បទយកការណ៍៖ ជិះទូកកម្សាន្តតាមដងទន្លេនៅមុខព្រះបរមរាជវាំងជាជម្រើសមួយល្អដែល អ្នកទេសចរមិនគួរមើលរំលង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ — នៅពេលមកដល់រាជធានីភ្នំពេញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងជ្រើសរើសកន្លែងកម្សាន្ត ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន អ្នកខ្លះចូលទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ សារ មន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងឡើងលេងរមណីយដ្ឋានវត្តភ្នំជាដើម។ ជាមួយគ្នានេះ សម្រាប់ការ ជ្រើសរើសយកការជិះទូកកម្សាន្តក៏ជាជម្រើសមួយល្អដែលអ្នកទេសចរ មិនគួរ មើលរំលង ខណៈពេលចូលមកលេងក្នុងរាជធានីភ្នំពេញ។

ជារៀងរាល់ថ្ងៃ ទូកទេសចរណ៍ប្រមាណជាង៣០ទូក បានដាក់តំរៀបគ្នានៅតាមដង ទន្លេសាបត្រង់ចំណតខាងកើតវត្តភ្នំ ដើម្បីរង់ចាំដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់ពេល វេលា។ ម្ចាស់ទូកនីមួយៗឡើងមកអង្គុយលើកៅអី នៅមាត់ទន្លេក្បែរផ្លូវរង់ចាំស្វាគមន៍ ភ្ញៀវ ជិតឆ្ងាយដែលមានបំណងមកជួលទូកជិះកម្សាន្ត ដោយ១ម៉ោង ឬ២ម៉ោងទៅតាមចំណង់ ចំណូលចិត្តរបស់ខ្លួន។ ការជិះទូកទេសចរណ៍កម្សាន្តនេះ ភ្ញៀវអាចជិះលំហែយកខ្យល់អាកាសតាមជំនោរទន្លេដោយមិនបាច់កម្ម៉ង់ម្ហូបអាហារហូបចុក អាចជិះទូកតូច ឬទូកធំអា ស្រ័យគ្នាច្រើន ឬតិចទៅតាមលទ្ធភាពដែលអាចចំណាយបាន។ ជាមួយគ្នានេះ ភ្ញៀវទេសចរក្រុមខ្លះ ពួកគេចូលចិត្តរៀបចំម្ហូបអាហារ ស្រា គ្រឿងក្លែមរួចស្រេចដោយខ្លួនឯង រួចជួលទូកជិះលេង រាំ ច្រៀងលើទូកនោះតែម្តង។ ចំណែកភ្ញៀវខ្លះទៀត ពួកគាត់កម៉្មង់ម្ហូបអាហារពី ម្ចាស់ទូកតែម្តងដោយគាត់កំណត់តែម៉ោងចេញជាមួយម្ចាស់ទូក ដល់ពេលកំណត់គឺពួកគាត់ នាំគ្នាឡើងទូកលើកកែវជល់ដបសប្បាយរីករាយជាមួយមិត្តភក្តិ យកតែម្តង។ម្ចាស់ទូកឈ្មោះ ឈឿន ម៉េងហៀក បានឱ្យដឹងថា តម្លៃសេវាកម្មដឹកភ្ញៀវក្នុង១ម៉ោង ២៥ដុល្លារ សម្រាប់ភ្ញៀវ១០នាក់ចុះក្រោម តែបើភ្ញៀវកម៉្មង់ម្ហូបអាហារ និងស្រា ឬស្រាបៀ ឱ្យម្ចាស់ទូករៀបចំដាក់ឱ្យមួយឈុតតែម្តងក្នុងម្នាក់១៥ដុល្លារនោះ មិនគិតសេវាកម្មថ្លៃទូកទេ។

ចំណែកម្ចាស់ទូកទេសចរណ៍ម្នាក់ទៀតឈ្មោះ Narin Sky Cruise បានឱ្យដឹងដែរថា ទូករបស់លោកខ្នាតតូច ដោយជិះ១ម៉ោង ក្នុងតម្លៃចន្លោះពី១៥ដុល្លារ ទៅ១៨ដុល្លារ សម្រាប់មនុស្សជិះប្រមាណ១០នាក់ ខ្នាតធំ៣០ដុល្លារសម្រាប់ចំនួនមនុស្សប្រហាក់ប្រហែលគ្នានេះ។ លោកបានបញ្ជាក់ថា បើភ្ញៀវចង់ជិះកម្សាន្តដោយឱ្យម្ចាស់ទូករៀបចំម្ហូបអាហារ គ្រឿងភេសជ្ជៈ គ្រឿង ស្រវឹងឱ្យ ត្រូវឱ្យដឹងមុន៤ ឬ៥ម៉ោងមុន ទើបម្ចាស់ទូកអាចចាត់ចែងតាមកម្មវិធីបាន។ លោក បានលើកឡើងថា សម្រាប់គោលដៅសំខាន់ៗដែលភ្ញៀវទេសចរអាចជិះទូកទៅកម្សាន្តបាន មានដូចជា ភូមិនេសាទ ភូមិបណ្តែតទឹក ភូមិខ្មែរ ភូមិតម្បាញសូត្រ ឬអាចទៅទស្សនារបាំអប្សរា សាលារៀន និងវត្តអារាមនៅតាមបណ្តោយទន្លេមេគង្គជាដើម។ លោកបានបន្ថែមថា ទាក់ទងតម្លៃសេវាកម្មជិះទូកទេសចរណ៍នេះអាចមានការប្រែប្រួលខុសគ្នាតិចតួចអាស្រ័យលើការចរចារវាងម្ចាស់ទូក និងភ្ញៀវនិយាយគ្នាមុនចេញដំណើរ។ភ្ញៀវទេសចរដែលបានជិះទូកកម្សាន្តនៅមុខព្រះបរមរាជវាំងបានសម្តែងអារម្មណ៍រីក រាយទៅនឹងសម្រស់ដ៏ត្រកាលនៃភ្លើងចម្រុះពណ៌ភ្លឺចិញ្ចែងចិញ្ចាចនៅតាមសួនច្បារអមច្រាំងទន្លេ និងអគារស្កឹមស្កៃនៅម្ខាងត្រើយខាងកើត និងខាងលិច ព្រមទាំងភាពស្រស់ បំព្រងនៃតំបន់កោះពេជ្រ។ អង្គុយក្រេបស្រាក្រហម ក្រោមពន្លឺភ្លើងអំពូលរាត្រី ក្រោយព្រះសុរិយាអស្តង្គត ក្រាលគ្របដោយស្បៃអន្ធកា លោកស្រី ផល ស៊ុនណារី បានរាំកាច់ចង្កេះញាក់តាមចង្វាក់ភ្លេងធុងបាស់លើទូក បាននិយាយប្រាប់មិត្តភក្តិថា អ្នកស្រី សប្បាយចិត្តណាស់ ដោយបានស្រូបយកខ្យល់ធម្មជាតិពិតៗប្លែកអារម្មណ៍តែម្តង ខុសពីការកម្សាន្តជួបជុំមិត្តភក្តិក្នុងហាងទំនើបលើគោកដែលប្រើម៉ាស៊ីនត្រជាក់។ លើសពីនេះទៀត លោកស្រីបាន ទស្សនាទេសភាពតាមដងទន្លេសាបមុខព្រះបរមរាជវាំងដែលមានពន្លឺអគ្គិសនីចាំងជះ មកលើ ផ្ទៃទឹកដែលនាំចិត្តលោកស្រីនឹកដល់ការរៀបចំខួបកំណើតឱ្យស្វាមីនៅលើទូកនាពេលណា មួយទៀតផង។

ចំណែក លោក ឃួន សុភ័ក្រ ជាអ្នកចូលចិត្តជិះទូកលេងកម្សាន្តដែរនោះបាននិយាយថា លោកតែងទៅជិះទូកកម្សាន្តពេលមានអារម្មណ៍ធុញថប់នឹងការងារច្រើន ព្រោះការជិះទូកលំហែក្រោមជំនោរទន្លេអាចធ្វើឱ្យលោកមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។ អ្នកទេសចររូបនេះបានបញ្ជាក់ថា “និយាយឱ្យចំទៅនៅពេលយើងបានជិះទូកបញ្ហាទាំងឡាយដែលយើងបានគិតក្នុងខួរក្បាយបានរសាយ និងបានមើលទេសភាព ទិដ្ឋភាពនៃការអភិវឌ្ឍរាជធានី ភ្នំពេញ ដែលនឹងធ្វើឱ្យយើងរសាយមួយកម្រិតដែរ”។

កញ្ញា អឿ សាយន្ត ក៏បានរៀបរាប់ដែរថា ការជិះទូកកម្សាន្ត គឺពិតជាប្លែក អារម្មណ៍ និងប្លែកភ្នែកជាងដំណើរកម្សាន្តផ្លូវគោក ដោយយើងបានមើលឃើញពីជីវៈចម្រុះនៅតាមដងទន្លេ និងជីវភាពប្រជាជនរស់តាមដងទន្លេ ត្រជាក់ស្រួល បែបលក្ខណៈបណ្តែតអារម្មណ៍ ស្រូបខ្យល់អាកាសធម្មជាតិ មិនមានផ្សែងពុល។ កញ្ញាបានបន្ដថា នេះជាដំណើរកម្សាន្តបែបអេកូទេសចរណ៍ ហើយមិនសូវជាមានឱកាសបានទៅច្រើនដងដូចផ្លូវគោកទេ ជាពិសេសបាន ឃើញពីការនេសាទ និងសត្វស្លាបរស់នៅតាមតំបន់ទន្លេ។ កញ្ញាបានបន្ដទៀតថា “ការជិះទូកកម្សាន្ដនេះគឺវាបានផ្ដល់នូវភាពសប្បាយ និងមានសុវត្ថិភាពជាងដំណើរកម្សាន្តតាមផ្លូវគោក ដែលអាចធ្វើកម្មវិធីជប់លៀង រាំច្រៀង ផឹកស៊ី អាំងសាច់ និងផ្តល់ភាពងាយស្រួលច្រើន”។

តែទោះបីយ៉ាងណាក៏ដោយ ការធ្វើដំណើរកម្សាន្ដតាមទូកទេសចរណ៍នៅមុខព្រះបរម រាជវាំងនេះ គឺជាការផ្ដល់នូវជម្រើសបន្ថែមទៀត ក្រៅពីការដើរទស្សនាកម្សាន្ដនៅតាមទីកន្លែងផ្សេងៗក្នុងរាជធានីភ្នំពេញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិក្នុងការទស្សនាកម្សាន្ដតាម ដងទន្លេងសាប និងដងទន្លេមេគង្គ ដើម្បីគយគន់មើលទេសភាព និងសម្រស់ដ៏ស្រស់ត្រកាល នាពេលរាត្រី របស់រាជធានីភ្នំពេញ។

កញ្ញា អៀង ចន្ធូ ជាអ្នកមកពីខេត្តបាត់ដំបងកំពុងធ្វើការនៅរាជធានីភ្នំពេញបានកត់សម្គាល់ផងដែរថា កញ្ញាចូលចិត្តជិះទូកកម្សាន្តនៅមុខព្រះបរមរាជវាំងព្រោះមានអារម្មណ៍ត្រជាក់ពេលរាត្រី អមជាមួយតន្រ្តីនៃទឹករលកតិចៗ ហើយខ្យល់ពេលប៉ះលើស្បែកគឺត្រជាក់មិនស្អិតដូចខ្យល់សមុទ្រ។ កញ្ញាបានបន្ថែមថា ពេលនៅលើទូកហើយសម្លឹងទៅលើផ្ទៃទឹកមានអារម្មណ៍ថាពិតជាល្វឹងល្វើយ បែបរ៉ូមែនទិកតាមដំណក់របស់ទឹករលកហើយស្ងប់ស្ងាត់ដោយគ្មានការប្រកួតប្រជែងពីយានជំនិះដទៃ និងមិនស្ទះចរាចរណ៍នោះឡើយ។
កញ្ញាបានបញ្ជាក់បន្ថែមថា “ពេលជិះទូកលេងខ្ញុំអត់មានអារម្មណ៍ងងុយគេងដូចពេលជិះឡានទេ គឺដោយសារលង់ជាមួយនឹងសម្រស់រុក្ខជាតិប្លែកៗ ព្រមទាំងអគារ និងរថយន្តធំ ហាក់ ប្រែជាតូចៗរត់តាមក្រសែភ្នែកទៅតាមល្បឿនរបស់ទូក”។

ទាក់ទងនឹងបញ្ហានេះដែរ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)ឱ្យដឹងថា ទូកទេសចរណ៍មានការចាប់អារម្មណ៍ ចង់ ជិះលេងកម្សាន្ដទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិពេលដែលពួកគេមកលេងរាជធានីភ្នំពេញ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានគូសបញ្ជាក់ដែរថា ទូកទេសចរណ៍ទាំងនេះក៏ជាផ្នែកមួយនៃការទាក់ទាញវិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ៕

ដោយ គង់ សិរីរ័ត្ន