រយៈពេល៧ឆ្នាំកន្លងមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជាបានសម្រេចលទ្ធផលធំៗជាច្រើនសម្រាប់កិត្តិយសជាតិរយៈពេល៧ឆ្នាំកន្លងមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជាបានសម្រេចលទ្ធផលធំៗជាច្រើនសម្រាប់កិត្តិយសជាតិ

AKP សៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងប្រាប់អ្នក សារព័ត៌ មានក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជន កម្ពុជានៅខេត្តសៀមរាប​កាល​ពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ថា សហភាពសហព័ន្ធ យុវជនកម្ពុជា នៅក្នុងរយៈពេល៧ឆ្នាំមកនេះ បានចូលរួមក្នុងកិច្ចការងារ ការពារ ថែរក្សា និងលើកស្ទួយការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ទៅដល់យុវជន តាមរយៈការដឹកនាំរៀបចំមហា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ការកៀរគរយុវជន និងប្រជាជនខ្មែរមករួមគ្នាសម្រេចស្នាដៃធំៗ ជាច្រើនដូចជា ការបំបែកឯតទគ្គកម្មពិភពលោក មានដូចជា នំអន្សមយក្សមានទម្ងន់ធ្ងន់ ជាងគេ ការរាំចង្វាក់ម៉ាឌីហ្សូន ក្រមាវែងជាគេលើពិភពលោក និងទូកងវែងជាងគេលើ ពិភពលោក និងការទទួលបានមេដាយ និងពាន់រង្វាន់អន្តរជាតិជាបន្តបន្ទាប់។

ឯកឧត្តមបានបន្ដថា សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មក្នុង កិច្ចការងារសង្គម និងមនុស្សធម៌ ក្នុងនោះរួមមាន ការបរិចាគឈាម  ការចុះជួយប្រជាជន មូលដ្ឋានដែលជួបការលំបាក ឬរងប៉ះពាល់ដោយគ្រោះធម្មជាតិផ្សេងៗ ការចូលរួមសង្កេត ការណ៍ការបោះឆ្នោត និងការប្រឡងមធ្យមសិក្សាទុតិយភូមិ  ការគាំទ្រនូវគម្រោង ឬកម្មវិធី ផ្សេងៗដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ ជំរុញឱ្យយុវជនយកចិត្ត ទុកដាក់លើ ការសិក្សា និងពង្រឹងសមត្ថក្នុងនាមយុវជនកម្ពុជា ដើម្បីផ្តល់ត្រឡប់ទៅសង្គមជាតិដែលខ្លួន រស់នៅ និងដើម្បីអនាគតកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា នៅកិច្ចប្រជុំគណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធ យុវជនកម្ពុជានៅខេត្តសៀមរាបរយៈពេល២ថ្ងៃមកនេះ អង្គប្រជុំបានឈ្វេងយល់ពីបញ្ហា ប្រឈម និងរិះរកដំណោះស្រាយ ដើម្បីកំណត់អាទិភាព និងលើកទិសដៅសកម្មភាពបន្ត, ស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សារភ្ជាប់ផែនការការងារឱ្យស្របតាមការវិវត្តជាក់ស្តែង របស់សង្គម, និងក៏ជាវេទិកាជួបជុំគ្នាដើម្បីពង្រឹង និងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារ សហ ភាពសហព័ន្ធយុវជនកម្ពុជា។ ស្របពេលទៅនឹងដំណើរការវិវត្តឥតឈប់ឈរ នៃស្ថិរភាព សង្គម នយោបាយ និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ការវិវត្តចុងក្រោយ បាន បង្ហាញឱ្យកាន់តែច្បាស់ថាយុវជនកាន់តែមានតួនាទីសំខាន់ខ្លាំងឡើងៗនៅក្នុងបរិបទសង្គម ក៏ដូចជាបរិបទនយោបាយ។

ជាមួយគ្នានោះ ស.ស.យ.ក បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនចូលរួមក្នុង កិច្ចការងារសង្គម និងបានទាក់ទាញយុវជនឱ្យរក្សាជំហរ និងគាំទ្រនូវគោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសជំរុញការរួបរួមគ្នា និងពួតដៃគ្នាក្នុងនាមយុវ ជនខ្មែរដែលជាធនធានពោរពេញដោយចំណេះដឹង និងសមត្ថភាពចូលរួមជាមួយរដ្ឋាភិបាល ក្នុងការជំរុញកម្ពុជាឱ្យក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

ដោយ ឃុត សៅ