រដ្ឋាភិបាលចិនសន្យាជួយលើកកម្ពស់ការបោសសំអាតមីននៅកម្ពុជា

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា

ភ្នំពេញ៖ រដ្ឋាភិបាលចិនសន្យាជួយលើកកម្ពស់ការបោសសំអាតមីននៅកម្ពុជា ដើម្បីចូលរួមរំដោះផ្ទៃដីអោយរួចផុតពីគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងស្រុងត្រឹមឆ្នាំ ២០២៥។

ក្នុងពិធីប្រគល់ និងទទួលជំនួយនេះនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននឹងជួយលើកកម្ពស់ការបោសសំអាតមីននៅកម្ពុជា តាមរយៈការផ្ដល់ជំនួយរថយន្ត ម៉ូតូ ឧបករណ៍រាវលោហៈធាតុ ប្រអប់សំភារៈ សម្លៀកបំពាក់ការពារ មួកការពារ ម៉ាស៊ីនបំផ្ទុះ ឯកសណ្ឋាន ស្បែកជើង ខ្សែក្រវ៉ាត់ ដើម្បីធ្វើសកម្មភាពបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបន្ដថា ការផ្ដល់ជំនួយនេះ ដើម្បីចូលរួមចំណែកជួយកម្ពុជាឱ្យសម្រេចបាននូវផែនការរំដោះ​ផ្ទៃដីឱ្យរួចផុតពីគ្រាប់មីន ទាំងស្រុងត្រឹមឆ្នាំ ២០២៥។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា ការផ្តល់ជំនួយរបស់ប្រទេសចិននាពេលនេះ ពិតជាសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់បំផុតនៅក្នុងកិច្ចការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ កម្ពុជានៅសល់ផ្ទៃដីប្រមាណជាង ២ពាន់គីឡូម៉ែត្រក្រឡា ក្នុង នោះដីចំការមីនជាង ៩០០គីឡូម៉ែត្រក្រឡា ដីចំការគ្រាប់បែកចង្កោមជាង ៧០០គីឡូម៉ែត្រក្រឡា និងដីចំការគ្រាប់ជិត៥០០គីឡូម៉ែត្រក្រឡាទៀត ដែលកំពុងគំរាម​កំហែងដល់ការរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងបានរារាំងដល់ការអភិវឌ្ឍ​ប្រទេសជាតិផងដែរ។

សូមបញ្ជាក់ថា រយៈពេល២៧ឆ្នាំមកនេះ កម្ពុជាបានបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានផ្ទៃដីចំនួន ១៨៦៩ គីឡូម៉ែត្រក្រឡា និងបំផ្លាញចោលមីនប្រឆាំងមនុស្សជាង ១លានគ្រាប់ មីនប្រឆាំងរថក្រោះជាង២ម៉ឺនគ្រាប់ និងសំណល់​ជាតិផ្ទុះពីសង្គ្រាមជិត ៣លានគ្រាប់ ហើយផ្ទៃដីដែលបានរំដោះនោះបានយកប្រើប្រាស់សម្រាប់សាងសង់លំនៅដ្ឋាន ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍជាតិ៕