នៅចុងឆ្នាំនេះ ពលរដ្ឋកម្ពុជាអាចប្រើ QR Code ដើម្បីទូទាត់ការចំណាយនៅប្រទេសថៃបានហើយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល
បានអះអាងថានៅត្រឹមចុងឆ្នាំនេះប្រជាពលរដ្ឋកម្ពុជាដែលទៅទេសចរណ៍នៅថៃមិនបាច់កាន់សាច់ប្រាក់នៅក្នុងដៃនោះឡើយសម្រាប់ការចំណាយទិញទំនិញឬទូទាត់ចំណាយនានានៅក្នុងប្រទេសថៃដូចជាសេវាព្យាបាលសុខភាពជាដើម។

លោកជំទាវជាសិរីអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលថៃបាននឹងកំពុងសិក្សាលើគម្រោងសហការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិនិងពង្រឹងប្រតិបត្តិការទូទាត់ជាអេឡិចត្រូនិកឆ្លងព្រំដែនរវាងប្រទេសទាំងពីរដោយប្រើQR Code សម្រាប់ទូទាត់ដើម្បីអនុញ្ញាតឲ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀលអាចធ្វើការទូទាត់ប្រាក់ចេញពីគណនីប្រាក់រៀលរបស់ខ្លួនសម្រាប់ចំណាយទិញទំនិញឬទូទាត់ចំណាយនានានៅក្នុងប្រទេសថៃប្រកបដោយភាពងាយស្រួលមានសុវត្ថិភាពនិងចំណាយតិចបំផុតបើធៀបទៅនឹងការប្តូរប្រាក់និងការកាន់សាច់ប្រាក់ទៅទូទាត់។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីផ្សព្វផ្សាយគម្រោង«ការទូទាត់តាមរយៈQR Codeរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ» កាលពីរសៀលថ្ងៃទី១៧ខែមិថុនាលោកជំទាវបានបញ្ជាក់ថាការទូទាត់តាមរយៈQR Codeនេះប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាពលរដ្ឋថៃពុំចាំបាច់ខ្វល់ខ្វាយពីការប្តូរប្រាក់ដែលពេលខ្លះអាចទទួលរងនូវការខាតបង់គំលាតអត្រាប្តូរប្រាក់ពេលធ្វើដំណើរទៅកាន់ប្រទេសថៃនោះទេ។ម្យ៉ាងវិញទៀតអតិថិជនកម្ពុជាអាចធ្វើការចំណាយដោយមិនចាំបាច់ព្រួយបារម្ភពីការបាត់បង់និងខ្វះខាតប្រាក់បាតថៃនៅពេលដែលមានគណនីប្រាក់រៀលនៅកម្ពុជាឡើយ។

មន្ត្រីធនាគារកណ្តាលនៃប្រទេសថៃបានលើកឡើងថាភាពងាយស្រលនៃការទូទាត់នេះនឹងជួយជំរុញដល់កំណើនភ្ញៀវទេសចររបស់ប្រទេសទាំងពីរក៏ដូចជាជួយជំរុញការធ្វើពាណិជ្ជកម្មឆ្លងដែនទៀតផង។

កាលពីខែកុម្ភៈឆ្នាំ២០១៩កន្លងទៅធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលថៃបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងផ្នែកនវានុវត្តភាពហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់តាមរយៈQR Code ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាហិរញ្ញវត្ថុនិងសេវាទូទាត់ដើម្បីជំរុញប្រសិទ្ធភាពនិងសុវត្ថិភាពប្រតិបត្តិការទូទាត់ឆ្លងដែននិងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។

ជំហានដំបូងនេះធនាគារជាតិនៃកម្ពុជាបានទទួលស្គាល់ធនាគារទំនាក់ទំនងនៅកម្ពុជាចំនួន៣គឺធនាគារពាណិជ្ជកម្មក្រៅប្រទេសធនាគារអេស៊ីលីដានិងធនាគារកម្ពុជាពាណិជ្ជសម្រាប់ធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនជាមួយធនាគារដែលបានសហការនៅក្នុងប្រទេសថៃ៕