រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់ការឧបត្ថម្ភដល់ជនរងគ្រោះដោយការ​បាក់អគារនៅខេត្តព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេច​បញ្ចេ​ញថវិកាជាតិ ដើម្បីចូលរួមមរណទុក្ខ និងជួយសម្រួលដល់ជីវភាពក្រុមគ្រួសារ​នៃជនរង​គ្រោះ​​ដោយឧបទ្វវហេតុបាក់រលំអាគារកម្ពស់៧ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលជា​មហ​ន្ត​រាយ​លើកដំបូងសម្រាប់វិស័យ សំណង់ក្នុងខេត្តព្រះសីហនុ។

នៅលើ​បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សម្ដេ​ច​​តេជោនាយករដ្ឋមន្ត្រីបានសរសេរថា បងប្អូនជនរួមជាតិជាទីគោរព​ស្រឡាញ់​ សោដនាដ​កម្ម​​បាក់អាគារនៅខេត្តព្រះសីហនុគឺជារឿងឈឺចាប់របស់ជាតិយើង​ ពិសេស ក្រុមគ្រួសារ​នៃ​អ្ន​ក​​ដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមី ឬកូន ឬឪពុកម្តាយ​។ល។ ​ដើម្បីចូលរួមមរណទុក្ខ​ និងជួយដល់ ជីវភាពក្រុមសារ។ សម្ដេចតេជោបានបញ្ជាក់ថា “ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសម្រេចបញ្ចេញ​ថវិកាជាតិជួយ​ដល់​ក្រុ​មគ្រួសារអ្នកស្លាប់ ក្នុងមួយ​នាក់៤០លានរៀល ឬ១ម៉ឺនដុល្លារ​អាម៉េ​រិក​(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់​ត្រូវ​ទទួល​បានការព្យាបាលដោយឥតគិត​ថ្លៃនៅ​តា​ម​មន្ទីរពេទ្យរដ្ឋ​និងទទួលបានជំនួយក្នុង១នាក់​ចំនួន​៥លានរៀល(ប្រាំលានរៀល)។” សម្ដេចតេជោបានបន្ថែមថា ឯកឧត្ត​ម​​ ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការ​​គណៈ​រដ្ឋមន្ត្រីទទួលចាត់ចែង​ថ​វិ​​កានេះ​ជូនបងប្អូន ហើយ​យប់នេះ សម្ដេច នៅបន្តតាមដានការងាររុករក និងសង្រ្គោះ​ជាមួយបងប្អូន​តទៅ​ទៀ​ត។

គួរបញ្ជាក់ដែរថា ករណីរឧបទ្វវហេតុបាក់រលំអាគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ​នេះ គិ​ត​ត្រឹមម៉ោង៦ និង៣០​នា​ទី​ព្រឹកថ្ងៃ២៣ ខែមិថុនា២០១៩ ចំនួនអ្នកស្លាប់បានកើន​ឡើងដល់​១៧​នា​ក់​ ក្នុងនោះស្រី៤នាក់ ចំណែកអ្នករបួសមានចំនួន២៤នាក់​(ស្រី២នាក់)។ នេះបើ​យោងតាម​របា​យ​​ការណ៏ផ្លូវការពី​មន្ទី​រ​ពេ​ទ្យ​បង្អែកខេត្ត។ ដោយឡែកប្រតិបត្តិការកាយ​គំនរបែក​បាក់ និង​រុក​រកជ​ន​​រងគ្រោះ ក៏កំពុងធ្វើបន្តទៀតយ៉ាងសកម្ម៕

ដោយ ជឹម ណារី