អភិបាលរងខេត្ដព្រះសីហនុ អញ្ជើញចូលរួមក្នុងកម្មវិធី ទិវាយោគៈអន្តរជាតិលើកទី៥ ឆ្នាំ២០១៩ នៅលើឆ្នេរខ្សាច់សុខា

AKP ព្រះសីហនុ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ —

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយបង​ប្អូនសមាជិកហាត់ប្រាណយូហ្គា ក្នុងខេត្តព្រះសីហនុ ក្នុងទិវាយោគៈអន្តរជាតិលើកទី៥ ឆ្នាំ ២០១៩ នៅលើឆ្នេរខ្សាច់សុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះ សីហនុ នាព្រឹកថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ២០១៩ ។

កម្មវិធី ទិវាយោគៈអន្តរជាតិលើកទី៥ ឆ្នាំ២០១៩នេះ រៀបចំឡើងដោយស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្ត​ព្រះសីហនុ  ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នេះមិន​មែនលើកទី១ទេ ដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានរៀបចំទិវា​យោគៈអន្តរជាតិ នៅលើទឹក​ដីតំបន់ឆ្នេរខេត្តព្រះសីហនុ  ហើយកម្មវិធីឆ្នាំនេះ ក៏ដូចរៀងរាល់ឆ្នាំផងដែរ ដែលស្ថានទូត​ឥណ្ឌា បានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦មកម្លេះ និងមានអ្នកចូលរួម​ជាច្រើនកុះករ។ លោកស្រីបន្តថា ព្រឹត្តិការណ៍នេះ ធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ​អំពីលំហាត់ប្រាណ សមាធិ ទាំងផ្លូវកាយ ផ្លូវចិត្ត និងជួយសម្រួលចលនាសាច់ដុំ ចង្វាក់សរសៃ​ឈាមឱ្យស្រួល សម្រាប់សុខភាពរាងកាយរបស់យើងទាំងអស់គ្នា ។

ការអនុវត្តហាត់ Yoga ប្រចាំថ្ងៃពិតជាល្អ និងមានអត្ថប្រយោជន៍ដល់សុខភាពរាងកាយរបស់យើង ដូចជាការ សម្រួល​ដល់ផ្លូវអារម្មណ៍ កាត់បន្ថយស្ត្រេស បង្កើនការចងចាំ រក្សាតុល្យភាពក្នុងសារពាង្គ​កាយ បង្កើនថាមពល អាយុ រក្សាសម្រស់ និងទម្ងន់ជាដើម។ លោកស្រីអភិបាលរង​ខេត្ដបាន​ថ្លែងអំណរគុណឯកឧត្តមអគ្គរដ្ឋទូត នៃស្ថានទូតឥណ្ឌា និងសហការី ព្រមទាំងក្រសួង​ទេស​ចរណ៍ ដែលតែងតែបង្កលក្ខណៈងាយស្រួល រៀបចំឱ្យមានកម្មវិធីទិវា យោគៈអន្តរជាតិ​ជារៀង​រាល់ឆ្នាំ។ ជាមួយគ្នានេះ ក៏អគុណដល់បងប្អូនប្រិយ៍មិត្ត យូហ្គា ទាំងអស់ដែលបានចំណាយ​ពេល​វេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីដ៏ល្អនាព្រឹកនេះ ទទួលបានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត  ។

លោក សាន់ជេ គូម៉ា Sunjay Kumar តំណាងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណា​ចក្រកម្ពុជា បានមានប្រសាសន៍ថា គោលបំណង នៃកម្មវិធីនេះ គឺដើម្បីផ្តល់នូវមូលដ្ឋាន នៃ​ការ​ហាត់យោគៈ ហើយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ផ្លូវកាយ ផ្លូវចិត្ត កាត់បន្តយភាព​តានតឹង ធ្វើឱ្យចង្វាក់បេះដូងបានល្អប្រសើរ។ លោកបានបន្ថែមថា ការប្រារព្ធទិវាយោគៈ​អន្តរជាតិ​លើកទី៥ សង្ឃឹមថាព្រឹត្តិការណ៍នេះនឹងនាំមកនូវការហាត់យោគៈ ដល់ប្រជាជន​កម្ពុជាទូទាំងប្រទេស ហើយវានឹងជួយលើកទឹកចិត្តដល់ប្រជាជនកម្ពុជាដែលអនុវត្តន៍​យោគៈ​ក្នុងការរស់នៅប្រចាំថ្ងៃកាន់តែមានសុខភាពល្អ  ៕

ដោយ ងូ សុមុនី