ស្ពានឈើប្រវែង ២១៥ម៉ែត្រនៅប្រាសាទបេងមាលា ស្ថាបនារួចរាល់ជាស្ថាពរ

AKP សៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ -សំណង់ស្ពានឈើខ្វាត់ខ្វែងនៅក្នុងប្រាសាទបេងមាលា ប្រវែង ២១៥ម៉ែត្រ(ដោយរាប់ទាំងជណ្តើរផង) ដែលសង់ថ្មីជំនួសស្ពានឈើចាស់នោះ បានស្ថាបនារួចរាល់ជាស្ថាពរហើយកាលពីដើមខែឧសភា ឆ្នាំ២០១៩នេះ ដែលសាងសង់ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន ខាំ សុម៉េត។ ក្រោយការសាងសង់រួចស្ពាននេះបានបង្កើតនូវភាពទាក់ទាញជាខ្លាំងដល់ ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ក្នុងការផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាសាទ និងផ្តល់ភាពងាយស្រួលក្នុងការទស្សនាសំណង់ស្ថាបត្យកម្មខ្មែរដ៏ធំមួយនេះ។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ថា ស្ពានឈើក្នុងប្រាសាទបេងមាលានេះមានប្រវែងសរុប២៩៥ម៉ែត្រ ធ្លាប់ធ្វើការជួសជុលបីលើករួចមកហើយ គឺនៅឆ្នាំ២០០៥  ២០០៨ និង២០១៥។ ថ្មីៗនេះដោយសារស្ពានចាស់មានសភាពទ្រុឌទ្រោម ដោយកត្តាអាយុកាល គុណភាពឈើ អាកាសធាតុ ធ្វើឱ្យស្ពានពុកផុយអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ពិសេសស្ពានមានទំហំតូចចង្អៀតមិនសមនឹងកំណើនភ្ញៀវទេសចរ ទើបអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន ខាំសុម៉េត បានសម្រេចធ្វើការរុះរើ និងសាងសង់ស្ពានថ្មីប្រវែង ២១៥ម៉ែត្រ លើប្រវែងសរុប ២៩៥ម៉ែត្រ ដោយចំណាយឈើអស់ ៨៣ម៉ែត្រគូប ដែលធ្វើពីឈើគគីរ ផ្ចឹកនិងរាំង មានការរចនាស្អាតរឹងមាំអាចធន់បានរហូតដល់ជាង១០ឆ្នាំ ថែមទាំងបានពង្រីកទំហំពី ៨០សង់ទីម៉ែត្រទៅ១.៥០ម៉ែត្រ ដើម្បីភ្ញៀវទេសចរងាយស្រួលដើរទស្សនាទៅវិញទៅមក។

រីឯបច្ចេកទេសនៃការធ្វើស្ពាននេះត្រូវបាន លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរឱ្យដឹងថា ក្រុមការងារបានគណនាយ៉ាងល្អិតល្អន់ពីកម្រាស់ និងទំហំឈើ ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ ពង្រឹងរចនាសម្ព័ន្ធស្ពានដោយរៀបចំគ្រឿងបង្គំសំណង់ទៅតាមបទដ្ឋានបច្ចេកទេស។ ចំណែកការភ្ជាប់ឈើ គឺប្រើប៊ូឡុង សម្រាប់មួលភ្ជាប់ដែលធានាគុណភាពជាប់ជាងដែកគោល ពិសេសងាយស្រួលក្នុងការជួសជុលនៅពេលក្រោយ។ ក្នុងនោះដែរដើម្បីការពារសំណង់ស្ពានឱ្យនៅបានយូរ ក្រុមការងារក៏បានប្រើថ្នាំការពារសត្វល្អិតចង្រៃលាបសាច់ឈើផងដែរ។

គួរបញ្ជាក់ថា ប្រវត្តិនៃស្ពានឈើនេះវិញគឺបានសង់ឡើងនៅឆ្នាំ២០០២ ដោយក្រុមហ៊ុនភាពយន្តអន្តរជាតិមួយដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ក្នុងការថតរឿងនៅក្នុងប្រាសាទបេងមាលា ដើម្បីងាយស្រួលដឹកជញ្ជូនឧបករណ៍ថតកុន ដែលមានទម្ងន់ធ្ងន់ៗទើបគេបានសាងសង់ស្ពាននេះឡើង។ ក្រោយបញ្ចប់ការថត អាជ្ញាធរជាតិអប្សរាបានថែរក្សានិងជួសជុលស្ពាននេះបន្តបន្ទាប់រហូតដល់សព្វថ្ងៃ ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលក្នុងការធ្វើដំណើរទស្សនាប្រាសាទ ហើយដោយសារភាពទាក់ទាញនៃសំណង់ស្ថាបត្យកម្មដ៏មហិមារំលេចទៅដោយក្បូរក្បាច់រចនាសម្បូរបែបរួមផ្សំនឹងវត្តមានស្ពានឈើដ៏វែង ប្រាសាទបេងមាលា បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងរដូវមានភ្ញៀវទេសចរតិចពី១៥.០០០នាក់ទៅ៣០.០០០នាក់ និងរដូវមានភ្ញៀទេសចរវច្រើនពី៣០.០០០នាក់ដល់ជាង៤០.០០០នាក់ ក្នុងរយៈពេល ១ឆ្នាំៗ៕

ដោយ ហង្ស សៀក