រាជរដ្ឋាភិបាលបង្ហាញការយកចិត្តទុកដាក់ជាច្រើនដើម្បីជួយលើកកម្ពស់ កម្រិតជីវភាពអតីតយុទ្ធជនកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖


រាជរដ្ឋាភិបាលបង្ហាញការយកចិត្តទុកដាក់ជាច្រើនដើម្បីជួយលើកកម្ពស់កម្រិតជីវភាពអតីតយុទ្ធជនកម្ពុជាអោយកាន់តែល្អប្រសើរឡើង ដើម្បីបង្ហាញពីកិច្ចតបស្នងនៃគំរូវីរៈភាពរបស់អតីតយុទ្ធជនដែលបានការពារជាតិមាតុភូមិឲ្យសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ។


មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានអៈអាងថា រាជរដ្ឋាភិបាលបានដាក់ចេញនៅគោលនយោបាយជាច្រើនសម្រាប់អតីតយុទ្ធជនកម្ពុជា ដូចជាការផ្តល់ដីសម្បទានសង្គមកិច្ចជួយសាងសង់ផ្ទះសម្បែង ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ជួយលើកកម្ពស់ជីវភាព ព្រមទំាងការពិនិត្យ ព្យាបាលជម្ងឺដោយមិនគិតថ្លៃតាមរយៈគោលនយោបាយបេឡាជាតិរបបសន្តិសសុខសង្គម ហៅកាត់ថា ប.ស.ស។


ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា ដែលប្រារព្វធ្វើ ឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះ ឯកឧត្តមនាយឧត្តមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋ មន្រ្តីនិងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានឲ្យដឹងថា ចាប់ពីខែមេសាឆ្នាំ២០១៩កន្លងមកនេះ រាជរដ្ឋាភិបាលបានតម្លើងប្រាក់របបសន្តិសុខសង្គមរហូដល់ ជាង៥៦ម៉ឺនរៀលក្នុងមួយខែៗ ដើម្បីបង្កើនការផ្គត់ផ្គង់ជីវភាពរបស់អតីតយុទ្ធជននិងនិវត្តន៍។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចដល់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដោយបានកសាងភូមិយោធិនពិការ៣១៧នៅតាកែន កោះស្លា ខេត្តកំពត មណ្ឌលយោធិនពិការ៣១៧គូលែនខេត្តសៀមរាប និងមណ្ឌលយោធិនពិការ៣១៧នៅភ្នំឆ័ត្រនៅខេត្តបន្ទាយមានជ័យដោយបានជួយសាងសង់ផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនអតីតយុទ្ធជនដែលរស់នៅក្នុងសហគមន៍នោះ។ ឯកឧត្តមបានបន្ថែមថា នៅចំពោះមុខនេះ ដោយ សារតែក្រុមគ្រួសារអតីតយុទ្ធជនពលីមរណៈមានការលំបាកក្នុងជីវភាពប្រចាំថ្ងៃនិងការប្រឈមផ្នែកហិរញ្ញវត្ថុដូច្នេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់អត្ថប្រយោជន៍បន្ថែមចំនួន២ប្រភេទទៀត ដូចជាការជួយបង់វិភាគទាន៥០ភាគរយដល់សមាគអតីតយុទ្ធកម្ពុជាជារៀងរាល់ខែជាង២ម៉ឺន៣ពាន់នាក់ ដោយគិតជាទឹកប្រាក់ជាង៩៨០លានរៀលក្នុងមួយឆ្នាំ។ បន្ថែមពីនេះរាជរដ្ឋាភិបាលបានសម្រេចចំណាយថវិកាជាង១៦០០លានរៀលក្នុងមួយឆ្នាំបន្ថែមទៀត ដើម្បីជួយ គាំទ្រដល់ដំណើរការថែទំាសុខភាពនិងព្យាបាលជម្ងឺដោយឥតបង់ថ្លៃរបស់ក្រុមគ្រួសារអតីតពលីមរណៈទំាងអស់ជាង៥ម៉ឺន៦ពាន់នាក់។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានបានឲ្យដឹងថា ការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលដល់ក្រុមគ្រួសារអតីតយុទ្ធជនពលីមរណៈនិងអតីយុទ្ធជនគឺដើម្បីធានាឲ្យពួកគេបានរស់នៅក្នុងជីវភាពល្អប្រសើរហើយមានសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ខណៈដែរអតីតយុទ្ធជនមានគុណបំណាច់យ៉ាងធំធេង និងមានភាពអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។
លោកទិល ងន មកពីខេត្តកំពតដែលជាអតីតយុទ្ធជនកម្ពុជាបានអៈអាងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលពិតជាបានយកចិត្តទុកដាក់ដល់ជីវភាពរបស់អតីតយុទ្ធជនជាខ្លំាង តាមរយៈផ្តល់ប្រាក់ ឧបត្ថម្ភប្រចំាខែផង និងផ្តល់ដីសម្រាប់ធ្វើស្រែចំការច្បារដំណាំហើយបានជួយលើកកម្ពស់ជីវភាពបានយ៉ាងល្អប្រសើរ។សម្លេង«កន្លងមករាជរដ្ឋាភិបាល……. មិនមានដីមិនមានផ្ទះ»
សូមបញ្ជាក់ថា មកដល់ឆ្នាំ២០១៩នេះកម្ពុជាមានអតីតយុទ្ធជនជាង៨ម៉ឺន៩ពាន់នាក់ ដោយត្រូវ បានរាជរដ្ឋាភិបាលមានកិច្ចគាំពារជាច្រើន៕