សេចក្តីប្រកាសព័ត៌មានស្តីពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកកម្ពុជា

វិទ្យុជាតិកម្ពុជា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក នៅថ្ងៃទី២២ និង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» ។


នៅក្នុងកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញភាពជាដៃគូសម្រាប់ចីរភាព ដើម្បីសម្រេចបាននូវសហគមន៍អាស៊ានមួយដែលយកចិត្តទុកដាក់ និងផ្ដោតលើប្រជាជន ដោយមិនបំភ្លេចនរណាម្នាក់។ នៅក្នុងបរិយាកាសតំបន់ និងសកលលោកដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ក៏ដូចជាការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា នវានុវត្ត ឌីជីថល ថ្នាក់ដឹកនាំអាស៊ានបានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនានា និងការកសាងប្រព័ន្ធអ៊ីនធឺណិតមួយប្រកប ដោយសុវត្ថិភាព សន្តិសុខ និងធន់រឹងមាំ ដែលគាំទ្រដល់សេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន។ ថ្នាក់ដឹកនាំ បានបញ្ជាក់អះអាងពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់កិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅក្នុងឆ្នាំនេះ។ ថ្នាក់ដឹកនាំក៏បានបង្ហាញអំពីការព្រួយបារម្ភជុំវិញនិន្នាការកើនឡើងនៃគំនិតគាំពារនិយម និងការប្រឆាំងសាកលភាវូបនីយកម្ម ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសាកលលោក និងបង្កការគម្រាមកំហែងដល់ពហុភាគីនិយម។
សេចក្តីប្រកាសព័ត៌មានបានអោយដឹងថាថ្នាក់ដឹកនាំបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការអនុម័តសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជាដៃគូសម្រាប់ចីរភាព និងឯកសារទស្សនទាន និងលក្ខន្តិកៈ សម្រាប់បណ្តាញ សមាគមន៍អាស៊ាននៃប្រទេសសមាជិកអាស៊ាន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីអាស៊ាន និងអត្តសញ្ញាណអាស៊ាន។ ថ្នាក់ដឹកនាំក៏បានបញ្ជាក់អំពីការព្រួយបារម្ភចំពោះការកើនឡើងយ៉ាងខ្លាំង និងឆាប់រហ័សនៃកាកសំណល់សំរាមក្នុងសមុទ្រ និងបានឯកភាពអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងបាងកក ស្តីពីការប្រយុទ្ធប្រឆាំងកាកសំណល់សំរាមក្នុងសមុទ្រក្នុងតំបន់អាស៊ាន ។
ថ្នាក់ដឹកនាំបានស្តាប់របាយការណ៍របស់មីយ៉ាន់ម៉ាស្តីពីការវិវឌ្ឍថ្មីៗនៅក្នុងរដ្ឋរ៉ាខាញ និងបានឯកភាពជំរុញតួនាទីអាស៊ានបន្ថែមទៀត ដើម្បីគាំទ្រមីយ៉ាន់ម៉ា ក្នុងការផ្តល់ជំនួយមនុស្សធម៌ និងជួយសម្រួលដល់ដំណើរការមាតុភូមិនិវត្តន៍។ នៅក្នុងបរិបទនេះ កម្ពុជាបានផ្តល់វិភាគទានទឹកប្រាក់ចំនួនប្រាំបួនម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួយដល់សកម្មភាពមនុស្សធម៌ក្នុងរដ្ឋរ៉ាខាញ។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ថ្នាក់ដឹកនាំបានអះអាងជាថ្មីអំពីសារៈសំខាន់ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ថ្នាក់ដឹកនាំបានបញ្ជាក់អំពីផលប្រយោជន៍ក្នុងការធ្វើឲ្យសមុទ្រចិនខាងត្បូង ជាសមុទ្រមួយមានសន្តិភាព ស្ថិរភាព និងវិបុលភាព។ ថ្នាក់ដឹកនាំស្វាគមន៍កិច្ចប្រឹងប្រែងដើម្បីបញ្ចប់ការពិនិត្យពិភាក្សាជុំទី១ នៃសេចក្ដីព្រាងក្រមប្រតិបត្ដិសមុទ្រចិនខាងត្បូង COC នៅឆ្នាំនេះ។ ចំពោះឧបទ្វីបកូរ៉េ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការបន្តកិច្ចសន្ទនាប្រកបដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងឧបទ្វីបកូរ៉េ និងបានស្វាគមន៍គំនិតផ្ដួចផ្ដើម និងកិច្ចខិតខំប្រឹងប្រែងរបស់ ដើម្បីជំរុញអោយមានការសន្ទនាជាមួយស.ប.ប.កូរ៉េ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពក្នុងតំបន់។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូល ដោយគូសបញ្ជាក់នូវចំណុចសំខាន់ៗ រួមមាន៖ ១) អាស៊ានត្រូវបន្តការពារ និងពង្រឹងមជ្ឈភាព និងឯកភាពរបស់ខ្លួន ២) ដំណើរឆ្ពោះទៅមុខក្នុងការកសាងសហគមន៍អាស៊ាន ៣) ភាពចាំបាច់នូវឆន្ទៈនយោបាយដ៏មោះមុត សំដៅជំរុញឲ្យការចរចារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RECP) បានបញ្ចប់តាមការគ្រោងទុក នៅក្នុងឆ្នាំ២០១៩ ៤) ភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់បន្ថែមទៀតដើម្បីសម្រេចបាននូវកិច្ចប្រឹងប្រែងសមាហរណកម្មតំបន់តាមរយៈការអនុវត្តដោយប្រសិទ្ធិភាពនូវផែនការការងារដំណាក់កាលទី៣ (IAI Work Plan III) ៥) សារៈសំខាន់នៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន ៦) ការងាររបស់មជ្ឈមណ្ឌលអាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) និង ៧) បណ្តាញទីក្រុងឆ្លាតអាស៊ាន (សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនភ្ជាប់)។កិច្ចប្រជុំកំពូលបានអនុម័តឯកសារសំខាន់ៗចំនួន ៤ រួមមានៈ ១) សេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជាដៃគូសម្រាប់ចីរភាព ២) សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ស្តីពីការទប់ស្កាត់សំណល់សមុទ្រក្នុងតំបន់អាស៊ាន ៣) សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីឆ្នាំវប្បធម៌អាស៊ាន ២០១៩ និង ៤) ឯកសារទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ បន្ថែមលើនេះ ថ្នាក់ដឹកនាំបានប្រកាសដាក់ឲ្យដំណើរការនូវឃ្លាំងផ្កាយរណបអាស៊ាននៅក្នុងខេត្តឆៃណាត ដែលស្ថិតក្រោមប្រព័ន្ធភស្តុភារសង្គ្រោះបន្ទាន់ ពេលមានគ្រោះមហន្តរាយអាស៊ាន នៅក្នុងឱកាសពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន។
សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំអាស៊ានដទៃផ្សេងទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន តំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងតំណាងយុវជនអាស៊ាន។
បន្ថែមពីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញ ចូលរួមពិសារអាហារពេលព្រឹកជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីសូលីត និង ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វុក។ សម្តេចតេជោ ក៏មានជំនួបទ្វេភាគីរយៈពេលខ្លីជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនលុង៕