ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ក្រុមការងារចុះជួយខេត្តក្រចេះបានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អ្នកមុខ អ្នកការ និងមន្រ្តីរាជការជាច្រើនផងដែរ។      យោងតាមព្រះរាជក្រឹត្យក្នុងមាត្រា១ ត្រូវបាន ទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តក្រចេះក្នុងអាណត្តិទី៣ ចំនួន២១រូប គឺមកពី គណបក្សប្រជាជនកម្ពុជាចំនួន២០រូប និងគណបក្សខែ្មររួបរួមជាតិចំនួន១រូប។ នៅក្នុង ព្រះរាជក្រឹត្យនោះក៏បានបង្ហាញផងដែរថា ឯកឧត្ដម ហឿ ស៊ី យ៉ែម ឈរនៅលេខរៀងទី១ ជាប្រធានក្រុម ប្រឹក្សាខេត្តក្រចេះ អាណត្តិទ៣ នេះ។

ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុម ការងារចុះជួយខេត្តក្រចេះ នៅក្នុងឱកាសនោះបានសម្តែងនូវការអបអរសាទរ ចំពោះការចូល កាន់មុខតំណែងរបស់ឯកឧត្ដមក្រុមប្រឹក្សាខេត្តនាពេលនេះ ពិសេសឯកឧត្ដម ប្រធានក្រុម ប្រឹក្សាខេត្តក្នុងអាណត្តិទី៣ ត្រូវខិតខំដឹកនាំរដ្ឋបាលឱ្យមានការអភិវឌ្ឍលើគ្រប់ វិស័យនៅក្នុង អាណត្តិរបស់ខ្លួន។

ឯកឧត្ដមបញ្ជាក់ថា សមាជិកក្រុម ប្រឹក្សាខេត្តថ្មីត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ រួចផ្ញើទៅអង្គភាពប្រឆាំងអំពើពុករលួយ មិនឱ្យ លើសពី៣០ថ្ងៃ បន្ទាប់ពីប្រកាសចូលកាន់មុខតំណែងនេះ។ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ក៏បានធ្វើការជំរុញឱ្យអភិបាលខេត្ត និងអភិបាលរងខេត្ត ត្រូវពិគ្រោះយោបល់បែងចែកតួនាទី ភារកិច្ច ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកដំបូងឱ្យបានទាន់ពេលវេលាស្របតាមសេចក្តី ប្រកាសរបស់ឱ្យ គ.ជ.ប គឺមិនឱ្យលើសពី១៤ ថ្ងៃក្នុងការបន្តប្រកាសចូលកាន់មុខតំណែងក្រុម ប្រឹក្សា ក្រុង ស្រុក ដើម្បីដំណើរការរដ្ឋបាលបានទាន់ពេលវេលា៕

ដោយ  ជួន សុជាតិ