រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ៖ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ខាងមុខ នៅតាមឃុំ សង្កាត់ នឹងទទួលបានថវិកាជាង១០ម៉ឺដុល្លារ សម្រាប់អភិវឌ្ឍន៍

AKP បាត់ដំបង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ — ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ខាងមុខតទៅ នៅតាមឃុំ សង្កាត់នីមួយៗ នឹងទទួល បានកញ្ចប់ថវិកាជាង១០ម៉ឺនដុល្លារ សម្រាប់ធ្វើការអភិវឌ្ឍនៅក្នុងឃុំ សង្កាត់។ នេះបើតាម​ការ​គូសបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុង ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្ដបាត់ដំបង។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា “ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ តទៅ​​ក្នុងមួយឃុំ នឹងទទួលបានថវិកាជាង១០ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ ខ្លួន”។ សម្តេចក្រឡាហោមបានបន្តថា កាលពីចាប់ផ្តើមដំបូងនៅតាមឃុំ សង្កាត់បានទទួល ថវិកាសម្រាប់អភិឌ្ឍន៍ប្រមាណ៧.០០០ដុល្លារ ឬ៨.០០០ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ​ធ្វើ​បាន​ជាង១០ម៉ឺនដុល្លារ។ សម្តេចក្រឡាហោមបានបន្ថែមថា ទោះបីចំនួននេះតិច បើគិតនៅ​តាមឃុំនីមួយៗក្តី ប៉ុន្តែបើបូកបញ្ចូលគ្នាសម្រាប់ឃុំ សង្កាត់ នៅទូទាំងប្រទេសនោះ​មានចំនួន​ច្រើន​(ឃុំសង្កាត់ទូទាំងមាន១.៦៤៦)។ សម្តេចក្រឡាហោមបន្ដទៀតថា តាមច្បាប់នៅតាមឃុំ សង្កាត់ ត្រូវបានអនុញ្ញាតឱ្យរកចំណូលមកពី៣ប្រភព រួមមាន៖ ទី១ ថវិកាជាតិ ទី២ ការទទួល​យក​ពីមូលនិធិ និងទី៣ ការរកដោយផ្ទាល់របស់ឃុំ សង្កាត់ តាមរយៈរដ្ឋផ្តល់សិទ្ធិឱ្យ។ សម្ដេច​ក្រឡាហោមបានបន្ថែមទៀតថា “អ្វីដែលយើងបានសន្យាពីមុនមកគឺយើងបានធ្វើ មិនដូចអ្នក មួយចំនួនបានតែថា តែអត់ធ្វើនោះទេ”៕

ដោយ ប៊ុន រិទ្ធ