ខេត្តស្ទឹងត្រែងនាំយកដើម កាកាវ ជាប្រភេទដំណាំឧស្សាហកម្ម មកដាំជាលើកដំបូង

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ក្រុមហ៊ុនគ្រីសារ៉ន (ខូអិលធីឌី)ប្រចាំនៅកម្ពុជាបាន នាំយកដើម ការកាវ ជាប្រភេទដំណាំឧស្សហកម្ម មកដាំនៅខេត្តស្ទឹងត្រែងជាលើកដំបូង ដើម្បីបំផុសឱ្យកសិករនាំគ្នា ដាំដុះ មានការងារធ្វើនៅតាមគ្រួសារនីមួយៗ ឈានទៅរួមគ្នាកាត់បន្ថយការធ្វើចំណាកស្រុកទៅក្រៅប្រទេស។


លោកស្រី គ្រី.សារ៉ន ប្រធាក្រុមហ៊ុនគ្រីសារ៉ន (ខូអិលធីឌី)ប្រចាំនៅកម្ពុជាមានប្រសាសន៍ថា៖នៅប្រទេសកម្ពុជាយើងមានកសិករប្រមាណ៨៥%បានដាំដំណាំឧស្សាហកម្មជាច្រើនប្រភេទ តែផលិតផលដំណាំមួយផ្នែក ពេលនាំចេញត្រូវឈ្មួញបង្អាប់ថ្លៃ ធ្វើឱ្យកសិករបាក់ទឹកចិត្តនិងខ្លះទៀតបោះបង់ចោលការដាំដុះ។ លោកស្រីបន្តថា៖ដើម្បីកុំឱ្យមានការរំខានដល់មុខរបរ នេះសូមកសិករងាកមកដាំដំណាំកាកាវ វិញ ព្រោះមានទីផ្សារពិភពលោកប្រមូលទិញច្បាស់លាស់។


សម្លេង៖អញ្ចឹងដំណាំកាកាវមួយ យើងឃើញថាមានទីផ្សារច្បាស់លាស់ទីផ្សារនៅលើពិភពលោកពិតប្រាកដអញ្ចឹងបានខ្ញុំឃើញថាល្អ ខ្ញុំនាំយកដំណាំកាកាវមួយនេះយកមកឱ្យប្រជាពលរដ្ឋរបស់យើងដាំនៅក្នុងប្រទេសកម្ពុជាឱ្យបានពេញដីនៅក្នុងប្រទេសកម្ពុជាព្រោះអីដីនៅសល់ទំនេរច្រើន។
ឯកឧត្តម ឈួរ ស្រុន សមាជិកក្រុមប្រឹក្សាខេត្តមានប្រសាសន៍ទទួលស្គាល់ថា៖ដីកសិកម្មនៅខេត្តស្ទឹងត្រែងអំណោយផលលើដាំណាំឧស្សហកម្ម ព្រោះបច្ចុប្បន្នមានកសិករយើងដាំស្វាយចន្ទី-ស្វាយកែវល្មៀត-ត្របែក-មៀន-តាងែន- ខ្នុរ-កៅស៊ូ -ម្រេចនិងកំពុងដាំធុរេនមួយមុខទៀត។ ឯកឧត្តមបន្ថែមថា៖សំខាន់ជាងនេះចូរបងប្អូនពង្រីកផលដំណាំណាដែលមានទីផ្សារល្អ ដើម្បីយើងកែប្រែជីវភាពរស់នៅ ហើយងាយស្រួលលក់ផង។
សម្លេង៖ប្រជាពលរដ្ឋអ្នកមានដីធ្លីដែលសាកសមនិងដាំដើមការកាវបាន ព្រោះរោងចក្រគេទទួលទិញហើយ ច្រើនកាលណាល្អកាលហ្នឹង បើចំនួនតិចគេមិនអាចបង្កើតរោងចក្រឬមានក្រុមហ៊ុនទិញរបស់យើងឡើយ អញ្ចឹងក្នុងន័យនេះមានន័យថាយើងរួមគ្នាដាំឱ្យបានច្រើនគឺយើងមានទីផ្សារច្រើន។
លោកសាយកុសល អភិបាលក្រុងស្ទឹងត្រែងមានប្រសាសន៍ថា៖នេះជាគោលបំណងដែលអាជ្ញាធរនិងប្រជាពលរដ្ឋយើងចង់បាន ព្រោះកន្លងមក មានក្រុមហ៊ុនមួយចំនួនចេះតែមកបំផុសឱ្យប្រជាពលរដ្ឋដាំដំណាំផ្សេងៗ តែមិនមានការប្រមូលទិញទៅវិញទេ ដូចជាសណ្តែកផ្កាយ ជាដើម។លោកបន្ថែមថា៖ដំណាំឧស្សហកម្ម កាកាវ នៅខេត្តស្ទឹងត្រែងមិនទាន់មានកសិករយើងដាំទេ ដូចនេះបើមានក្រុមហ៊ុនប្រមូលទិញធានាអះអាងត្រឹមត្រូវ អាជ្ញាធរនិងចលនាប្រជាពលរដ្ឋយើងនាំគ្នាដាំដុះឱ្យបានច្រើន ជាជាងទុកដីទំនេចោល។
សូមបញ្ជាក់ថា៖កាកាវ ជាដាំណាំឧស្សហកម្ម មួយប្រភេទដែលក្រុមហ៊ុនគ្រីសារ៉ន(ខូអិលធីឌី)បាននាំចូលមកដាំនៅប្រទេសកម្ពុជា ជាលើកដំបូង ដើម្បីឱ្យប្រជាកសិករចំណាយទុនតិច ទទួលបានទិន្នផលច្រើននិងមានប្រាក់ចំណូលខ្ពស់ បច្ចុប្បន្នដាំណាំនេះមានដាំនៅតាមបណ្តាខេត្តមួយចំនួនហើយ៕