សៀវភៅផាត់ពណ៌បេតិកភណ្ឌទី៣ នឹងលេចរូបរាងសម្រាប់សិស្សអនុវត្តន៍ក្នុងពេលឆាប់ៗនេះ

AKP សៀមរាប ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ — វណ្ណកម្មទី៣ដែលមានចំណងជើងថា “ឈ្វេងយល់អំពីរាជធានីអង្គរ” បន្ទាប់ពីចំណាយ ពេលអស់២ឆ្នាំ នឹងដាក់ឱ្យដំណើរការឆាប់ៗនេះ តាមរយៈកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរ ជាតិអប្សរា និងមជ្ឈមណ្ឌលជាតិយុវជនខេត្តសៀមរាប នៃក្រសួងអប់រំ យុវជននិងកីទ្បា ដោយមានការគាំទ្រយ៉ាងសកម្មពីសហព័ន្ធជាតិ នៃសមាគមយូណេស្កូជប៉ុន (NFUAJ)។

លោក អ៊ឹម សុខរិទ្ធី ប្រធានក្រុមការងាររៀបចំសៀវភៅផាត់ពណ៌ទី៣ របស់អាជ្ញាធរ ជាតិអប្សរាបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្រុមការងារទាំងបី ស្ថាប័នបានចងក្រងឱ្យលេចរូបរាងសៀវភៅនេះទ្បើង ក្នុងស្មារតីរួមមួយ ដើម្បីបង្កើនសម្ភារ សិក្សាបន្ថែមសម្រាប់សិស្ស សាលាបឋមសិក្សា   ផ្តល់ចំណេះដឹងអំពីវប្បធម៌ទូទៅ អប់រំកុមារ និងយុវវ័យឱ្យស្គាល់អំពីសម្បត្តិវប្បធម៌ដែលជាបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិ និងរបស់ ពិភពលោក បង្កើនស្មារតីស្រលាញ់និងជួយថែរក្សាការពារបេតិកភណ្ឌ ព្រមទាំងឱ្យកុមារ និងអ្នកសិក្សាមានមូលដ្ឋានក្នុងការប្រើ ពណ៌សម្រាប់ផាត់ផង។

លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា ចំណុចសំខាន់ៗនៅក្នុងសៀវភៅភាគ៣នេះថា វាបង្ហាញសិស្សអំពីរូបភាពនិងទ្រង់ទ្រាយរបស់រាជធានីអង្គរ ប្រព័ន្ធធារាសាស្រ្ត ព្រះបរម រាជវាំង ផ្ទះសម្បែងនិងរបៀបរស់នៅរបស់ខ្មែរនាសម័យអង្គរ ប្រភេទផ្ទះខ្មែរ តំបន់ការពារ បេតិកភណ្ឌទី១និងទី២ ទេសភាពវប្បធម៌នៃរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក ព្រមទាំងមរតកបេតិកភណ្ឌវប្បធម៌អរូបីមួយចំនួនទៀត ដែលទើបបានទទួលចំណាត់ជា បេតិកភណ្ឌអរូបីពិភពលោកកន្លងមកផង។

សូមបញ្ជាក់ថា សៀវភៅផាត់ពណ៌បេតិកភណ្ឌទី១ បានរៀបចំផលិតនៅក្នុងឆ្នាំ២០០៩ និងទី២ផលិតនៅឆ្នាំ២០១១ សុទ្ធតែជាសមិទ្ធផលនៃការសហការគ្នារវាងស្ថាប័ន ទាំងបីខាង លើ។ សៀវភៅទាំងពីរភាគនេះ ដែលបានដាក់ឱ្យប្រើប្រាស់កន្លងមក ទទួលបានការវាយ តម្លៃខ្ពស់ពីលោកស្រីនាយិកា លោកនាយក លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស យុវវ័យអំពីខ្លឹមសារ សារៈសំខាន់សម្រាប់ការអប់រំអំពីវប្បធម៌ ប្រពៃណីទូទៅ ព្រមទាំងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

សូមជម្រាបផងដែរថា ការរៀបចំសៀវភៅទី៣នេះ ក៏ដូចគ្នានឹងភាគទី២ដែរ ពោលគឺតម្រូវឱ្យបង្កើតសៀវភៅសម្រាប់ជាជំនួយដល់លោកគ្រូ អ្នកគ្រូ ធ្វើការណែនាំ សិស្សនៅក្នុងថ្នាក់រៀនជាមុនសិន។ នេះគឺក្នុងគោលបំណងឱ្យសិស្សបានដឹងអំពី រចនាសម្ព័ន្ធរបស់រាជធានីអង្គរ រូបរាងរបស់ព្រះបរមរាជវាំង ប្រព័ន្ធធារាសាស្រ្ត គំរូផ្ទះសម្បែង ជាមុនសិន មុននឹងទៅទស្សនាឈ្វេងយល់អំពីរមណីយដ្ឋានអង្គរ ព្រមទាំងបណ្តុះគំនិតការពារ តំបន់បេតិកភណ្ឌ និងគំនិតអភិរក្ស ផ្ទះបុរាណខ្មែរផង។

នេះជាសកម្មភាពមួយរបស់អាជ្ញាធរជាតិអប្សរា ក្នុងការចូលរួមបណ្តុះបណ្តាល ធនធានមនុស្ស សម្រាប់ក្លាយជាអ្នកបន្តវេនការពារនិងអភិរក្សរមណីយដ្ឋានអង្គរ។ នេះក៏ជាផ្នែកមួយនៃកម្មវិធីអប់រំបេតិកភណ្ឌដល់សិស្សក្នុងតំបន់អង្គរនិងបន្ទាយឆ្មារ ដែល គម្រោងនេះទទួលបានការអបអរសាទរពីអង្គប្រជុំបច្ចេកទេសលើកទី៣២ នៃ ICC-Angkor កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ៕

ដោយ ឃុត សៅ