សម្ដេចតេជោ ហ៊ុន សែន យល់ព្រមឱ្យអភិបាលខេត្តព្រះសីហនុ លាលែង​ពីតំណែង និងដកតំណែងឯកឧត្ដម ញឹម វណ្ណដា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយល់​ព្រម​ឱ្យឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុលាលែងពីតំណែង និងសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែង ជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១​នៃគណៈ​កម្មាធិ​ការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ ជុំវិញករ​ណី​​បាក់អាគារកម្ពស់ ៧ជាន់ក្នុងខេត្តព្រះសីហនុ ដែលបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៥នាក់ និ​ង​របួស ២៤ នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមកនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មី​ន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំហុសលើការគ្រប់គ្រង​ក្នុងដែនសមត្ថ កិច្ច​រប​ស់​​ខ្លួន ដែលបណ្តាលឱ្យមានរឿងឈឺចាប់កើតឡើង។ ​សម្ដេចតេជោបានបន្ដថា “គាត់​បានស្នើមកខ្ញុំដើម្បីលាលែងចេញពី​អភិបាលខេត្តព្រះសីហនុ។ ខ្ញុំបានយល់ព្រមឱ្យគាត់លា លែង និងបានពិភាក្សាជាមួយ សម្តេច ស​ ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាល​​ខេត្ត កំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។” សម្ដេចតេជោបានបន្ដថា ទោះជាមានការ​រៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធ​នា​ការ​រុករក និងសង្រ្គោះ​តទៅ ទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង។ សម្ដេចតេជោបានបន្តទៀតថា “ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណ​ដា​ ចេញពីតំណែងជា សរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហ​ន្តរាយដោយមូល ហេតុខ្វះការទទួលខុសត្រូវនិងភូតភរ។

គួបញ្ជាក់ដែរថា បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខា ដោយ​ស​​ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ ២០១៩ បានសម្រេចតែងតាំង ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្រ្តីទទួល​បន្ទុ​ក​បេ​សកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​​មហន្តរាយបន្ថែ​ម ​​លើតួ​នាទីនាពេលបច្ចុប្បន្ន។ សេចក្តីសម្រេចនេះក៏បានបញ្ចប់​ភារកិច្ច ឯក​ឧត្ដ​ម ញឹម វណ្ណដា ពីអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្ត​រាយ​ផង​ដែ​រ​៕

ដោយ ជឹម ណារី