ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលើកឡើងថា វិស័យកីឡារួមចំណែក​​លុបបំបាត់ផ្សែងបារី

វិទ្យុជាតិកម្ពុជា៖ លោកជួន បូណា

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា វិស័យកីឡា​​រួមចំ​ណែក​​​សំខាន់​​លុបបំបាត់ផ្សែងបារីដើម្បីលើកកម្ពស់បរិស្ថានគ្មា​នផ្សែងបារី  និងលើក​​កម្ពស់សុខ​​​ភាព​សាធារណៈ។

ឯកឧត្តមថោង  ខុន  រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ និងជាប្រធានគណៈកម្មា ធិការ​​ជាតិអូឡាំ​​ពិកកម្ពុជា​មានប្រសាសន៍ថា  កីឡាករគឺជាបុគ្គលគំរូម្នាក់អាចធ្វើឲ្យមានការផ្លាស់​​ប្ដូរផ្នត់​​គំនិតរបស់​​ប្រជាពលរដ្ឋ ជាពិសេស យុវជន ឲ្យឈប់ជក់បារីតាមរយៈបំផុសឲ្យលេងកីឡាគ្រប់ប្រភេទ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទិវារត់ប្រណាំងភ្នំពេញ​ពាក់កណ្ដាល​​ម៉ារ៉ាតុងអន្ដរជាតិ  លើក ទី ៩  កាលពីថ្ងៃទី  ១៦  ខែមិថុនាឆ្នាំ២០១៩  ឯកឧត្តមថោង ខុនមានប្រសាសន៍ថា កីឡាករនៅពេល ត្រូវគេអញ្ជើញ​​ទៅសម្ដែង​មតិយោ​បល់​ចំពោះ​​ក្លឹបកីឡាសម្រាប់យុវវ័យ  និងកុមារ​​គឺ កីឡាករគ្រប់​រូប​​ត្រូវ​ប្រាប់​​ផ្សព្វ​ផ្សាយអំពី​ឥទ្ធិពល​​អាក្រក់​នៃការជក់បារី  ទៅយុវជន ឲ្យដឹងពីបញ្ហានេះ។

 

ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បី លុប បំបាត់ ផលិតផលថ្នាំជក់នេះឲ្យកាន់​​តែមានភាពជោគជ័យនោះ គឺ កីឡាករ  គ្រូបង្វឹក  និងអ្នកគ្រប់គ្រងកីឡាករទាំងអស់  មិន​ត្រូវ​ប្រើប្រាស់ថ្នាំជក់នៅពេលជាប់ពាក់ព័ន្ធជាមួយសកម្មភាពកីឡានោះទេ។

ម្យ៉ាងវិញទៀតធ្វើយ៉ាងណាកុំអោយមានការផ្សាយពាណិជ្ជកម្ម  ការផ្សាយលក់  ការឧបត្ថម្ភ ផលិតផល ថ្នាំជក់  កន្លែង  និង ពេល ប្រកួត កីឡា  ដើម្បី ថែរក្សា ព្រឹត្តិការណ៍ កីឡា អោយមានសុវត្ថិភាព  និងសុខភាពកីឡា  ទស្សនិ​​ជន  មន្រ្ដីកីឡា  និង អ្នកស្ម័គ្រចិត្តដែលត្រូវបានការពារពីគ្រោះថ្នាក់​​ដែលបណ្ដាល​មក​ពីការ​ស្រូបផ្សែងបារី។

សំឡេង៖ «ជាក់ស្តែងកីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញលើកទី៩ ជាកីឡាគ្មានផ្សែងបារី ហើយយើងទាំងអស់គ្នាគាំទ្រកីឡាគ្មានផ្សែងបារី! កីឡានាំមកនៅសុខភាព  បារីបំផ្លាញសុខភាព»។

សូមបញ្ជាក់ថា ការប្រើប្រាស់ផលិតផលថ្នាំជក់បង្កជំងឺរាំរ៉ៃជាច្រើនដល់ទាំងអ្នកជក់ និង​អ្នក​ស្រូប​ផ្សែង​បារីពីគេដូចជា ជំងឺមហារីកសួត ជំងឺផ្លូវដង្ហើម ជំងឺស្ទះសរសៃឈាមបេះដូង ដាច់​សរសៃឈាមខួរក្បាល ចំពោះស្រ្តីមានផ្ទៃពោះដែលស្រូបផ្សែងបារីពីគេបណ្ដាលអោយ កូន​កើត​មុនពេលកំណត់កើតមកមិនប្រក្រតី ឬកើតមកស្លាប់ជាដើម៕