ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពេញអង្គពិនិត្យឲ្យយោបល់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេង​​កាតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពេញអង្គពិនិត្យឲ្យយោបល់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិត​ផលប្រេង​កាតនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៩​​ដើម្បីធានាឲ្យការ​​គ្រប់​គ្រង និងអភិវឌ្ឍន៍ធនធាន​ប្រេងកាតឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដឹកនាំដោយសម្តេច វិបុល​សេ​នាភក្តី​សាយឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បាន​​ប្រាប់អ្នក​សារ​ព័ត៌​​ ថា កិច្ចប្រជុំ​​ពេញ​​អង្គ​ព្រឹទ្ធ​សភា​​​ដែល​​ដឹកនាំដោយ​សម្តេច វិបុលសេនាភក្តីសាយឈុំនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៩​​សមាជិក​​ព្រឹទ្ធសភា និងតំណាងរាជរដ្ឋាភិបាល​​នឹង​ពិភាក្សា​​លំអិត​សេចក្តីព្រាងច្បាប់​​ស្តីពីការ​គ្រប់​គ្រង​ប្រេ​​ងកាត​និងផលិត​ផលប្រេង​កាត ព្រោះច្បាប់​នេះមាន​សារៈសំខាន់ណាស់​​ក្នុងការ​គ្រប់​​គ្រង​​ប្រេងកាតរបស់កម្ពុជា។

ឯកឧត្តមបញ្ជាក់ទៀតថា ក្រៅពីសេចក្តីព្រាងច្បាប់ស្តី​ពីការគ្រប់​គ្រងប្រេងកាត​​និង​​ផលិត​​​​​ផល​​​ប្រេង​កាតនេះ ព្រឹទ្ធសភា ក៏នឹងពិភាក្សា និងឲ្យយោបល់លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការ​​អនុម័តយល់ព្រម​លើកិច្ចព្រម​​ព្រៀងរវាង កម្ពុជាជាមួយ​​រដ្ឋាភិបាល​​បង់ក្លាដេស ,​រវាង​កម្ពុជា​ជាមួយ​​សហភាពអារ៉ាប់​អេមីរ៉េត , រវាងកម្ពុជា​ ជាមួយនៃសាធារណរដ្ឋតួកគី ស្តីពីការ​​ជំរុញ និង​ការ​ការពារទៅ​​វិញទៅ​មកនៃការវិ​និយោគ,សេចក្តីព្រាង​​ច្បាប់ស្តីពីការ​​អនុម័តយល់​ព្រម​​លើ​​កិច្ច​ព្រម​ព្រៀ​​ង​ស្តីពី​​ការ​​បង្កើត​​​​​អង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ​ផង​ដែរ​​។

នៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍ព្រឹទ្ធសភានេះដែរ សម្តេចវិបុលសេនាភក្តី​​សាយ ឈុំ​​ប្រធាន​​ព្រឹទ្ធសភា ក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាង​គ្រាមក្រំចំពោះ​ក្រុម​​គ្រួសារ អ្នកស្លាប់ និងរបួសក្នុងគ្រោះថ្នាក់បាក់អាគារ៧ជាន់នៅខេត្តព្រះសីហនុ កាល​ពីព្រឹក​ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩កន្លងទៅនេះ៕