ឯកឧត្ដម ឃួង ស្រេង ណែនាំដល់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣ ត្រូវធ្វើខ្លួន ជាបុគ្គលនីតិប្រតិបត្តិបំពេញការងារ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានល្អ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំដល់ក្រុមប្រឹក្សាខណ្ឌអាណ ត្តិទី៣ទំាងអស់ ត្រូវធ្វើខ្លួនជាបុគ្គលនីតិប្រតិបត្តិបំពេញការងារ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានជូនប្រ ជាពលរដ្ឋឱ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ ដែលជាតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់ក្រុមប្រឹក្សាខណ្ឌ ជ្រោយចង្វារ ដែលទើបតែងតំាងថ្មីចំនួន១៧រូប ដែលមានលោក ប្រាក់ ចាន់ណា ជាប្រធាន ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជា ពលរដ្ឋទំាងអស់ដោយស្មើភាពដោយយុត្តិធម៌ និងមិនត្រូវប្រកាន់ និន្នាការនយោបាយអ្វី ឡើយ។ ឯកឧត្ដម ឃួង ស្រេង បានណែនាំដូច្នេះក្នុងឱកាស ដែលឯកឧត្តមអញ្ជើញ ជា អធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារអាណត្តិទី៣  កាលពីព្រឹកថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខណ្ឌជ្រោយចង្វារ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ក្រុមប្រឹក្សាក៏មានតួនាទីដូច គណៈអភិបាលដែរ គឺត្រូវបម្រើប្រជាពលរដ្ឋឱ្យបានដិតដល់ដូច្នេះ ហើយក្រុមប្រឹក្សាត្រូវបំពេញតួនាទី ឱ្យបានល្អជា មួយគណ:អភិបាល  មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើ មូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារការគោរពច្បាប់គោលការណ៍នានារបស់រដ្ឋ។

ឯកឧត្ដមបន្ដថា ការលើកកម្ពស់ការទទួល ខុសត្រូវនិងភាពជាម្ចាស់របស់មន្រ្តីនៅក្នុង ការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ សំដៅអភិវឌ្ឍន៍មូលដ្ឋាននិងឆ្លើយបតប ចំពោះ តម្រូវការនានានិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពប្រសើរជាលំដាប់។

ឯកឧត្តមបន្តទៀតថា ក្រុមប្រឹក្សាខណ្ឌគឺជាអង្គនីតិប្រតិបត្តិដូចគណៈអភិបាលដែរ ហើយមានតម្លាភាព គណនេយ្យភាព ជាមួយនឹងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដូចជាគ្នា នឹងគណៈអភិបាល ចំណុចនេះសូមឱ្យសមាជិកស មាជិកាដែលទើបតែតែងតំាងថ្មីត្រូវពិនិត្យ ទៅលើច្បាប់ស្តីពី ការគ្រប់គ្រងក្រុមប្រឹក្សាឃុំសង្កាត់ ខណ្ឌស្រុក និងរាជធានីខេត្ត ហើយជាទូ ទៅក្រសួងមហាផ្ទៃ តែងតែណែនាំអំពីបញ្ហានេះ។

លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារអាណត្តិទី៣ បានប្តេជ្ញា ចិត្តថា នឹងខិតខំពង្រឹងឱ្យបាននូវសាមគ្គីភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ និងខិតខំបង្កើតទំនាក់ទំនងល្អជាមួយសមាជិកមន្រ្តីរាជការទំាងអស់ សំដៅអភិវឌ្ឍន៍ភារកិច្ចដ៏ ធំធេង ឆ្ពោះទៅរកការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

លោកបានសន្យានឹងជំរុញការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបង្ក លក្ខណៈឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការធ្វើសេចក្តីសម្រេចចិត្តនានានៅមូលដ្ឋាន ដែលធានាការលើកកម្ពស់ភាពជាម្ចាស់របស់សហគមន៍ការបម្រើ សាធារណៈប្រកបដោយត​ម្លាភាព ប្រសិទ្ធភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

ដោយ សួស សំរិត