អាជ្ញាធរខេត្តបន្ទាយមានជ័យចុះអន្តរាគមន៍ ទប់ស្កាត់ដង្កូវហ្វូងប្រភេទថ្មីដែលកំពុងរាតត្បាតបំផ្លាញដំណាំពោតជាង៤ពាន់ហិកតា

បន្ទាយមានជ័យ៖ មន្រ្តីជំនាញនៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យកំពុងសម្រុកចុះអន្តរាគមន៍ ទប់ស្កាត់ដង្កូវហ្វូងប្រភេទថ្មី ដែលកំពុង រាតត្បាតបំផ្លាញដំណាំពោតជាង៤ពាន់ហិកតា ដើម្បីជួយ ការពារផលដំណាំរបស់ប្រជាកសិក​​កុំអោយរង​​ការខូច​ខាត​។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ដំណាំពោតជាង៤ពាន់ហិកតា ត្រូវបានបំផ្លាញដោយសត្វដង្កូវប្រភេទថ្មី Fall Amyworm ដោយសារតែឆ្នាំនេះ អាកាសធាតុមិនអំណោយផលហើយ នៅពេលដាំដំណាំកំពុងលូតលាស់ល្អបែរជាគ្មានភ្ញៀវធ្លាក់ទៅវិញទើបធ្វើឲ្យឱកាសសត្វដង្កូវនេះ អាចចូលមកយាយីដំណាំពោតរបស់ប្រជាកសិករបាន។ លោកបន្តថា មន្ទីរបានឲ្យមន្រ្តីជំនាញចុះ ត្រួតពិនិត្យ នឹងតាមដានលើវត្តមានដង្កូវ Fall Amywormនេះ យ៉ាងទៀងទាត់ ដើម្បីស្វែងរកដំណោះស្រាយ ដែលអាចការពារដំណាំនេះបាន។

សំលេង៖ យើងបាននឹងកំពុងធ្វើការងារនឹង ដោយយើងបានចុះទៅណែនាំដល់ប្រជាកសិករ នឹងធ្វើយុទ្ធនាការ ដើម្បីកំចាត់សត្វដង្កូវនេះ ប៉ុន្តែដង្កូវនេះគឺជាប្រភេទដង្កូវថ្មី ដែលថ្នាំមួយចំនួន ដែលយើងធ្លាប់បាញ់កន្លងមកបែរវាមិនងាប់ ដោយវានឹងត្រឹងជាប់នៅនឹងដើម ហើយដើមខ្លះទៀតដង្កូវវាបានចុះចូលទៅក្នុងដើម ដែលយើងបាញ់ទៅវាមិនអាចដល់ខាងក្នុងបាន ប៉ុន្តែយើងក៏បានចុះណែនាំអោយកសិករនៅពេលដែលប្រើថ្នាំដោយត្រូវប្រើដំណាលគ្នា ទើបអាចកាត់បន្ថយបានខ្លះដែរ។
លោកប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឲ្យដឹងទៀតថា ដង្កូវប្រភេទថ្មីនេះត្រូវបានគេចាត់ទុកជាសត្វល្អិតចង្រៃចម្បងមានដើមកំណើតនៅអាមេរិចខាងត្បូង ដែលបំផ្លាញលើដំណាំនិងរុក្ខជាតិជាង៨០ប្រភេទក្នុងនោះដំណាំពោត ជាដំណាំដែលដង្កូវនេះចូលចិត្តស៊ីបំផ្លាញជាងគេ។
កាលពីពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើការណែនាំ គ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានី-ខេត្ត ត្រូវរៀបចំផែនការកម្មវិធីទប់ស្កាត់និងកម្ចាត់ដង្កូវហ្វូងប្រភេទថ្មីនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ នឹងត្រូវធ្វើការស្រាវជ្រាវអង្កេតព្យាករណ៍កម្រិតបំផ្លាញរបស់ដង្កូវប្រភេទនេះ ក្នុងការកម្ចាត់និងទប់ស្កាត់ការរាតត្បាតនៃហ្វូងដង្កូវប្រភេទថ្មីនេះគ្រប់ទីកន្លែង ជាពិសេសបងប្អូនប្រជាកសិករ ដែលដាំដុះដំណាំពោតទាំងអស់ត្រូវចូលរួមសហការនិងអនុវត្តតាមការណែនាំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
សូមបញ្ជាក់ថា ផ្ទៃដីដំណាំពោតដែលរងការបំផ្លាញដោយដង្កូវហ្វូងប្រភេទថ្មីនេះ សរុបចំនួន១១១៤២ហិកតា ដែលក្នុងនោះមាននៅក្នុង ខេត្តប៉ៃលិនមានចំនួន២៥៤៤ ហិកតា បាត់ដំបងមាន៣០៣៣ហិកតា បន្ទាយមានជ័យមាន ៤ ៧១៥ហិកតា និងខេត្តត្បូងឃ្មុំមានចំនួន៨៥០ហិកតា ៕