កម្ពុជារៀបចំព្រឹត្តិកាណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ ក្រោមប្រធាបទ អភិរក្សស៊ីក្លូ ដើម្បីទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ដោយលោកចេម ហួត

ភ្នំពេញ៖ សមាគមន៍ទេចរណ៍កម្ពុជា សហការជាមួយក្រសួងទេសចរណ៍ សមាគមអភិរក្សស៊ីក្លូ និង​​មុខរបរក្រៅប្រព័ន្ធរៀបចំប្រារព្ធពិធី​ប្រណាំង​ស៊ីក្លូឆ្នាំ២០១៩ដើម្បីទឹកចិត្តដល់អ្នកប្រកបរបរធាក់ស៊ីក្លូ និងលើកកម្ពស់វិស័យទេសចរណ៍ស៊ីក្លូទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ព្រឹត្ដិការណ៏ប្រណាំងស៊ីក្លូទេសចរណ៏ ឆ្នាំ២០១៩ ធ្វើឡើងក្រោមប្រធានបទ អភិរក្ស​​ស៊ីក្លូ​​ដើម្បីទេសចរណ៍ ស្ថិតទីតាំង សួនច្បារព្រះបារមីជ្រោយចង្វារ សង្កាត់ជ្រោយ​​ចង្វារ ខណ្ឌជ្រោយ​​ចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ២៣មិថុនា ឆ្នាំ២០១៩ ក្រោម​​អធីប​តី​​ភាព​​ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៏ និង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជ​​ធានីភ្នំ​ពេញ​។

ថ្លែងក្នុងពិធីនោះឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៏ បានបញ្ជាក់ថា​ការ​ប្រារព្ធ​​​ពិធីប្រ​ណាំង​​ស៊ីក្លូព្រឹកនេះ មានគោលបំណងលើកកម្ពស់ បណ្តុះស្មារតីគាំទ្រ និង​អភិរក្ស​ស៊ីក្លូ​នៅកម្ពុជាទាំងអស់។  ស៊ីក្លូមិនត្រឹមតែ បានដើរតួនាទីជាមធ្យោបាយ​​ធ្វើដំណើរ​មួយដែល​​មិន​​​ប៉ះបាល់ដល់បរិស្ថាន និងបម្រើដល់ជីវភាពរស់នៅ​​របស់ប្រជាជនកម្ពុជា​​នៅ​ទីក្រុង​ប៉ុណ្ណោះ​ទេ តែថែមទាំង​​អាចដើរតួជាផលិតផលទេសចរណ៍មួយបែបផងដែរ ចូលរួម​​ចំណែក​យ៉ាង​​សំខាន់​ក្នុង​ការទាក់ទាញភ្ញៀវទេសចរ និងផ្តល់បទពិសោធន៍ថ្មី​​នៃទេសចរណ៍​ទីក្រុង​តាម​រយៈ​ការផ្តល់សេវាកម្មស៊ីក្លូទេសចរណ៍ នៅក្នុងកញ្ចប់ទស្សនកិច្ច។

ឯកឧត្ដមបន្ដថា ពិធីប្រណាំងស៊ីក្លូនេះជាលើកទីមួយ ដើម្បីលើកយកផលិត​​ផលទេស​ច​រ​​ណ៍​​​​​​​​មួយនេះមកបង្ហាញឡើងវិញ ជូនដល់មហាជន និងអ្នកសារពត៏មានជាច្រើន ជាមួយនឹង​​វត្តមានតារាសំដែងមួយចំនួនដែលបានតាក់តែងខ្លួនក្នុង ទស្សវត្តទី៦០ មកថតបង្ហាញ ព្រម​​ជាមួយ​​​​នឹង​​សកម្មភាពសប្បុរសធម៏ផងដែរ ដែលនេះគឺជាសកម្មភាព​​ដ៏ទាក់ទាញ​​ដល់​​មហាជន សំដៅ​​បណ្ដុះស្មារតីយុវជនអោយជួយគាំទ្រ និងអភិរក្ស ជាពិសេសជំរុញដល់ប្រត្តិ​​បត្តិករ​ទេសចរណ៍ ការីទេសចរណ៍អោយជួយផ្សព្វផ្សាយ ណែនាំដល់ភ្ញៀវទេសចរ និងដាក់បញ្ចូល​​កម្មវិធីជិះ​ស៊ីក្លូ​នៅក្នូងកញ្ចប់ទស្សនកិច្ច ខណៈដែលក្នុងក្របខណ្ឌប្រលងប្រណាំងទីក្រុងស្អាត គួរត្រូវបានយកចិត្តទុកដាក់​​អំពីវត្តមានរបស់ស៊ីក្លូនៅតាម បណ្តាទីក្រុង ដោយរៀបចំឲ្យ​​មានស្តង់​​ដារស៊ីក្លូ រៀបចំឲ្យមានចំណតស៊ីក្លូ ឯកសណ្ឋានត្រឹមត្រូវ ការទទួល​​បដិសណ្ឋារ​​កិច្ចល្អ ការផ្តល់សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ដល់ភ្ញៀវទេសចរជាដើម។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគាំទ្រព្រឹត្តិការណ៍  នេះដែលជាការ ឆ្លុះ​​បញ្ចាំង​​ពីការលើកទឹកចិត្ត គាំទ្រនិងចូលរួមអភិរក្ស ដល់អ្នកប្រកបរបរស៊ីក្លូ និងសមាគម​​ស៊ីក្លូ​​​ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំ​​ប្រឹងប្រែងនិងយកចិត្ត​ទុកដាក់​របស់រាជរដ្ឋាភិ​បាល​ក្នុងការអភិ​រ​​ក្ស ត្រីចក្រយានកម្ពុជា ស៊ីក្លូ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់​ខ្ពស់របស់សម្តេច​អគ្គមហាសេ​​នាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលបាន បង្កើតនូវសមាគម មូលនីធិ ត្រីចក្រយាន ឬ មូលនីធិ ស៊ីក្លូ  និងមានសម្តេចតេជោផ្ទាល់ជាប្រធានកិត្តិយស។

លោកស្រី ឆាយ ស៊ីវលីនប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា​សម្រាប់​កីឡាក​រចូល​​រួមក្នុងការប្រណាំងស៊ីក្លូឆ្នាំ២០១៩នេះ មាន១៣០រូប ។

ក្រោយពីឆ្លងកាត់ការប្រគួត​ចំងាយដី​​១គីឡូម៉ែត្ររួចមកអ្នកទទួលជ័យលា​​ភីលេខ១​​បាន​​ទៅ​លើ​លោក រ៉ុន ចក់ មកពីខេត្តព្រៃវែង មានស៊ីក្លូពាក់ស្លាកលេខ១១៧ ខណៈលេខ២បានទៅលោក ដូសារឿន មកពីខេត្តស្វាយរៀង និងលេខ៣បានទៅលើលោកស៊ឹម ជឿនមកពីខេត្តព្រៃវែង។

សូមបញ្ជាក់ថា អ្នកជាប់ចំណាត់ថ្នាក់លេខ១ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល លេខ២ ទទួល​៣២​ម៉ឺនរៀល និងលេខ៣ទទួលបាន​២៤ម៉ឺនរៀល។ ដោយឡែក​អ្នក​ចូលរួមដែលមិនទទួលបានជ័យលាភី ក៏ទទួលបានការ​ឧបត្ដម្ភ​ក្នុងម្នាក់ៗនូ​​វថវិកា​​ចំនួន១០ម៉ឺនរៀលផងដែរ៕