ព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា ត្រូវបានធ្វើជាលើកទី៥ នៅមុខប្រាសាទអង្គរវត្ត ដែលមានអ្នកចូលរួមជាង១ពាន់នាក់

AKP សៀមរាប ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ — ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាសហការជាមួយក្រសួងទេសចរណ៍កម្ពុជា បាន​រៀប​ចំព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា (yoga) នៅមុខប្រាសាទអង្គរវត្ត ក្នុងខេត្តសៀម​រាប​ជា​លើកទី​៥ សម្រាប់ប្រទេសកម្ពុជា។ ពិធីនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នំា២០១៩​នេះ។ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា បានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា (yoga) នៅ​កម្ពុជាឆ្នំានេះ បានធ្វើឡើងចំនួន៤កន្លែង ក្នុងនោះនៅមុខប្រាសាទអង្គរវត្ត នៅខេត្តព្រះសីហនុ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ហើយសម្រាប់នៅមុខប្រាសាទអង្គរវត្ត គឺមានអ្នក​ចូល​រួមជាង១ពាន់នាក់។ លោកជំទាវបានបន្តថា ការធ្វើលំហាត់ប្រាណយូហ្កា (yoga) នេះបានធ្វើ​ឱ្យសុខភាពរបស់យើងរឹងមំា និងស្រួលខ្លួនជាងការធ្វើលំហាត់ប្រាណធម្មតា ពីព្រោះលំហាត់​ប្រាណយូហ្កានេះមានក្បាច់ និងការប្រើអារម្មណ៍ច្រើន។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ព្រឹត្តិការ​ណ៍នេះមានសារៈសំខាន់ណាស់មិនត្រឹមជាការផ្សព្វផ្សាយអំពីលំហាត់ប្រាណយូហ្កា (yoga) ដ៏ពេញនិយមរបស់ឥណ្ឌាទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែតែវាក៏បានជួយ​ផ្សព្វ​ផ្សាយអំពីសក្តានុពលទេសចរណ៍​វប្បធម៌របស់កម្ពុជា គឺប្រាង្គប្រាសាទអង្គរវត្ត ជារមណីយ ដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជាទៅកាន់ពិភពលោកទាំងមូលតាមរយៈការផ្សាយ បន្តផ្ទាល់ពីទូរទស្សន៍ដ៏ល្បីៗនៅលើពិភពលោក ក៏ដូចជាភ្ញៀវទេសចរ​ដែលបានមកចូលរួម​ផ្ទាល់ផងដែរ។ ឯកឧត្ដមបានបន្ដថា ព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានេះ បានធ្វើ​នៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នំាដើម្បីជាព្រឹត្តិការណ៍មួយសម្រាប់ទាក់ទាញ់អ្នកទេសចរ ពីព្រោះភ្ញៀវទេសចរគេបានមកធ្វើលំហាត់ប្រាណហើយបានមើលអង្គរផងដែរ។

ឯក​ឧត្តមរដ្ឋលេខាធិការបានបន្ថែមថា នៅក្នុងឆ្នាំ ២០១៨កន្លងទៅ កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ ៦.២លាននាក់ ក្នុងកំណើន១០.៧ភាគរយ  ក្នុងនោះទេសចរណ៍ ឥណ្ឌា​មានចំនួន ៦៥.៨៨៦នាក់ ក្នុងកំណើន ១០.៦ភាគរយ។ ដោយឡែក នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ១.៨៧០.០០០នាក់ កើនឡើង ៩.៧ភាគរយ។ ឯកឧត្ដមបានឱ្យដឹងទៀតថា តាមរយៈព្រឹត្តការណ៍ដ៏សំខាន់នេះយើង​សង្ឃឹម​ថា នឹងធ្វើឱ្យមានកំណើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ហើយកម្ពុជាក៏រំពឹងថា នឹងទទួល​បានភ្ញៀវទេសចរអន្តរជាតិចំនួនជាង៦.៦លាននាក់ក្នុងឆ្នាំ២០១៩ និងនៅឆ្នាំ២០២០ កម្ពុជា​នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៧លាននាក់ផងដែរ។

សូមបញ្ជាក់ថា Yoga គឺជាទស្សនៈវិទ្យាឥណ្ឌាបុរាណមួយដែលមានដើមកំណើតរាប់​ពាន់ឆ្នាំ​មកហើយ ត្រូវបានបង្កើតឡើងដើម្បីជាផ្លូវឆ្ពោះទៅរកការឈ្វេងយល់ផ្នែកស្មារតី។ នៅសម័យទំនើបនេះលក្ខណៈរូបវ័ន្តនៃការធ្វើ Yoga បានទទួលនូវប្រជាប្រិយភាពជាខ្លាំង​ជាទម្រង់នៃលំហាត់ប្រាណទន់ភ្លន់ និងការគ្រប់គ្រងស្ត្រេសដែលកំពុងទទួលបានការ​ចាប់​អារម្មណ៍កាន់តែខ្លាំងពីប្រជាជននៅលើពិភពលោក ក្នុងនោះប្រជាជនកម្ពុជាក៏មានការ​ចាប់​អារម្មណ៍យ៉ាងច្រើនដែរ៕

ដោយ ឃុត សៅ