិធម៌បែបកុមារមេត្រី

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ៖ បណ្ឌិត្យសភានគរបាលកម្ពុជាប្រកាសដាក់ឲ្យអនុវត្តន៍សៀវភៅស្តីពីនីតិវិធីនគរបាលយុត្តិធម៌បែបកុមារមេត្រី ដើម្បីសម្រាប់បណ្តុះបណ្តាលនគរបាលនៅទូទំាងប្រទេសដែលធានា បានការលើកកម្ពស់ឧត្តមប្រយោជន៍របស់កុមារ។

ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានអៈអាងថា ការចេញជាសៀវភៅដៃគ្រូនិងសៀវភៅសិស្ស ស្តីពីនីតិវិធីនគរបាលយុត្តិធម៌បែបកុមារមេត្រីនេះ មានគោលបំណងបង្កើតចំណេះដឹងចំណេះធ្វើ អាប្បកិរិយា ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្នុងការអនុវត្តច្បាប់យុត្តិធម៌អនីតិជន នឹងនីតិវិធីបែបកុមារមេត្រីដើម្បីធានាឧត្តមប្រយោជន៍របស់កុមារ ។

ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់សៀវភៅដៃគ្រូ និងសៀវភៅសិស្ស ស្តីពីនីតិវិធីនគរបាលយុត្តិធម៌បែបកុមារមេត្រីនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភនគរបាលកម្ពុជា បានមានប្រសាសន៍ថា សៀវភៅនេះមានខ្លឹមសារពាក់ព័ន្ធនឹងគន្លឹះសំខាន់ៗ ដែលស្ដីពីការអនុវត្តនីតិវិធីនគរបាលយុត្តិធម៌បែបកុមារមេត្រី ស្របតាមច្បាប់យុត្តិធម៌អនីតិជន ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ អនុសញ្ញាស្តីពីសិទិ្ធកុមារព្រមទាំងឧត្ដមប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ សម្រាប់និស្សិត សិក្ខាកាម និងសិស្សនៃបណ្ឌិត្យសភានគរបាលកម្ពុជា សាស្ត្រាចារ្យ គ្រូនគរបាលជាតិ ក្នុងការបណ្តុះបណ្តាលដល់កងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ ទូទាំងប្រទេស ។
ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់លើកិច្ចគាំពារកុមារ ដោយបានដាក់ចេញនូវគោលនយោបាយនិងផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់សិទ្ធិកុមារ និងការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព ។
សូមបញ្ជាក់ថា សៀវភៅដៃគ្រូនិងសៀវភៅសិស្សនៃមុខវិជ្ជានីតិវិធីនគរបាលយុត្តិធម៌បែបកុមារមេត្រីត្រូវបានរៀបចំចងក្រងរួមគ្នាក្រោមកិច្ចសហការរវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា ដោយមានការគាំទ្រទាំងបច្ចេកទេស និងថវិកាពីអង្គការ ភ្លែនអន្តរជាតិកម្ពុជា៕