ឯកឧត្តម ថោង ខុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៣

AKP កំពង់ធំ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ — សមាជិកនៃក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៣ចំនួន២៥នាក់ បានធ្វើពិធីប្រកាសចូលកាន់តំណែងនាព្រឹកថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ដោយ មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្រុមការ ងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល ក្រុង ស្រុក មេបញ្ជាការមេបញ្ជាការរង នៃកងកម្លាំងទាំងបី មេឃុំ និងចៅសង្កាត់ផងដែរ។

មានក្នុងឱកាសនោះឯកឧត្តម ថោង ខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងបន្តថា យើងត្រូវការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ថោង ខុន បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តទាំងអស់ត្រូវយកចិតទុកដាក់ខ្ពល់លើផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អនៅទូទាំងខេត្តពិសេសគឺបន្តរួមគ្នាអនុវត្តន៍គោលនយោបាយភូមិយុំមានសុវត្ថិភាព បន្តអនុវត្តន៍អប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសបញ្ហាគ្រឿងញៀនឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់។ បន្តការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគណនេយ្យភាព តម្លាភាព គ្មានអំពើរពុករលួយរហ័សទាន់ចិតដើម្បីបង្កើនការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជីវភាពប្រជាពលមានការរីកចម្រើនជាលំដាប់។

ឯកឧត្ដម ថោង ខុន បញ្ជាក់ថា ក្រុមប្រឹក្សាអណត្តិទី២ គណៈអភិបាលខេត្តកំពង់ធំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងមាសមកិច្ច និងប្រជាពលរដ្ឋទូទាំខេត្តកំពង់ធំបានរួមសាមគ្គីគ្នាសហកាតគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងកសាងនិងអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានការរីក ចម្រើនលើគ្រប់វិស័យ៕

ដោយ ស៊ុម វណ្ណា