គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ -គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា  ដឹកនាំដោយលោកជំទាវកិតិ្តសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ កាលពីព្រលប់ថ្ងៃអាទិត្យ ៦រោច​ ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំរវាងអន្តរសភាអាយប៉ា និងអាស៊ាន នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (34th ASEAN Summit) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានឱ្យដឹងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក្រោយពេលមកដល់ថា កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាននៃប្រទេសទាំង ១០ប្រទេស នៃអាស៊ាន និងតំណាងអន្តរសភាអាយប៉ា ក្រោមមូលបទ“ជំរុញភាពជាដៃគូសម្រាប់ចីរភាព” ផ្តោតការយកចិត្តទុកដាក់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងពង្រឹងកុងសង់ស៊ុស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកល ថ្មីៗ។

ឯកឧត្តមបន្តថា  កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នេះ បានពិនិត្យ និងពិភាក្សាគ្នាទៅលើសាររបស់អាយប៉ា (AIPA Message) ដែលត្រូវថ្លែងដោយ ឯកឧត្តម ឆួន លីគប៉ៃប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ និងជាប្រធានដឹកនាំកិច្ចប្រជុំ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះ បានឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញដំណើរការកសាងសហគមន៍ និងលើកកម្ពស់ភាពជាដៃគូរបស់អាស៊ានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងចំណោមបញ្ហាផ្សេងៗទៀត ដើម្បីសម្រេចឱ្យបាននូវសន្តិភាពស្ថិរភាពនិងវិបុលភាពយូរអង្វែងក្នុងតំបន់ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនអាស៊ាន។

ជាពិសេសឱ្យ អាយប៉ា ផ្តល់នូវការចូលរួមគំនិត ស្តីពីទស្សនៈវិស័យសំខាន់ៗ ក្នុងភាពជាដៃគូអាយប៉ា និង អាស៊ាន (AIPA-ASEAN Partnership) និងផ្តល់ជូននូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់លទ្ធិប្រជាធិបតេយ្យ។       នៅក្នុងកិច្ចប្រជុំនេះ តំណាងអន្តរសភាអាយប៉ានីមួយៗបានបញ្ចេញនូវទស្សនៈរួមគ្នាដែលថា អំណាចនីតិប្បញ្ញត្តិពិតជាត្រូវការការគាំទ្រយ៉ាងខ្លាំងពីប្រជាជន។ សហគមន៍អាស៊ានទាំងមូលត្រូវបានទ្រទ្រង់ដោយសសរស្តម្ភ ៣សំខាន់ៗ មានជាអាទិ៍ សន្តិសុខ-នយោបាយ, សេដ្ឋកិច្ច និង វប្បធម៌សង្គម ហើយដែលក្នុងចំណោមសសរស្តម្ភទាំង ៣នេះ គឺ វប្បធម៌សង្គម មានទំនាក់ទំនងដោយផ្ទាល់ជាងគេទៅនឹងប្រជាជនទូទៅជារួមក្នុងអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឆួន លីគប៉ៃ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធានប្តូរវេនអន្តរសភាអាយប៉ា លើកទី៤០ បានឡើងថ្លែងសាររបស់អាយប៉ា ដែលជាទស្សនៈរួមបញ្ចូលគ្នារបស់ប្រទេសជាសមាជិកអាយប៉ាទាំង១០ ដោយផ្តោតសំខាន់ទៅលើសមិទ្ធផលនានា និងទិសដៅសកម្មភាពដែលអាយប៉ា បាននិងកំពុងបន្តអនុវត្តន៍កន្លងមកព្រមទាំងរិះរកយន្តការថ្មីៗសំដៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាយប៉ា និងអាស៊ាន ឱ្យកាន់តែមានសមាហរណកម្មជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពថែមទៀត ។ សាររបស់អាយប៉ា បានបញ្ជាក់យ៉ាងច្បាស់ថា ការអភិវឌ្ឍពិតប្រាកដដោយផ្តោតសំខាន់លើប្រជាជនត្រូវតែឈរលើមូលដ្ឋាននូវរាល់កិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងនីតិរដ្ឋ។ ជាការពិតណាស់ មានតែអ្នកតំណាងប្រជាជនទេ ដែលអាចធ្វើការងារយ៉ាងមានប្រសិទ្ធភាព ជាការតភ្ជាប់គ្នារវាងប្រជាជន និងអាស៊ាន។ ហេតុនេះហើយកិច្ចប្រជុំកំពូលអន្តរសភាអាយប៉ា និងអាស៊ាន គួរត្រូវបានពង្រឹងសម្រាប់គោលបំណងនៃការចូលរួមជាកម្លាំងមួយដើម្បីលើកកម្ពស់រាល់កិច្ចខិតខំផ្សេងៗដូចបានរៀបរាប់កន្លងមក។

លើសពីនេះ ក៏មានការព្រួយបារម្ភជាច្រើនដែលលើកឡើងដោយសមាជិកសភា អន្តរសភាអាយប៉ា និងបានដាក់ស្នើនៅក្នុងកិច្ចប្រជុំកំពូលអន្តរសភាអាយប៉ា និង អាស៊ាន ដែលចំណុចសំខាន់ៗទាំងនោះ រួមមាន៖ បម្រែបម្រួលអាកាសធាតុ និងការការពារបរិស្ថាន ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ការផ្តល់អំណាចដល់ស្រ្តី និងលើកកម្ពស់សមភាពយេនឌ័រ  បញ្ហាភេវរកម្ម និងហិង្សាជ្រុលនិយម បដិវត្តន៍ឧស្សាហកម្ម ៤.០ កិច្ចព្រមព្រៀងរួមនៃបញ្ហាសមុទ្រចិនខាងត្បូង និងសនិ្តសុខដែនសមុទ្រ បញ្ហាអន្តរទំនាក់ទំនងនៃស្បៀង ទឹក ថាមពល នៅក្នុងតំបន់ ជាពិសេសក្នុងអនុតំបន់ទន្លេមេគង្គ បញ្ហាការជួញដូរគ្រឿងញៀន និងមនុស្ស ខុសច្បាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងការគ្រប់គ្រង និងថែរក្សាបេតិកភណ្ឌវប្បធម៌ដោយមានការចូលរួមពីប្រជាជននៅតាមមូលដ្ឋាន៕

ដោយ ប៉ាល់ សុង