អាយប៉ា ថា អំណាចនីតិបញ្ញត្តិត្រូវការការគាំទ្រពីប្រជាជន

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី ៖

អន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា(AIPA) បានលើកឡើងថា អំណាចនីតិបញ្ញត្តិត្រូវការការគាំទ្រយ៉ាងខ្លាំងពីប្រជាជននៅក្នុងសហគមន៍អាស៊ានទាំងមូល។
បើតាមការឲ្យដឹងពីរដ្ឋសភាកម្ពុជា ក្រោយគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយលោកជំទាវ ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា ចូលរួមក្នុងកិច្ចប្រជុំរវាងអន្តរសភាអាយប៉ា និងអាស៊ាន នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៤ នាទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី ២០-២៣ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់ថា អាស៊ានត្រូវបានទ្រទ្រង់ដោយសសរស្តម្ភ ៣ សំខាន់ៗ មានជាអាទិ៍ សនិ្តសុខ-នយោបាយ សេដ្ឋកិច្ច និង វប្បធម៌សង្គម ហើយដែលក្នុងចំណោមសសរស្តម្ភទាំង ៣ នេះ គឺ វប្បធម៌សង្គម មានទំនាក់ទំនងដោយផ្ទាល់ជាងគេទៅនឹងប្រជាជនទូទៅជារួមក្នុងអាស៊ាន។ ការណ៍នេះសរបញ្ជាក់ថា សភាជាតួអង្គដ៏សំខាន់ក្នុងការចូលរួមក្នុងការពង្រឹងស្មារតីប្រជាជនក្នុង “ភាពជាម្ចាស់” នៅក្នុងសហគមន៍ អាស៊ាន ដែលនេះអាចនិយាយបានថាជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា កំឡុងពេលនៃកិច្ចប្រជុំត្រៀមនេះ មានការស្នើបញ្ចូលបន្ថែមនូវបញ្ហា ដែលជាក្តីកង្វល់របស់សមាជិកសភាអន្តរសភាអាយប៉ា សម្រាប់ដាក់ស្នើក្នុងកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា។ ឆ្លៀតក្នុងឱកាសនោះ សភាកម្ពុជា បានស្នើដាក់បញ្ចូលបន្ថែមនូវចំណុច ២ សំខាន់ មានជាអាទិ៍៖ ១. ការផ្តល់អំណាច់ដល់ស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រ , ២. បញ្ហាអន្តរទំនាក់ទំនងនៃស្បៀង ទឹក ថាមពល នៅក្នុងតំបន់ ជាពិសេសក្នុងអនុតំបន់ទន្លេមេគង្គ។ រីឯសមភាគីវៀតណាមបានស្នើបញ្ចូលបន្ថែមបញ្ហាការជួញដូរគ្រឿងញៀន និងមនុស្សខុសច្បាប់ខណៈសមភាគីថៃស្នើបញ្ចូលបន្ថែមនូវការរឹតបន្តឹងកិច្ចសហប្រតិបត្តិក្នុងតំបន់ក្នុងការគ្រប់គ្រង និងថែរក្សាបេតិកភណ្ឌវប្បធម៌ ដោយមានការចូលរួមពីប្រជាជនតាមមូលដ្ឋាន។
លទ្ធផលនៃកិច្ចប្រជុំកំពូលរវាងអន្តរសភាអាយប៉ា និងអាស៊ាន នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ បានបង្ហាញក្រោយគណៈប្រតិភូសភាកម្ពុជា បានមកដល់កម្ពុជាវិញ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ យប់ថ្ងៃទី២៣ ខែមិថុនានេះថា កិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាង អាស៊ាន និង អាយប៉ា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និង អាយប៉ា ដែលជាការគាំទ្រគ្នាទៅវិញទៅមករវាងអង្គនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ, ការផ្លាស់ប្តូរព័ត៌មាន និងការពិភាក្សាលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ដើម្បីឆ្ពោះទៅរកការសម្រេចបានគោលបំណងនៃសនិ្តភាព, ស្ថិរភាព និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងការពន្លឿន និង ជំរុញឲ្យសម្រេចបាននូវសហគមន៍អាស៊ាន មួយ ដោយឈរលើមូលដ្ឋាន “ផ្តោតសំខាន់លើប្រជាជន និងយល់ដឹងពីសារៈសំខាន់នៃអាស៊ាន” និងការត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាន នាពេលអនាគត។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឆួន លីគប៉ៃ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធានប្តូរវេនអន្តរសភាអាយប៉ា លើកទី៤០ បានឡើងថ្លែងសាររបស់អាយប៉ា ដែលជាទស្សនៈរួមបញ្ចូលគ្នារបស់ប្រទេសជាសមាជិកអាយប៉ាទាំង ១០ ដោយផ្តោតសំខាន់ទៅលើសមិទ្ធផលនានា និងទិសដៅសកម្មភាពដែលអាយប៉ា បាននិងកំពុងបន្តអនុវត្តកន្លងមក ព្រមទាំងរិះរកយន្តការថ្មីៗ សំដៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាយប៉ា និង អាស៊ាន អោយកាន់តែមានសមាហរណកម្មជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពថែមទៀត ។
សាររបស់អាយប៉ា បានបញ្ជាក់យ៉ាងច្បាស់ថា ការអភិវឌ្ឍពិតប្រាកដដោយផ្តោតសំខាន់លើប្រជាជនត្រូវតែឈរលើមូលដ្ឋាននូវរាល់កិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងនីតិរដ្ឋ។ មានតែអ្នកតំណាងប្រជាជនទេ ដែលអាចធ្វើការងារយ៉ាងមានប្រសិទ្ធភាព ជាការតរភ្ជាប់គ្នារវាងប្រជាជន និងអាស៊ាន។ ហេតុនេះហើយ កិច្ចប្រជុំកំពូលអន្តរសភាអាយប៉ា និងអាស៊ាន គួរត្រូវបានពង្រឹងសម្រាប់គោលបំណងនៃការចូលរួមជាកម្លាំងមួយ ដើម្បីលើកកម្ពស់រាល់កិច្ចខិតខំផ្សេងៗដូចបានរៀបរាប់កន្លងមក។
លើសពីនេះ ក៏មានការព្រួយបារម្ភជាច្រើនដែលលើកឡើងដោយសមាជិកសភាអន្តរសភាអាយប៉ា និងបានដាក់ស្នើនៅក្នុងកិច្ចប្រជុំកំពូលអន្តរសភាអាយប៉ា និង អាស៊ាន ដែលចំណុចសំខាន់ៗទាំងនោះរួមមាន៖បម្រែបម្រួលអាកាសធាតុនិងការការពារបរិស្ថាន ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ការផ្តល់អំណាចដល់ស្រ្តី និងលើកកម្ពស់សមភាពយេនឌ័រ បញ្ហាភេវរកម្ម និងហិង្សាជ្រុលនិយម បដិវត្តន៍ឧស្សាហកម្ម ៤.០ កិច្ចព្រមព្រៀងរួមនៃបញ្ហាសមុទ្រចិនខាងត្បូង និងសនិ្តសុខដែនសមុទ្រ បញ្ហាអន្តរទំនាក់ទំនងនៃស្បៀង ទឹក ថាមពល នៅក្នុងតំបន់ ជាពិសេសក្នុងអនុតំបន់ទន្លេមេគង្គ បញ្ហាការជួញដូរគ្រឿងញៀន និង មនុស្ស ខុសច្បាប់ ការពង្រឹងកិច្ចសហប្រតិបត្តិក្នុងតំបន់ក្នុងការគ្រប់គ្រង និងថែរក្សាបេតិកភណ្ឌវប្បធម៌ ដោយមានការចូលរួមពីប្រជាជនតាមមូលដ្ឋាន។
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ក្រោមមូលបទ “ជំរុញភាពជាដៃគូសម្រាប់ចីរភាព” ផ្តោតការយកចិត្តទុកដាក់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ុសក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។ កិច្ចប្រជុំកំពូលប្រព្រឹត្តទៅក្នុងគោលបំណងរិះរកមធ្យោបាយនានាក្នុងការធ្វើឲ្យអាស៊ានឈានទៅកាន់កម្រិតខ្ពស់ថែមទៀតប្រកបដោយចីរភាព និងមានការតភ្ជាប់ដោយរលូន។
ជាការរំពឹងទុក លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញដំណើរការកសាងសហគមន៍ និងលើកកម្ពស់ភាពជាដៃគូរបស់អាស៊ានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងចំណោមបញ្ហាផ្សេងៗទៀត ដើម្បីសម្រេចឲ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែង ក្នុងតំបន់ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនអាស៊ាន៕