ចិន ប្រគល់រថយន្ដ ម៉ូតូ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងវិស័យសកម្មភាពមីន ជូនដល់អាជ្ញាធរមីនកម្ពុជា

AKPភ្នំពេញ ថ្ងៃ២៤ ខែមិថុនាឆ្នាំ២០១៩ — ឯកឧត្ដម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន(WANG Wentian) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​កម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលសម្ភារ ជំនួយរបស់សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្រាប់វិស័យសកម្មភាពមីន ជូនដល់អាជ្ញាធរមីនកម្ពុជា។ ពិធីប្រគល់-ទទួលសម្ភារនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីនកម្ពុជា។ សូមបញ្ជាក់ថា សម្ភារដែលប្រគល់ជូនដល់អាជ្ញាធរមីនកម្ពុជារួមមាន រថយន្តម៉ាក JINBEI Minibus ៤គ្រឿង, ម៉ូតូ១០គ្រឿង, ម៉ាស៊ីនរាវមីន៤០គ្រឿង, ប្រអប់សម្ភារ១១០ឈុត, សម្លៀកបំពាក់ការពារ៤០កំប្លេ, មួកការពារ៤០មួក, ម៉ាស៊ីនដ្រូន(UAV)០៥គ្រឿង, ម៉ាស៊ីនបំផ្ទុះ​(Exploding Initiator)១១៥គ្រឿង, ឯកសណ្ឋាន ស្បែកជើង ខ្សែក្រវាត់ មួក១.០០០ កំប្លេ និងទឹកថ្នាំម៉ាស៊ីនព្រីន៦៩ ប្រអប់។

ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ បានថ្លែងនូវអំណរគុណចំពោះរដ្ឋាភិបាលចិន និង ប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនចំពោះការគាំទ្រ និងបន្ដគាំទ្រវិស័យសកម្មភាពមីន នៅកម្ពុជា ដោយបានផ្ដល់នូវជំនួយជាថវិកា សម្ភារ និងជំនាញបច្ចេកទេស។ ឯកឧត្ដមបាន បន្ដថា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥មក ចិន បានផ្ដល់ជំនួយលើវិស័យ បោសសម្អាត​មីន តាមរយៈអាជ្ញាធរមីនកម្ពុជា រួមមានការផ្ដល់វគ្គបណ្ដុះបណ្ដាលលើការបោសសម្អាតមីន ផ្ដល់ជាថវិកាសម្រាប់ជួសជុលអគារមជ្ឈមណ្ឌលសម្រាប់បោសសម្អាតមីន តំបន់អាស៊ាន (ARMAC) ផ្ដល់រថយន្ត ម៉ូតូ កុំព្យូទ័រ ម៉ាស៊ីនរាវមីន អាវក្រោះ មួកការពារ តង់ យន្តហោះ បញ្ជា(ដ្រូន) រទេះសម្រាប់ជនពិការ និងឯកសណ្ឋាន។ ឯកឧត្ដមបានបន្ថែមថា រហូតមកទល់​ពេលនេះ សិក្ខាកាមចំនួន១១០នាក់ មកពីអាជ្ញាធរមីន និងកងយោធពលខេមរភូមិន្ទ បានចូល​រូមវគ្គ​បណ្ដុះបណ្ដាលជំនាញ ស្ដីពីការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ពីសាកល​វិទ្យា​ល័យបច្ចេកទេស និងវិទ្យាសាស្ត្រកងទ័ពរំដោះប្រជាជនចិន នៅទីក្រុង​ណានជីន។

យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា កម្ពុជាមានផ្ទៃដី រងនូវ​ការគំរាមប្រមាណ ២.១៤៨ គីឡូម៉ែត្រការ៉េ ក្នុងនោះដីដែលមានមីនថ្មើរជើង ៩១៩គីឡូម៉ែត្រ​ការ៉េ ផ្ទៃដីដែលមានគ្រាប់បែកចង្កោម ៧៣២គីឡូម៉ែត្រការ៉េ និងផ្ទៃដីដែលមាន​សំណល់​ជាតិ​ផ្ទុះពីសង្គ្រាមផ្សេងទៀត៤៩៧គីឡូម៉ែត្រការ៉េ ដោយត្រូវការថវិកា សម្រាប់បោសសម្អាត ប្រមាណ​៤៥៤លានដុល្លារអាម៉េរិក៕

ដោយ សំ សាម៉ន