យុវជន៤ប្រទេស បានបិទបញ្ចប់សិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ ការគ្រប់គ្រងបេតិកភណ្ឌនៅខេត្ដសៀមរាប

AKP សៀមរាប ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ —

យុវជនមកពី៤ប្រទេសរួមមានកម្ពុជា ថៃ វៀតណាម និងឡាវ បានបិទបញ្ចប់សិក្ខាសាលា​ផ្លាស់​ប្តូរបទពិសោធន៍គ្រប់គ្រងបេតិកភណ្ឌ ក្រោមប្រធានបទ«យុវជននិងការគ្រប់គ្រង​បេតិក​ភណ្ឌ​វប្បធម៌»  នៅខេត្ដសៀមរាប។ ពិធីបិទបញ្ចប់សិក្ខាសាលានេះ បានប្រព្រឹត្ដទៅ កាលពីថ្ងៃ​៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩ នៅទីស្នាក់​ការអាជ្ញាធរជាតិអប្សរា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរជាតិអប្សរា។

ការរៀបចំសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងជំរុញស្មារតីឱ្យស្រឡាញ់ ចូលរួម​ថែរក្សា បង្កើនការយល់ដឹងអំពីកិច្ចការគ្រប់គ្រងសម្បត្តិបេតិភណ្ឌវប្បធម៌ ដែលរៀបចំដោយ​គណៈកម្មាធិការយូណេស្កូជាតិកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងសហភាពសហ​ព័ន្ធយុវជនកម្ពុជា។ លោក Thongchai Sako បុរាណវិទូ មកពីរមណីយដ្ឋានសុខោទ័យនៃប្រទេសថៃ និង​លោក Nguyen Van Tho មន្រ្តីអភិរក្សរមណីយដ្ឋានមីសឺង នៃប្រទេសវៀតណាម បានថ្លៃង​អំណរ​គុណដល់អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការយូណេស្កូជាតិកម្ពុជាដែលបានរៀបចំ​កម្មវិធីនេះឡើងដើម្បីចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។ លោកបានបន្ដថា សិក្ខា​សាលានេះ បានផ្តល់នូវចំណេះដឹងនិងបទពិសោធន៍លើការគ្រប់គ្រងបេតិកភណ្ឌរវាងកម្ពុជា ថៃ ឡាវ និងវៀតណាម បើទោះបីក្នុងលក្ខខណ្ឌច្បាប់ផ្សេងគ្នា ប៉ុន្តែមានសារៈសំខាន់ ក្នុង​គោល​ដៅថែរក្សាបេតិកភណ្ឌដូចគ្នា។

លោក ទុយ រ៉ានី មន្រ្តីបច្ចេកទេសមកពីអាជ្ញាធរជាតិព្រះវិហារ ដែលតំណាងឱ្យយុវជន​កម្ពុជា ក៏បានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យ អ្នកជំនាញជាតិ អន្តរជាតិដែលបាន​ផ្តល់បទពិសោធន៍ការងារល្អ ទាំងទ្រឹស្តី និងការអនុវត្តតាមការដ្ឋាន ទោះបីពេលវេលាខ្លី​តែ​មានសារៈសំខាន់ ហើយក៏សង្ឃឹមថា គណៈកម្មាធិការយូណេស្កូជាតិកម្ពុជា អាជ្ញាធរជាតិ​អប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា បន្តធ្វើកិច្ចសហការគ្នាបន្តទៀតលើវិស័យ​បេតិកភណ្ឌនេះ។

ឯកឧត្តម ហង់ ពៅ បានថ្លែងអំណរគុណដល់សាស្រ្តាចារ្យជំនាញៗលើពិភពលោក ដែលបានចំណាយពេលដ៏មានតម្លៃមកបង្រៀនដល់សិក្ខាកាមទាំងអស់ ដែលកម្មវិធីនេះមាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយណាស់ រៀនទ្រឹស្តីផង និងអនុវត្តន៍ផង និងអាចចេះសរសេរ​ឯកសារ​បញ្ចូលជាបេតិកភណ្ឌពិភពលោកថែមទៀត។ ឯកឧត្តមបានបន្តថា គ្មានអ្វីរឹងមាំជាងការបណ្តុះ​បណ្តាលធនធានមនុស្ស និងជំរុញដើម្បីតម្រង់ទិសឱ្យយុវជនក្លាយជាអ្នកជំនាញអភិរក្ស​បេតិកភណ្ឌនិងចូលរួមអភិវឌ្ឍន៍ប្រទេសខ្លួនឡើយ។ ឯកឧត្តមក៏បានថ្លៃអំណរគុណដល់​គណៈកម្មាធិការយូណេស្កូជាតិកម្ពុជា ហើយសង្ឃឹមថា​នឹងមានវគ្គបណ្តុះបណ្តាលជា​បន្ត​បន្ទាប់​ទៀត ដែលទំហំនៃការបណ្តុះបណ្តាលកាន់តែស៊ីជម្រៅដើម្បីធានាថា អ្នកជំនាញវ័យ​ក្មេង​យល់ច្បាស់លាស់ ព្រមទាំងអាចធ្វើឯកសារនៅក្នុងវិស័យបេតិកភណ្ឌ​ដើម្បីចុះបញ្ជី​ទៅថ្ងៃ​ក្រោយបាន៕

ដោយ ហង្ស សៀក