ឯកឧត្តម យន្ត មីន ចុះពិនិត្យរោងចក្របំលែងកាកសំណល់ផេះធ្យូងថ្មនៅស្រុកស្ទឹងហាវ

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃទីចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដឹកនាំ មន្ត្រីមានមន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម និងសិប្បកម្ម អភិបាលស្រុកស្ទឹងហាវ ចុះពិនិត្យទី តាំងរោងចក្របំលែងកាកសំណល់ផេះធ្យូងថ្ម ស៊ីម៉ាវ ស្ថិតនៅក្រុម៤ ភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ថ្មីៗនេះមានប្រជាពលរដ្ឋចំនួន៤២គ្រួសារ រស់នៅតំបន់ជុំវិញរោងចក្របំលែងកាក សំណល់ផេះធ្យូងថ្ម (ស៊ីម៉ាវ) ដែលប្រមូលផេះចេញពីរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម យកមកសម្ងួត ដើម្បីផ្គត់ផ្គង់ទៅឱ្យរោងចក្រក្រឡុកស៊ីម៉ង ដែលផេះបង្កផលប៉ះពាល់ដល់ ប្រជាពលរដ្ឋរស់នៅជុំវិញរោងចក្រ។

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា  ព្រឹកនេះមានអភិបាលខេត្ត អភិបាលស្រុក មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ឃុំ ភូមិ ដើម្បីចុះមកពិនិត្យសកម្មភាពជាក់ ស្តែង នៅរោងចក្រ ផលិតកាកសំណល់ផេះពីរោងចក្រធ្យូង ថ្ម ជាវត្ថុធាតុដើម ដែលមាន ប្រជា ពលរដ្ឋ៤២គ្រួសារ រស់នៅជុំវិញ រោងចក្រសម្ងួតកាកសំណល់ធ្យូងថ្ម ស្នើសុំឱ្យរដ្ឋបាលខេត្ត ស្រុកជួយអំពីបរិស្ថាន (ផេះ)។

ឯកឧត្តមបន្តថា រោងចក្រនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង ក៏ប៉ុន្តែបច្ចុប្បន្ន វាមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កផលប៉ះពាល់បរិស្ថាន និងសុខុមាល ភាពប្រជាពលរដ្ឋ ការចុះពិនិត្យរបស់ក្រុមការងារពិនិត្យឃើញថា រោងចក្រមិនបង្កផល ប៉ះពាល់អាក្រក់ពេកនោះទេ ព្រោះផេះនេះយក ចេញមកពីរោងចក្រអគ្គិសនីធ្យូងថ្ម ដើម្បី កែច្នៃជាប្រយោជន៍យកទៅផ្គត់ផ្គង់ឱ្យរោងចក្រក្រឡុកបេតុង។ ដំណោះស្រាយយើងបាន ឯកភាពឱ្យរោងចក្រនេះកែលម្អ លក្ខណ:បច្ចេកទេស ធ្វើយ៉ាងណាកុំឱ្យមានផេះហុយមកលើ ផ្ទះបងប្អូនប្រជាពលរដ្ឋបន្តទៀត កាត់បន្ថយផល ប៉ះពាល់ និងបំបាត់ផលប៉ះពាល់ដោយ ទុករយ:ពេល២ ឬ៣ខែបន្តទៀត ប្រសិនរោងចក្រមិនបានអនុវត្តន៍តាមការណែនាំ របស់ក្រុម ការងារទេ និងត្រូវបញ្ឈប់ដំណើរការ ឬក្រុមហ៊ុនរកទីតាំងថ្មី ដែលនៅឆ្ងាយពីប្រជាពលរដ្ឋ។ ប្រសិនបើគាត់កែលម្អបានល្អ យើងនឹងបន្តឱ្យគាត់បន្តអាជីវកម្ម ព្រោះដំណោះស្រាយ គឺយើង ធ្វើដើម្បីឈ្នះឈ្នះទាំងអស់គ្នា អ្នកវិនិយោគក៍ទទួលបានផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ទទួលបានការងារពីការវិនិយោគនៅនឹងកន្លែង ព្រោះក្រុមហ៊ុនបានបង់ពន្ធចូលថវិកាជាតិ ហើយប្រជាពលរដ្ឋបានការងារធ្វើទទួលបានផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តម បានសំណូមពរប្រជាពលរដ្ឋមានការយោគយល់ បើមិនមានផលប៉ះ ពាល់ ធ្ងន់ធ្ងរទេ ត្រូវចេះយោគយល់ ព្រោះប្រជាពលរដ្ឋក៏ទទួលបានផលប្រយោជន៍ ពីការវិនិយោគ និងទទួលបានការងារផងដែរ។

ដោយឡែកលោក Chen Song អ្នកគ្រប់គ្រងរោងចក្រកែឆ្នៃកាកសំណល់ ធ្យូងថ្មបាន មានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នរោងចក្ររបស់លោក ធ្វើការសម្ងួតកាកសំណល់ផេះ ពីរោងចក្រធ្យូងថ្ម ដើម្បីយកទៅផ្គត់ផ្គង់ដល់រោងចក្រក្រឡុកស៊ីម៉ង់ក្នុងមួយថ្ងៃ ១០០តោន។ លោកក៏បានសន្យាថា និងកែលម្អបរិស្ថាននៅក្នុងរោងចក្រកុំឱ្យហុយចេញមកក្រៅបន្តទៀត បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយសន្យាធានាកាត់បន្ថយមិនឱ្យមានផលប៉ះពាល់ ដល់បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់រោងចក្រនេះ៕

ដោយ ងូ សុមុនី