មន្ត្រីក្រសួងទេសចរណ៍ ១០០នាក់ ទទួលបានការបណ្ដុះបណ្ដាលរបៀបរបបរដ្ឋបាល និងជំនាញនានាជាច្រើនទៀត ដើម្បីអនុវត្តការងារឱ្យចំគោលដៅ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត 17 06 2019

MC៖ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ចំនួន ១០០នាក់ បានទទួលការបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងប្រសិទ្ធភាពការងារ» រយៈពេល៤ថ្ងៃ ព្រមទាំងបានទទួលបាននូវអនុសាសន៍ របៀបរបបរដ្ឋបាល និងជំនាញនានាជាច្រើនទៀតពីសំណាក់ថ្នាក់ដឹកនាំ តាមនាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ដើម្បីឱ្យមន្ត្រីយកទៅអនុវត្តចំគោលដៅការងាររបស់ខ្លួន។

វគ្គបណ្ដុះបណ្ដាល៤ថ្ងៃនេះ បានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ហើយពិធីបិទវគ្គបណ្ដុះបណ្ដាល ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែមិថុនា ក្រោមអធិបតីភាពឯកឧត្តម គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)

ឯកឧត្តម គង់ សុលីដា ក៏បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ពិតជាទទួលបាននូវចំណេះដឹង បទពិសោធន៍ និងទស្សនទានថ្មីៗបន្ថែមលើអ្វីដែលមានស្រាប់ពាក់ព័ន្ធនឹងរបត់ការងារប្រចាំថ្ងៃនៅតាមអង្គភាពរបស់ខ្លួន។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗ រួមមាន៖

* ត្រូវគោរពសិទ្ធិ និងកាតព្វកិច្ចមន្រ្តីរាជការ ដែលមានចែងក្នុងខ្លឹមសារនៃច្បាប់ស្ដីពីសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិលនៃកម្ពុជា។

* បន្តការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងការវិវត្តរបស់សង្គម។

* ត្រូវប្រើប្រាស់ចំណេះដឹង បទពិសោធន៍ និងសមត្ថភាពការងារដែលមានស្រាប់ឱ្យចំគោលដៅ និងអភិវឌ្ឍសមត្ថភាពការងារថ្មីៗបន្ថែមទៀត។

* ត្រូវមានស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អ ជាមួយថ្នាក់ដឹកនាំ សហការី និងមន្ត្រី។

* ក្នុងនាមជាមន្ត្រីរាជការ ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍សាធារណៈ ផលប្រយោជន៍អង្គភាព និងផលប្រយោជន៍របស់មន្រ្តីរាជការ។

* ត្រូវប្រកាន់នូវគោលជំហរជាមន្ត្រីល្អ មន្ត្រីគំរូ ដើម្បីបម្រើអង្គភាព ប្រទេសជាតិ និងមាតុភូមិកម្ពុជា៕